បកទៅឆ្នាំ១៩៦៩! តើអង្គការ NASA រៀបចំបញ្ជូនយាន និងមនុស្សទៅឋានព្រះច័ន្ទដូចម្តេច? មាន ០៤ចំណុចធំៗ ដែលលោកអ្នកនឹកស្មានមិនដល់!

0

បរទេស៖ គិតមកទល់ពេលនេះ​វាមានរយៈពេល ៤៨ឆ្នាំហើយ ចាប់តាំងពី​មនុស្សលោក​យើង បានបញ្ជូនមនុស្ស​ដំបូងគេបង្អស់ ឲ្យទៅកាន់​ផ្ទៃ​​ឋាន​ព្រះច័ន្ទ​កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ នៅពេល​ដែលអវកាសយានិក​អាមេរិក លោក Niel Armstrong បានឈាន​ជើងជាន់លើ​ព្រះច័ន្ទ ដោយនិយាយថា «ការបោះជំហាន​ដ៏តូចមួយ​សម្រាប់បុរស គឺជាការលោតផ្លោះ​ដ៏ធំសម្បើមមួយ​សម្រាប់មនុស្ស​លោក»។

ដោយឡែក​ទោះបី​ជា​មានអាយុកាលជិត​កន្លះសតវត្សរ៍ទៅហើយនោះ ចាប់តាំងតែ​ពីព្រឹទ្ធការណ៍​ជាប្រវត្តិសាស្រ្តនេះ បានកើតឡើង​ក៏ដោយនោះ អង្គការ NASA, ISRO (របស់ឥណ្ឌា), រួមទាំងទីភ្នាក់ងារ​ដទៃៗទៀត ពុំទាន់បាន​បង្កើត ឬសម្រេចបានអ្វីផ្សេង ដែលមាន​ភាពអស្ចារ្យ​ដូចកាលដែល​បេសកកម្ម​នេះបានប្រព្រឹត្ត​ទៅនោះឡើយ។ ខាងក្រោមនេះ​គឺជារឿងមួយ​ចំនួន ដែលអ្នកគួរតែ​ដឹងថា តើហេតុអ្វី បានជា​បេសកកម្ម អាប៉ូឡូ១១ (Apollo 11) គឺជាភាព​ជោគជ័យដ៏សំខាន់​បំផុត នៅក្នុងដំណើរ​ផ្សងព្រេង​របស់មនុស្ស​លោក ទៅកាន់​ទីអវកាស។ នេះបើតាម​ការចេញផ្សាយ​ដោយ ​សារព័ត៌មាន India Times នៅព្រឹក​ថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧។

១៖ យានចុះចត​សម្រាប់នាំយក​ក្រុមអវកាស​យានិក ទៅកាន់​ផ្ទៃឋានព្រះច័ន្ទ តាមពិត​មិនត្រូវបាន​ឆ្លងកាត់ ការធ្វើតេស្ត​សាកល្បងច្រើន​នោះឡើយ

. យាន​ចុះចត LM ដែលអង្គការ NASA បានប្រើប្រាស់សម្រាប់​បេសកកម្ម Apollo 11 បើតាមពិត​ទៅគឺជាយាន​ដំបូងគេ ដែលត្រូវបានរចនា​ឡើង ដើម្បី​ធ្វើប្រតិបត្តិការ​នៅកន្លែង​ផ្សេង ក្រៅពីភព​ផែនដី ឬមួយក៏​គន្លងគោចរ​របស់យើង។ វាមាន​ប្រព័ន្ធនាំ​ផ្លូវដោយស្វ័យប្រវត្តិ តែក្រុមអវកាស​យានិក នៅ​លើនោះ អាចធ្វើការ​បញ្ជាបាន ដូចដែល​អ្វីដែល​លោក Neil Armstrong បានធ្វើកាល​ពីអំឡុង​បេសកកម្មនេះ ដើម្បីបញ្ចៀស​យាន LM គេចចេញ​ពី​​​បណ្តុំដុំថ្ម ដែលវាបាន​សំដៅទៅរក។ វាគឺជាការហោះហើរត្រឹមតែលើកទីបីប៉ុណ្ណោះ សម្រាប់យាន LM ដែលផ្ទុក​មនុស្ស​នៅលើ​នោះ។

