នៅចុងឆ្នាំ២០១៨ «អង្គការ NASA នឹងបាញ់បង្ហោះ James Webb» ដែលមានសមត្ថភាពគណនា សមាសធាតុផ្សំនៃបរិយាកាសរបស់ភពអេលៀន!

0

(វ៉ាស៊ីនតោន)៖ កែវយឺតអវកាស James Webb របស់ទីភ្នាក់ងារអវកាស NASA បានឆ្លងផុតការ​ធ្វើតេស្តលើកទីមួយ នៃប្រព័ន្ធទាក់ទង​របស់វាយ៉ាង​ងាយ​ស្រួល មុនពេល​វាត្រូវបាញ់​បង្ហោះ ទៅកាន់ទីអវកាស​នាឆ្នាំ២០១៨ ខាងមុខ។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅ​រសៀល​ថ្ងៃ​ពុធ ទី០២ ខែសីហា ឆ្នាំ២០១៧។

យោងតាម​អង្គការ NASA ការធ្វើតេស្តមាន​ឈ្មោះជាផ្លូវការ​ថា Ground Segment Test Number 1 ឬ GSEG-1 បានបញ្ចប់ទៅ​ដោយជោគជ័យ​កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា​កន្លងទៅ ហើយប្រព័ន្ធ​ទាក់ទងរវាងកែវយឺត​ប្រភេទថ្មីនេះ និងមជ្ឈមណ្ឌល​ប្រតិបត្តិការ​បេសកកម្ម​របស់វា បានប្រព្រឹត្តទៅ​តាមការគ្រោង​ទុក​ទាំងអស់។

គ្រោងនឹងត្រូវបាញ់​បង្ហោះចេញ​ពីក្រុង Kourou នៃតំបន់ French Guiana ដែនដីរបស់បារាំង ដែលស្ថិតនៅ​ភាគខាងជើង នៃតំបន់អាមេរិក​ខាងត្បូងនោះ កែវយឺត​អវកាស James Webb នឹងធ្វើដំណើរ​ផ្សងព្រេងដ៏​អស្ចារ្យមួយ ដើម្បីបកស្រាយ​អាថ៌កំបាំងនៃ​ចក្រវាឡ។ យ៉ាងណាមិញ James Webb ដែលត្រូវ​គេចាត់ទុកជាអ្នកស្នងតំណែង​បន្ត ពីកែវយឺតអវកាស Hubble នោះ គឺជាឧបករណ៍​អង្កេតមើលទីអវកាស​ដ៏ទំនើបជាងគេ​បំផុតលើលោក ហើយវានឹង​ត្រូវ​ឆ្លងកាត់ការធ្វើ​តេស្តប្រព័ន្ធទាក់ទង​លើកទីពីរ នៅរយៈពេលមួយខែ មុនកាលបរិច្ឆេទ​នៃការបាញ់បង្ហោះ​របស់វានៅ​ចុងឆ្នាំ២០១៨។

គួរបញ្ជាក់ថា James Webb បានគ្រោងបាញ់បង្ហោះតាំងពីឆ្នាំ២០១៥មកម្ល៉េះ ប៉ុន្តែវាត្រូវបានពន្យាពេលជារឿយៗ ដោយសារតែ NASA ព្យាយាមបំពេញចន្លោះប្រហោងជាច្រើន។ កែវយឺតអវកាស ដែលមានទំហំប៉ុនកូន​ទីលាន​វាយថេនីសមួយនេះ នឹងមានសមត្ថភាពក្នុងការគណនា សមាសធាតុផ្សំ នៃបរិយាកាស​របស់ភព ដែលស្ថិតនៅក្នុង​ប្រព័ន្ធផ្កាយផ្សេង ដែល Kepler ជាអ្នករកឃើញកន្លងមក៕

ចែករំលែក