អស្ចារ្យមែន! ប្រទេសចិន «ជ្រើសរើសយកខេត្តមួយ ដែលមានសណ្ឋានស្រដៀងនឹងភពអង្គារ» ដើម្បីធ្វើការបង្កើតមូលដ្ឋានសិប្បនិមិត្ត!

0

ប៉េកាំង៖ ចិនគ្រោង​នឹងបង្កើតមូលដ្ឋាន​ ដែលស្ថិតក្នុង​លក្ខខណ្ឌ​ស្រដៀងនឹង​ភពអង្គារ (Mars) ដំបូងបំផុត​របស់ខ្លួន នៅខេត្ត Qinghai ភាគពាយ័ព្យ​​នៃ​ប្រទេស​ ដើម្បីលើកកម្ពស់​ការសិក្សាអប់រំផ្នែកអវកាស និងវិទ្យាសាស្រ្ត ក៏ដូចជា​ក្នុងគោលបំណង​ជំរុញវិស័យទេសចរណ៍ ​ក្នុងតំបន់ថែមទៀត។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។

មូលដ្ឋានខាងលើ នឹងមានទីតាំង​នៅជ្រលងក្រហម​នៃតំបន់ដីសណ្តរ Qaidam ក្នុងខេត្តស្វយ័ត Haixi ភាគកណ្តាល​ប្រទេសចិន។ យោងតាមសេចក្តី​រាយ​ការណ៍របស់ ទីភ្នាក់ងារសារព័ត៌មានចិន ខេត្ត Haixi គ្របដណ្តប់​ទៅលើវាលខ្សាច់​ទំហំជាង ៩៥,០០០គីឡូម៉ែត្រក្រឡា និងមានលក្ខខណ្ឌ​សណ្ឋានដី រួម​ទាំងបរិស្ថាន​ធម្មជាតិស្រ​​ដៀង​ទៅនឹង​ភពព្រះអង្គារ។ ជាមួយគ្នានេះ​មូលដ្ឋាននេះ នឹងចែកចេញ​ជាពីរតំបន់ រួមមាន «សហគមន៍​ភពអង្គារ» និង «ទីតាំង​បោះតង់​ភពអង្គារ» ដែលនឹងតភ្ជាប់គ្នា​ដោយផ្លូវ​មួយខ្សែ ក៏ប៉ុន្តែមើល​ពុំឃើញពីគ្នា​នោះឡើយ។

ពាក់ព័ន្ធនឹង​រឿងនេះ លោក Liu Xiaoqun ប្រធាននាយកដ្ឋាន​រុករកទីអវកាស និងឋានព្រះច័ន្ទ នៃបណ្ឌិតសភា​វិទ្យាសាស្រ្តចិន​បានលើកឡើងថា «ក្នុង​នាម​ជាប្រភេទ​ដំបូងគេ​បំផុត មូលដ្ឋាន​ភពអង្គារនេះ នឹងបំពេញ​ចន្លោះ​ប្រហោងនានា នៅក្នុងការសិក្សាអប់រំ​ផ្នែកវិទ្យាសាស្រ្ត​ជាក់ស្តែង ដែលរួមបញ្ចូល​គ្នានូវមុខវិជ្ជា​ជាច្រើនដូចជា អវកាស, តារាសាស្រ្ត, ជីវវិទ្យា, ឧតុនិយម, និងថាមពល»។

ជាងនេះទៅ​ទៀត​មូលដ្ឋាន ដែលស្ថិតនៅក្បែរគោលដៅ​ទាក់ទាញភ្ញៀវទេសចរ​​ជាច្រើននេះ នឹងត្រូវប្រែក្លាយ​ទៅជា មូលដ្ឋានបទ​ពិសោធន៍​វប្បធម៌​ និង​ទេសចរណ៍​ ដែលរួមបញ្ចូល​នូវវិទ្យាសាស្រ្ត, វិទ្យាសាស្រ្តប្រឌិត, ធម្មជាតិ, ប្រព័ន្ធ​ជីវចម្រុះ, និងវប្បធម៌។

យ៉ាងណាមិញ បើតាមលោក Jiao Weixin សាស្រ្តាចារ្យ​ផ្នែកវិទ្យាសាស្រ្ត​អវកាស នៃសកលវិទ្យាល័យ Peking បាន​លើកឡើងថា ទោះបីជា​ទម្រង់ដី​ប្រភេទ Yardang នៅខេត្ត Haixi មានភាព​ប្រហាក់ប្រហែល​ទៅនឹងសណ្ឋានដី​​របស់ភពអង្គារ​ក៏ដោយ ប៉ុន្តែពួកវា​ទៅតែមាន​ភាពខុសគ្នាឆ្ងាយ។ លោក Jiao លើ​បញ្ជាក់ដូច្នេះថា «បើនិយាយពី​រឿងបរិយាកាស, ដែនម៉ាញេទិច, និងកម្លាំងទំនាញ​វិញនោះ មូលដ្ឋាន​ភពព្រះអង្គារនេះ នឹងជួបប្រទះ​ភាពលំបាក ក្នុងការ​ធ្វើត្រាប់​តាមភពអង្គារ​ផ្ទាល់»។ លោកសាស្រ្តាចារ្យ​រូបនេះ បានបន្ថែមថា «ការសិក្សាស្រាវជ្រាវ​វិទ្យាសាស្រ្តក្នុង​ប្រទេសចិន ពាក់ព័ន្ធ​នឹងភពអង្គារ នៅត្រូវ​ការ​ការសិក្សាស្វែងយល់​ឲ្យកាន់តែច្បាស់ និងស៊ីជម្រៅ​ថែមទៀត»៕

ចែករំលែក