សូរ្យគ្រាសថ្ងៃទី២១ ខែសីហា! ភាពងងឹតសូន្យសុង «នឹងគ្របដណ្តប់សហរដ្ឋអាមេរិក» នៅពេល ផែនដី ព្រះច័ន្ទ និងព្រះអាទិត្យត្រួតស៊ីគ្នា!

0

(អាមេរិក)​៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ (ពេលវេលានៅអាមេរិក) មនុស្សនៅ​ទូទាំង​សហរដ្ឋអាមេរិក នឹងមើលឃើញ​ព្រះអាទិត្យលិចបាត់​ទាំងស្រុង នៅពីក្រោយព្រះច័ន្ទ ដែលនឹងប្រែក្លាយ​ថ្ងៃទៅជាយប់ ហើយធ្វើឲ្យ​សីតុណ្ហភាពធ្លាក់ចុះ​យ៉ាងឆាប់រហ័ស និងបញ្ចេញពន្លឺ​ស្រាងៗពាសពេញ​ផ្ទៃមេឃ ជុំវិញព្រះច័ន្ទ​ដ៏ខ្មៅ​ក្រឹប​​ ដោយខណៈ​វេលានោះ សហរដ្ឋអាមេរិក​នឹងធ្លាក់ក្រោមវិថី​នៃសូរ្យគ្រាសដ៏ពេញលេញ​មួយតែម្តង។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌​មាន​ Space.com នៅរសៀលថ្ងៃ​ចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧។

ព្រឹត្តិការណ៍មាន​ឈ្មោះថា Great American Total Solar Eclipse នឹងធ្វើឲ្យផ្ទៃមេឃ​ប្រែក្លាយជា​ពណ៌ខ្មៅ ចាប់តាំងតែ​ពីរដ្ឋ Uregon រហូត​ដល់រដ្ឋ South Carolina នៅលើផ្ទៃដី​ដែលមានទំហំ​មុខកាត់ប្រហែល ១១៣គីឡូម៉ែត្រ ហើយព្រឹត្តិការណ៍​ដ៏កម្របែបនេះ និងជាលើកដំបូង​ក្នុងអំឡុងពេល​មួយសត​វត្សរ៍​​​កន្លងទៅនេះ​ នឹងទាក់ទាញ​មនុស្សរាប់​លាននាក់ទស្សនា។

គួរបញ្ជាក់ថា ហេតុការណ៍​សូរ្យគ្រាសពេញលេញនេះ ដែលនឹងមានរយៈពេល​ត្រឹមតែ ០២នាទីប៉ុណ្ណោះនោះ ត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍ប្រចាំ​ប្រវត្តិសាស្រ្តបាត់រួច​ទៅហើយ ស្របពេល​ដែលមនុស្សដ៏ច្រើន​រហូតដល់ ៧.៥លាននាក់ ត្រូវបានគេរំពឹងថា នឹងទន្ទឹង​រង់ចាំមើល​បាតុភូតអវកាសដ៏​អស្ចារ្យ​​មួយនេះ៕

ចែករំលែក