បើធ្វើបានគឺល្អណាស់! អ្នកធ្លាប់ឡើងឋានព្រះច័ន្ទនិយាយថា «អង្គការ NASA គួរបោះចោលគំរោងធំៗខ្លះ រួចប្រឹងបង្កើនល្បឿននៃការស្រាវជ្រាវភពអង្គារវិញ»

0

អាមេរិក៖ អតីតអវកាសយានិកអាមេរិក លោក Buzz Aldrin បានលើកឡើងថា ទីភ្នាក់ងារអវកាស NASA គួរតែទម្លាក់គម្រោងក៏ដូចជាកម្មវិធីធំៗ​​របស់​​ខ្លួន​ចោល​ខ្លះ​ទៅ ដើម្បីងាកទៅផ្តោតការយកចិត្តទុកដាក់សំខាន់ លើការស្រាវជ្រាវ និងរុករកភពអង្គារ (Mars) វិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Space News នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧។

លោក Aldrin ជាមនុស្សទីពីរ​ដែលបានឈានជើង​ជាន់លើ​ផ្ទៃឋានព្រះច័ន្ទ កាលពីប៉ុន្មាន​ទសវត្សរ៍មុននោះ បាននិយាយថា ស្ថានីយ៍អវកាស​អន្តរជាតិ, កម្មវិធី​អភិវឌ្ឍន៍ និងបង្ហោះ​គ្រាប់​រ៉ុក្កែត, រួមទាំងគម្រោង​យានអវកាស Orion (សម្រាប់ដឹក​ជញ្ជូនក្រុម​អវកាសយានិក​ ធ្វើដំណើរក្នុង​លំហអាកាស) កំពុងតែ​លេបយក​​​កញ្ចប់ថវិកា​​ដែលកំពុងតែខ្វះខាត​របស់អង្គការ NASA ហើយកំពុង​បង្កភាព​រាំងស្ទះ ដល់ទីភ្នាក់ងារ​អវកាសអាមេរិក មិនឲ្យធ្វើអ្វីមួយប្រាកដប្រជាពីបេសសកម្ម​​​បញ្ជូនមនុស្ស ទៅស្រាវជ្រាវ និងរុករកនៅភពព្រះអង្គារ​បាននោះ​ឡើយ។

អតីតអវកាសយានិក​វ័យ ៨៧ឆ្នាំ របស់ NASA រូបនេះ​បានថ្លែងយ៉ាងដូច្នេះថា «យើងនឹង​មិនអាច​សម្រេចអ្វី​បានជាផ្លែផ្កា​ឡើយ ដរាបណាពួក​យើងមិនធ្វើអ្វី​មួយ​ជុំវិញបញ្ហា​ទាំងនេះទេនោះ»។ ជាមួយគ្នានេះ លោក Aldrin ក៏បានអំពាវនាវ​ឲ្យក្រុមប្រឹក្សា​អវកាសជាតិ ធ្វើការបញ្ចុះបញ្ចូល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ផ្តល់ការប្តេជ្ញា​ចំពោះគោលដៅ​ នៃការបញ្ជូនមនុស្ស​ទៅកាន់​ភពអង្គារ​ផងដែរ។

គួរបញ្ជាក់ថា កាលពីខែកក្កដា​កន្លងទៅ ប្រធានផ្នែកមួយ​របស់អង្គការ NASA បានសារភាពថា អង្គការនេះ​ពុំមានលទ្ធភាព នៅក្នុងការនាំ​​មនុស្សទៅភពអង្គារ ដូចគម្រោង​នៅឆ្នាំ២០៣០ នោះឡើយ ដោយសារតែ​ការខ្វះខាតហិរញ្ញ​វត្ថុធ្ងន់ធ្ងរ​ ព្រោះគ្មានការ​ឧបត្ថម្ភជាដុំកំភួនអ្វី ពីសំណាក់​រដ្ឋបាល លោក ដូណាល់ ត្រាំ ដែលប្រការនេះ​បាននាំឲ្យអ្នក​គាំទ្រ​វិស័យបច្ចេកវិទ្យា​​អវកាស​ ខកចិត្តឥត​ឧប​មាតែម្តង៕

ចែករំលែក