មិនទាន់បាញ់បង្ហោះផង! «កែវយឺតអវកាសថ្មី TESS របស់ NASA ជួបប្រទះបញ្ហាធំមួយ» ប៉ុន្តែការបង្ហោះនៅតែគ្រោងធ្វើ នៅឆ្នាំ២០១៨!

0

វ៉ាស៊ីនតោន៖ ប្រព័ន្ធកាមេរ៉ា​ដែលត្រូវបានបំពាក់​កាលពីពេលថ្មីៗ​នេះ ទៅលើយានអវកាស​មួយគ្រឿង របស់ទីភ្នាក់ងារ​អវកាស NASA ដែល​រចនា​ឡើង ដើម្បី​តាមស្វែងរក​ភពអេលៀន (ភពស្ថិតនៅក្រៅ​ប្រព័ន្ធព្រះអាទិត្យ) នៅក្បែរៗ​យើងនោះ នឹងបាត់កម្រិត Focus បន្តិចបន្តួច​បន្ទាប់ពីវាត្រូវបានបាញ់​បង្ហោះ ​ប៉ុន្តែ​ NASA បាន​អះអាងថា វានឹង មិនជះផលប៉ះពាល់​ដល់ផ្នែកវិទ្យាសាស្រ្ត​នៃបេសកកម្ម​នេះឡើយ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​ សារព័ត៌មាន Space News នៅ​រសៀល​ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧។

កាលពីប៉ុន្មាន​ថ្ងៃមុន​អង្គការ NASA បានបញ្ជាក់​ឲ្យដឹងថា ប្រព័ន្ធ Focus (សម្រាំងរូបភាព) នៃកាមេរ៉ា​ចំនួន ០៤គ្រឿង នៅលើកែវយឺតអវកាស​ Transiting Exoplanet Survey Satellite ហៅកាត់ថា TESS នឹងប្រែប្រួលផ្លាស់ប្តូរ នៅពេលដែលយាន​អវកាសនេះ​ថយចុះ​សីតុណ្ហភាព ឲ្យសមស្រប​សម្រាប់ការធ្វើ​ប្រតិបត្តិការ បន្ទាប់​ពី​ការបាញ់​បង្ហោះកាលពី​ខែមីនា ឆ្នាំ២០១៨ខាងមុខ។


អ្នកនាំពាក្យ​របស់ NASA អ្នកនាង Felicia Chou បានប្រាប់ថា «ការធ្វើតេស្តថ្មីៗ​នេះ​បានបង្ហាញឲ្យ​ឃើញថា កាមេរ៉ាបំពាក់​នៅលើកែវយឺត​អវកាស TESS បានបាត់បង់ Focus បន្តិចបន្តួច នៅពេល​ដែលស្ថិតក្នុង​សីតុណ្ហភាពដ៏ក្តៅនៃលំហកាស ជាទីដែលវានឹងត្រូវបំពេញ​ប្រតិបត្តិការ។ យ៉ាងណាមិញ ក្រោយការ​វាយតម្លៃផ្នែកវិស្វកម្ម​យ៉ាងហ្មត់ចត់ NASA បានសម្មត់​ជាចុងក្រោយ​ថា TESS នឹងអាច​សម្រេចបេសកកម្ម​វិទ្យាសាស្រ្ត​របស់វា​បាន ដោយជោគ​ជ័យ និងពេញលេញ ជាមួយនិងស្ថានភាព​បច្ចុប្បន្ននៃ​កាម៉េរាទាំងនេះ ហើយ TESS នឹងនៅតែបន្តសកម្មភាពរួមបញ្ចូលគ្នានេះ ដោយគ្មានការកែប្រែ​អ្វី​ឡើយ»។

កែវយឺតអវកាស TESS នឹងប្រើប្រាស់កាមេរ៉ាទាំងនោះ ដើម្បីអង្កេតមើលពន្លឺនៃបណ្តាផ្កាយ ដែលកៀកនិងភ្លឺជាងគេ នៅលើផ្ទៃមេឃ តាមរយៈវិធីសាស្រ្ត​ស្រដៀង​ទៅនឹងវិធីសាស្រ្ត​ដែលប្រើប្រាស់ ដោយ Kepler ជាកែវយឺត​អវកាស ត្រូវបានអភិវឌ្ឍន៍​ឡើង ដើម្បីឃ្លាំ​មើលតំបន់​ដ៏ជាក់លាក់មួយ នៃផ្ទៃមេឃ​។ កែវយឺតអវកាស​ទាំងពីរនេះ ត្រូវបានរចនាឡើង ដើម្បីស្វែងរកមើល​ការថយចុះពន្លឺ​នៃបណ្តាផ្កាយ​ទាំងនោះ នៅពេលដែល​មានភពឆ្លង​កាត់ពួកវា។

TESS ត្រូវបានគេកំណត់ថា នឹងមិនទាន់បាញ់​បង្ហោះទៅកាន់​ទីអវកាសនោះឡើយ រហូតទាល់​តែដល់ខែមីនា ឆ្នាំ២០១៨ តាមរយៈគ្រាប់​រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន​អវកាសឯកជន SpaceX។ កែវយឺត​អវកាស TESS នឹងធ្វើប្រតិបត្តិការ​នៅក្នុងគន្លងដ៏ប្លែក ដែលនឹងនាំយកវា​ទៅរយៈចម្ងា​យចន្លោះ​ ១០៨,០០០-៣៧៣,០០០គីឡូម៉ែត្រ ពីភពផែនដី ខណៈបេសកកម្ម​ចម្បងរបស់វា នឹងមានរយៈពេល​ពីរឆ្នាំ៕

ចែករំលែក