ទប់កម្តៅមិនបានទេ! ទឹកកកប៉ូលរលាយកាន់តែខ្លាំងហើយ ១០០ឆ្នាំទៀតទីក្រុងជាច្រើន នឹងលិចក្នុងទឹកជាមិនខាន!

0

កង់បេរ៉ា៖ បញ្ហាបម្រែបម្រួលអាកាសធាតុ ដែលកើតចេញពីសកម្មភាពរបស់មនុស្ស មានសមត្ថភាពអាចបង្កកម្ពស់នីវ៉ូទឹកសមុទ្រកើនឡើង​យ៉ាងខ្លាំងគួរឲ្យសម្គាល់បាន នៅក្នុងអំឡុងពេល១០០ឆ្នាំមុខ។ នេះបើតាមការអះអាងពីអ្នកវិទ្យាសាស្រ្តផ្នែកអាកាសធាតុម្នាក់ មកពីគណៈ​កម្មាធិការអន្តររដ្ឋាភិបាលស្តីពីបញ្ហាអាកាសធាតុ (IPCC) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។

លោកស្រី Valerie Masson-Delmotte សហប្រធាន​របស់ IPCC បានថ្លែងនៅសាកលវិទ្យាល័យ​ជាតិ​អូស្រ្តាលី (ANU) កាលពី​ពេលថ្មីៗ​នេះថា ឥទ្ធិពល​របស់មនុស្ស​ទៅលើអាកាសធាតុ​ពិភពលោក បាន​ចូលរួម​ចំណែកក្នុងបញ្ហា​ប្រែប្រួល​កម្តៅ នៃផ្ទាំងទឹកកកយក្សធំៗ នៅឯកោះយក្ស​ Greenland ខណៈប្រការ​នេះហើយ ដែលកំពុង​តែជះផលប៉ះពាល់​ដល់កម្រិត​នីវ៉ូទឹកសមុទ្រ នៅលើ​ពិភពលោក។ លោក​ស្រី Masson-Delmotte បាន​និយាយថា «ការកើនឡើង​នៃកម្ពស់ទឹកសមុទ្រ​ បានកើនឡើង​ខ្លាំង​គួរឲ្យកត់​សម្គាល់ ក្នុងពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅនេះ ភាគច្រើន​​គឺ​ដោយសារ​តែ ការរលាយផ្ទាំង​ទឹកកក​ធំៗ​នៅ Greenland។

អ្នកវិទ្យាសាស្រ្ត​រូបនេះ បានបន្តថា «ការកើនឡើង​កម្តៅនៃស៊ីតុណ្ហភាព នៅពីលើផ្ទាំង​ទឹកកកនៅ Greenland មានការ​ពាក់ព័ន្ធ​យ៉ាងខ្លាំង ជាមួយ​ឥទ្ធិ​ពល​​មនុស្ស​​ទៅ​លើ​ប្រព័ន្ធ​​អាកាស​ធាតុ។ ជាមួយគ្នានេះការកើនឡើង​នៃកម្ពស់​នីវ៉ូទឹកសមុទ្រ កំពុងតែបង្ក​ឲ្យ​តំបន់ឆ្នេរនានា ប្រឈមមុខ​នឹងហានិភ័យ​ខ្លាំង​នៃ​ការ​លិច​លង់​»។ គួរបញ្ជាក់ថា កោះទឹកកក Greenland គឺជាកម្មសិទ្ធិរបស់ប្រទេសដាណឺម៉ាក ដែលមានព្រំប្រទល់ជាប់ប្រទេស​កាណាដា។ វាជាកោះទឹកកកយក្ស ស្តុកទឹកកកភាគច្រើនផងដែរនៅលើភពផែនដីនេះ៕

ចែករំលែក