ចង់បានប្រាក់ខែជិត ២០ម៉ឺនដុល្លារទេ? ពេលនេះអង្គការ «NASA កំពុងរើសមន្ត្រីការពារភពផែនដី» ជាមួយប្រាក់ខែកប់ពពក!

0

អាមេរិក៖ ប្រសិនបើអ្នកតែងតែមានក្តីស្រមៃ ចង់ថែរក្សាការពារភពផែនដី ពីការឈ្លានពានរបស់អេលៀននោះ​ ឱកាសរបស់អ្នកទំនងជាបានមកដល់ហើយ​។ ទីភ្នាក់ងារអវកាស​អាមេរិក NASA កំពុងស្វែងរកម្ចាស់​មុខតំណែង​ជាមន្រ្តីការពារភព ជាបុគ្គលមួយរូប​ដែលមានតួនាទី ដឹកនាំកិច្ចប្រឹងប្រែងរបស់ NASA ក្នុងការធ្វើយ៉ាងណា​បង្កាមិនឲ្យភពរបស់យើង ទទួលរងការបំពុល​ដោយសរីរាង្គ​មីក្រុបអេលៀន ដែលអាចដោយ​មកតាមយាន​អវកាស និងព្យាយាម​ការពារ​មិនឲ្យយាន​អវកាស ឬក្រុមអវកាស​យានិក​របស់ NASA បំពុលភព​ដទៃផ្សេងទៀត​នៅក្នុងចក្រវាឡ។ នេះបើតាមការ​ចេញផ្សាយដោយ​ វែបសាយវិទ្យាសាស្រ្ត​ Space.com នៅល្ងាចថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០១៧។

ទីភ្នាក់ងារអវកាសអាមេរិក បានគូសបញ្ជាក់ថា ការរក្សាការពារភពផែនដីឲ្យមានសភាពស្អាតជានិច្ច ពីសរីរាង្គមីក្រុបផ្សេងៗ ដែលអាចធ្វើដំណើរមកដល់​ទីនេះ ​តាមរយៈយានអវកាសនាំយកគំរូតាងពីលំហអាកាស ជាដើម គឺជាអាទិភាពខ្ពស់បំផុតយ៉ាងណាក្តី ក៏ប៉ុន្តែកាតព្វកិច្ចនេះ ក៏ត្រូវអនុវត្តន៍ក៏ដូចជាប្រើ​ប្រាស់​ទៅលើវត្ថុអវកាស​រួមទាំងភពដទៃៗ​ទៀត ដែលយានអវកាស​របស់អង្គការ NASA នេះ​ធ្វើដំណើរទៅដល់ផងដែរ។ អ្វីដែលពិសេសជាងនេះ​ទៅទៀត​នោះ គឺប្រាក់បៀវត្សន៍​សម្រាប់តួនាទី ដែលត្រូវបាន​បញ្ជាក់ថា មានចន្លោះពី ១២៤,៤០៦ដុល្លារ រហូតដល់ ១៨៧,០០០ដុល្លារ ក្នុងមួយខែឯណោះ។

គួរបញ្ជាក់ថា ប្រធានបទនៃការការពារភពនេះ កំពុងជំរុញឲ្យ​មានការពិភាក្សាកាន់តែ​ច្រើនឡើងៗ នាពេលបច្ចុប្បន្ន ស្របពេលដែល NASA កំពុង​ខិត​ខំ​ប្រឹង​ប្រែង​​ធ្វើ​យ៉ាង​ណា នាំ​យក​ក្រុម​អវ​កាស​យា​និក​​ទៅ​កាន់​ភព​អង្គារ (Mars) និង​បញ្ជូន​យានរ៉ូបូត​ស្រាវជ្រាវទៅកាន់​បណ្តាទីឋាន ដែល​ទំនង​​អាច​ទ្រ​ទ្រង់​​ជីវិត​​បាន ដូច​ជា​ព្រះច័ន្ទយូរ៉ូប៉ា (Europa) ដែលគេសង្ស័យថា មានផ្ទុកមហាសមុទ្រ នៅជិតភពព្រហស្បតិ៍ (Jupiter) ជាដើម៕

ចែករំលែក