មុខកាត់ ៣០ម៉ែត្រ មិនសូវធំទេ! «អាចម៍ផ្កាយតូចមួយ នឹងហោះមកកៀកផែនដីបំផុត នៅខែតុលាខាងមុខ» ដែលជិតជាងគោចរ​ព្រះច័ន្ទទៅទៀត!

0

(អឺរ៉ុប)៖ បន្ទាប់ពីបានរកឃើញជាលើកដំបូងចាប់តាំងពីឆ្នាំ២០១២​មកម្ល៉េះនោះ អាចម៍ផ្កាយមួយដុំ​មានឈ្មោះថា «TC4» ត្រូវគេព្យាករណ៍​ថា នឹងហោះកាត់ផែនដី​​នៅរយៈចម្ងាយ​ត្រឹមតែ ៤៤,០០០គីឡូម៉ែត្រប៉ុណ្ណោះ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ។ នេះបើតាមការឲ្យដឹង​ពីមន្រ្តីទីភ្នាក់ងារ​អវកាសអឺរ៉ុប ESA ដកស្រង់សម្តីដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។

ចម្ងាយជាង​បួនម៉ឺន​គីឡូម៉ែត្រនេះ មើលទៅហាក់បី​ដូចជាឆ្ងាយខ្លាំង​ណាស់ ក៏ប៉ុន្តែវាជិតជាង​ចម្ងាយរវាងភពផែនដី និងព្រះច័ន្ទ​ដល់ទៅ ០៨ដងឯណោះ ហើយ​ក្រុម​អ្នក​វិទ្យាសាស្រ្ត បានឲ្យដឹងថា អាចម៍ផ្កាយនេះ​នឹងហោះឆ្លងកាត់កៀកយើង នៅក្នុងរយៈចម្ងាយល្មម​ត្រឹមមិនប៉ះជា​មួយផ្កាយរណប ដែលនៅឆ្ងាយជាង​គេ​ប៉ុណ្ណោះ។ លោក Rolf Densing ប្រធាន​មជ្ឈមណ្ឌលប្រតិបត្តិការ​អវកាសអឺរ៉ុប​នៅអាល្លឺម៉ង់ បានឲ្យដឹងថា «វាកៀកខ្លាំង​មែនទែន ខណៈផ្កាយរណបអមផែនដីនៅឆ្ងាយជាង​គេបង្អស់នោះ មានចម្ងាយត្រឹមតែ ៣៦,០០០គីឡូម៉ែត្រ ប៉ុណ្ណោះ»។

 

គួរបញ្ជាក់ថា TC4 ជាមួយមុខកាត់ចន្លោះពី ១៥ម៉ែត្រទៅ ៣០ម៉ែត្រ មានទំហំស្រដៀង​ទៅនឹងអាចម៍ផ្កាយ ដែលបានផ្ទុះនៅលើ​ទីក្រុង Chelyabinsk ប្រទេសរុស្ស៊ី​កាល​ពីឆ្នាំ២០១៣។ ទោះបីជា​អង្គការ NASA បានប៉ាន់ប្រមាណថា អាចម៍ផ្កាយឆ្នាំ២០១៣នោះ មានទម្ងន់​ប្រហែល ៧,០០០តោន ក្រុមអ្នកវិទ្យាសាស្រ្ត​បានអះអាងថា ​វាបានផ្ទុះឡើង​ក្នុងកម្រិតកម្លាំង​ស្មើនឹងគ្រាប់​បែកបរមាណូ ទម្លាក់លើទីក្រុង​ហ៊ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុន​ដល់ទៅ ២០ដង។ យ៉ាងណាមិញ​អាចម៍ផ្កាយ TC4 នឹងមិនបង្កគ្រោះថ្នាក់​ដល់ភពផែនដីនោះឡើយ នៅក្នុងអំឡុង​នៃការហោះ​កាត់របស់វា៕

ចែករំលែក