២៖ ប្រព័ន្ធនាំផ្លូវរបស់​យាន​ចុះចត LM (Lunar Module) ដំណើរការ​លើប្រព័ន្ធកុំព្យូទ័រ​មានអង្គចងចាំ (Memory) តែ ៦៤គីឡូបៃ (KB) ប៉ុណ្ណោះ

 

. ប្រព័ន្ធ​កុំព្យូទ័រ​​ទាំងនេះ​ត្រូវបាន​ផលិតឡើង សម្រាប់​កម្មវិធី​អវកាស Apollo ដោយ​មានមួយគ្រឿង​បំពាក់ទៅក្នុង ប្រព័ន្ធបញ្ជា​របស់យាន​អវកាសធំ CM (Command Module) និងមួយគ្រឿង​ទៀតទៅក្នុង​យានចុះចត LM។ ប្រព័ន្ធកុំព្យូទ័រ​ទាំងពីរនេះ បានផ្តល់​ឲ្យនូវទាំង​ការគណនាផ្សេងៗ និង​ផ្ទាំង​​អេ​​​ឡិចត្រូនិច ដើម្បីបញ្ជា​យានទាំងនេះ រួមទាំង​សម្រាប់ការនាំ​ផ្លូវ និងការធ្វើចលនា។ ប្រព័ន្ធកុំព្យូទ័រ​សម្រាប់បេសកកម្ម​អាប៉ូឡូ (AGC) មាន​សមត្ថ​ភាព​​ប្រតិបត្តិការ ប្រហាក់ប្រហែល​នឹងប្រភេទ​កុំព្យូទ័រផ្ទាល់ខ្លួន ដែលមានវត្តមាន​នៅពេលមួយ​ទសវត្សរ៍​ក្រោយមក ដូចជា​កុំព្យូទ័រ Apple II របស់​ក្រុម​ហ៊ុន​បច្ចេកវិទ្យា Apple ជាដើម។ AGC មានអង្គចង​ចាំ​ប្រហែល ៦៤គីឡូបៃ និងធ្វើប្រតិបត្តិការ​នៅក្នុង​ល្បឿ ០.០៤៣មេហ្គាហឺត (MHz)។ ដូច្នេះវា​​មាន​ន័យថា ស្មាតហ្វូន​របស់យើងរាល់​គ្នានាពេល​បច្ចុប្បន្ននេះ គឺមានសមត្ថភាព​ខ្លាំងក្លាជាង​ប្រព័ន្ធកុំព្យូទ័រ ដែលជួយនាំ​យកមនុស្ស ទៅ​កាន់​ឋាន​​ព្រះ​​ច័ន្ទ​​​ដាច់ឆ្ងាយតែម្តង។

៣៖ លោកស្រី Margaret Hamilton ជាអ្នកវិទ្យាសាស្រ្តកុំព្យូទ័រដំបូងគេ ដែលនៅពីក្រោយការសរសេរ Code សម្រាប់ប្រព័ន្ធ​កុំព្យូរទ័រ​បេសកកម្ម Apollo 11

