តោះៗ! មើលទីក្រុងអវកាស​ដែល NASA ធ្លាប់ស្រមៃថា ថ្ងៃមួយនឹងអាចបង្កើតឡើង! តើបងប្អូនទាំងអស់គ្នា ចង់ឲ្យវាកើតឡើងដែរ ឬទេ? (Photos inside)

0

អាមេរិក៖ ភាពស្រមើស្រមៃ​អំពីទីអវកាស ពិតជាគ្មានដែនកំណត់ឡើយ ដែលពេលខ្លះវាស្ទើរតែនាំឲ្យមនុស្ស​ទាំងអស់យល់ថា មិនអាចកើត​ឡើងទៅបាន ទោះបីជារាប់រយ ឬរាប់ពាន់ឆ្នាំទៅមុខទៀតក៏ដោយ ប៉ុន្តែ​សម្រាប់​រូបភាពទាំងប៉ុន្មានខាងក្រោមនេះ វាហាក់ដូចជាមិនពិបាកខ្លាំងក្នុងការឲ្យកើតមានឡើងនោះឡើយ ប៉ុន្តែ​សម្រាប់​មនុស្ស ឬក្រុមណាមួយដែលចង់បង្កើតទីក្រុងអវកាសមួយនេះឡើង ពួកគេត្រូវតែប្រាកដ​ច្បាស់ក្នុងចិត្តថា មានបច្ចេកវិទ្យាដែលអាចធានា​សុវត្ថិភាពកម្រិតខ្ពស់ និង​ហិរញ្ញវត្ថុ​ដ៏មហាសាល​គ្រប់គ្រាន់​សម្រាប់បញ្ចប់​គំរោងដ៏​មហិមានេះ។

 

ជាការពិត​ណាស់ បណ្តារូបភាព​ខាងក្រោមនេះ គឺវាកើតមានឡើងតាំងតែពីអំឡុង​ទសវត្សរ៍ឆ្នាំ១៩៧០មកម្ល៉េះ គឺក្រោយពី NASA បានសម្រេចជោគជ័យ​នៃការនាំមនុស្ស ឡើងទៅលើឋានព្រះច័ន្ទ ដែលកាលណោះ​​មនុស្ស​ពិតជាមានមោទនភាព ​លើសមត្ថភាពរបស់ខ្លួន​យ៉ាងពិតប្រាកដ ហើយវាក៏ធ្វើឲ្យពួកគេកាន់តែបង្កើនមហិច្ឆតា តាមរយៈ​ការបង្កើតគំរោង និងក្តីស្រមើស្រមៃថ្មីៗ ប្រកបដោយភាពអស្ចារ្យស្ទើរនឹកស្មានមិនដល់ផងដែរ។

និយាយអំពីទីក្រុង​អវកាសចល័ត ឬនាវាអវកាស​ដ៏មហិមានេះវិញ វាគឺជាគំរោង​ដែលគ្មានប្រទេសណា​មួយ​អាច​សម្រេចបានតែឯង​នោះឡើយ ដោយសារតែភាពធំធេង​របស់វា។ ទីក្រុងអវកាសនេះ ត្រូវការយកធនធាន​ទាំងអស់​ដែលយកចេញពីផែនដី ដើម្បីទៅកសាងមូលដ្ឋានបន្តិចម្តងៗនៅទីអវកាស។ វានឹងត្រូវបូករួមទាំងប្រព័ន្ធការពារ​រលកវិទ្យុសកម្មពីព្រះអាទិត្យ, ផ្ទៃដីសម្រាប់ដាំដុះ, គ្រឿងសំណង់សម្រាប់កសាងមូលដ្ឋាន និងលំនៅឋាន, ព្រមទាំងបច្ចេកវិទ្យា​ដែលអាចបង្កើតជាទំនាញ​នៅលើនោះផ្ទាល់ បូករួមនិងថាមពលសម្រាប់​ប្រើប្រាស់​ប្រកបដោយចីរភាព។

ទោះបីជាបែបនេះក្តី គំនិតខាងលើនេះ ហាក់កាន់តែសាបរលាបពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែ​មនុស្ស​មិនអាចមាន​ធនធានគ្រប់គ្រាន ហើយវាក៏គ្មានភាព​ចាំបាច់អ្វី ដែលត្រូវទៅ​ចំណាយធនធាន​ដ៏មហិមាក្នុងការ​បង្កើតទីក្រុងអវកាសនោះ​ឡើងដែរ។ វាគ្រាន់តែជាការស្រមៃ​របស់ក្រុមអ្នក​វិទ្យាសាស្ត្រ ដើម្បីរក្សាពូជពង្ស​មនុស្សលោក ក្នុងករណីដែល​ផែនដី​នឹងត្រូវរលំរលាយ​ប៉ុណ្ណោះ៕ ប្រភព៖ Business Insider

ចែករំលែក