រំភើបមែនទែន! អង្គការ «NASA ទើបទម្លាយវីដេអូ​នៃយាន Horizons ហោះកៀកបំផុតលើភពភ្លុយតូ» បើមិនទស្សនា​ពិតស្តាយក្រោយ! (Video inside)

0

អាមេរិក៖ កាលពីពេល​ថ្មីៗនេះ ទីភ្នាក់ងារអវកាស​អាមេរិក NASA បានបញ្ចេញ​ឃ្លីបវីដេអូមួយ ដែលមើលទៅ​ប្រៀបដូចជាពួកយើង​ កំពុង​តែ​ហោះហើរនៅលើផ្ទៃដី​ដ៏សែនត្រជាក់​ របស់ភព​មិនពេញ​លក្ខណៈ (Dwaft Planet) «ភ្លុយតូ» អ៊ីចឹង​ព្រោះថា វាពិតជាកៀកមែនទែន។ នេះបើ​តាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។

អង្គការ NASA បានឲ្យដឹង​នៅក្នុងសេចក្តី​ថ្លែងការណ៍​របស់ខ្លួនថា «ខ្សែវីដេអូ​ដ៏អស្ចារ្យនេះ ដែលត្រូវ​បានបង្កើត​ឡើង តាមរយៈការប្រើប្រាស់​ទិន្នន័យ​ពីដំណើរផ្សងព្រេង​នៃការហោះ Flyby របស់យាន​អវកាស New Horizons កាលពី​ឆ្នាំ២០១៥នោះ បានផ្តល់​ឲ្យយើងគ្រប់គ្នា​នូវទិដ្ឋភាព​​ថ្មីៗ​ដ៏​អស្ចារ្យ នៃលក្ខណៈសម្បត្តិ​ប្លែកៗ​ជាច្រើន ដែលត្រូវបាន​រកឃើញ និងបានកែប្រែ​ទស្សនវិស័យ​របស់យើង ចំពោះ​ភពភ្លុយតូ​កន្លងមក»។

កាលពីឆ្នាំមុន ក្រុមអ្នកវិទ្យាសាស្រ្ត​របស់​បេសកកម្ម New Horizons បានលាតត្រដាង​ឲ្យដឹងពីលទ្ធផល​របស់ពួកគេ ដែលទទួល​បានពីដំណើរ​​ហោះទៅ​ជិតភពភ្លុយតូ របស់យានអវកាស​​នេះ ហើយ NASA បានពិរពណ៌នា​របកគំហើញថ្មីៗ​ទាំងនោះថា បានកែ​ប្រែទស្សនវិស័យ​របស់​ពួក​គេ​ទាំងស្រុង​តែម្តង ចំពោះភពមិនពេញ​លក្ខណៈនេះ។

ក្រៅពីនេះ​អង្គការ NASA ក៏បានបញ្ចេញ​ឃ្លីបវីដេអូស្រដៀង​គ្នា​នេះអំពី Charon ដែលជា​ព្រះច័ន្ទដ៏ធំបំផុតក្នុង​ចំណោមព្រះច័ន្ទ​ទាំង ០៥ របស់​ភ្លុយ​តូ​ផង​ដែរ ហើយទីភ្នាក់ងារ​អវកាសអាមេរិក បានគូស​បញ្ជាក់ថា ដើម្បីធ្វើឲ្យ​រូបភាពសណ្ឋានដី​របស់ភ្លុយតូ និង Charon មានភាព​ប្រសើរ​ឡើង វីដេអូរបស់ពួកគេ​ត្រូវបានកែសម្រួល និងបំផ្លើសខ្លះៗ។ តួយ៉ាងពណ៌នៃផ្ទៃដី​របស់វត្ថុអវកាស​ទាំងពីរនេះ ក៏ត្រូវបាន​បន្ថែម Effect ផងដែរ ដើម្បីឲ្យពួកវាមើល​ទៅមានភាព​លេចធ្លោឡើង៕

ចែករំលែក