. នៅពេល​ដែលលោកស្រី Margaret Hamilton ត្រូវបានចាត់​តាំងឲ្យមើលខុស​ត្រូវលើការ​បង្កើត Program សម្រាប់ប្រព័ន្ធ​ហោះហើរ​នៃបេសកកម្ម Apollo 11 កាលពី​ឆ្នាំ១៩៦៥ លោកស្រី​បានជួបប្រទះ​ ក៏ដូចជាយកឈ្នះបញ្ហាលំបាក​ជាច្រើន។ កាលនោះមិនត្រឹមជា​សម័យកាល ដែល​ស្រ្តី​ភេទ នៅក្នុង​ការងារផ្នែក​បច្ចេកទេស តែងតែបាន​ទទួលរងការស្តី​បន្ទោសធ្ងន់ៗ​នោះឡើយ តែក៏ជា​ពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា​កុំព្យូទ័រ ដូចជា Microsoft មិនទាន់បា​នចាប់កំណើត​ផងដែរ។ ដូច្នេះហើយ ពុំមាន​កម្មវិធី Software អ្វីទាំងអស់ ដើម្បីប្រើប្រាស់​ក្នុងការ​សរសេរ Code សម្រាប់​ប្រព័ន្ធ​នៅលើយាន​អវកាសនេះ។ ផ្ទុយទៅវិញ​លោកស្រី Hamilton និងក្រុម​ការងារ បានចំណាយ​ពេលវេលាអស់ជាច្រើន ដើម្បីសរសេរ Code ទាំង​នោះ​ដោយដៃ​ផ្ទាល់ ហើយបង្កើត និងចងក្រងជា​បន្ទះ Punch Card ដែលត្រូវ​តភ្ជាប់ដោយ​ខ្សែភ្លើង​ ទៅក្នុងប្រព័ន្ធ​កុំព្យូទ័របស់ Apollo 11។ លោកស្រី Hamilton គឺជាអ្នកវិទ្យាសាស្រ្ត​កុំព្យូទ័រដំបូងគេ នៃជំនាញ​ផ្នែកវិស្វកម្ម Software ពោលគឺមុន​ជំនាញនេះ ត្រូវបាន​បង្កើត​ឡើង​ទៅទៀត។

៤៖ បេសកកម្ម Apollo 11 ទាមទារ​ឲ្យមានសម្លៀក​បំពាក់អវកាស​ច្រើនឈុត

 

. ឈុតអវកាស​របស់អង្គការ NASA នៅសព្វថ្ងៃនេះ ត្រូវបានបង្កើត​ឡើងដោយ​បច្ចេកទេសខ្ពស់ ដែលពួកវា​អាចការពារក្រុម​អវកាសយានិក ឲ្យមាន​សុវត្ថិភាព​បាន នៅគ្រប់ដំណាក់​កាល​នៃបេសកកម្ម​របស់ពួកគេ។ ផ្ទុយទៅវិញ​កាលពីអំឡុង​បេសកកម្ម Apollo 11 ក្រុមអវកាស​យានិក ត្រូវតែមាន​​ឈុតខុសៗគ្នា ដើម្បីឲ្យសមស្រប​ទៅនឹងដំណាក់កាល​នីមួយៗ។ បេសកកម្ម Apollo 11 តម្រូវឲ្យមាន​សម្លៀកបំពាក់អវកាស​ដល់ទៅ ១៥ឈុត ដោយសរុប ០៩ឈុត គឺសម្រាប់លោក Neil Armstrong, លោក Buzz Aldrin, និងលោក Michael Collins និងសល់ប៉ុន្មាន​ទៀតសម្រាប់​ក្រុមអវកាស​យានិក​បម្រុង។ ក្នុងចំណោមនោះ ឈុតអវកាស​មួយសម្រាប់ការ​ហោះហើរ, ឈុតមួយ​ទៀតសម្រាប់​ការហ្វឹកហ្វឺន, និងឈុតចុងក្រោយ​គឺសម្រាប់​​ទុកបម្រុង ហើយឈុត​ទាំងនោះមានច្រើន​ស្រទាប់ ហើយក្រាស់ៗ​ខ្លាំងថែមទៀត​ផង។

គួរបញ្ជាក់ថា ស្របពេលដែល​មនុស្សលោកយើង កំពុងខិតខំត្រៀម​ខ្លួនដើម្បីឈានជើង​ទាំងពីរ ឈាន់លើផ្ទៃ​នៃភពព្រះអង្គារ (Mars) នោះ សូមកុំ​ភ្លិចពី​កិច្ចខិត​ខំប្រឹងប្រែង ដែលបានជួយនាំ​យកពួកយើង​ឲ្យទៅដល់​ឋានព្រះច័ន្ទ៕

ចែករំលែក