ចូរអានផែនការធំៗរបស់ NASA ទាំង០៦ចំណុចនេះសិន! តើបងប្អូនពេញចិត្តមួយណាជាងគេ?

0

អាមេរិក៖ អង្គការ NASA បានប្រកាសអំពី​ជម្រើសបេសកកម្ម​អវកាសចំនួន០៦ ដែលអាចនឹងប្រព្រឹត្ត​ទៅនាពេលអនាគត​ខាងមុខ ហើយឥឡូវនេះ​ពួកវា​ទទួល​​បាន​ថវិកា​ប្រមាណ ៧.៥លានដុល្លារថែមទៀត ដើម្បីបន្ត​ការអភិវឌ្ឍន៍។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Sky News នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០១៧។ បេសកកម្មទាំងនោះរួមមាន៖

១៖ Arcus: នឹងសិក្សាស្រាវជ្រាវទៅលើបណ្តុំផ្កាយ​ក៏ដូចជាកាឡាក់ស៊ី តាមរយៈការប្រើប្រាស់​ប្រព័ន្ធ X-Ray ដ៏ទំនើប។ វាអាចនឹងបកស្រាយ​អំពីរបៀបនៃកម្រិត​​នីមួយៗរបស់វត្ថុតារាសាស្រ្ត​ទាំងនេះ ធ្វើការទាក់ទងគ្នា ហើយបង្កើតចេញ​ជារូបទាំងមូលនេះឡើង រួមទាំងអង្កេត​ពិនិត្យមើលទៅលើឧស្ម័ន​អវកាសដ៏ធំសម្បើម​ ដែលនៅជុំវិញនិង​ខាងក្នុងវត្ថុទាំងអស់នេះ។

២. FINESSE (Fast INfared Exoplanet Spectroscopy Survey Explorer): នឹងស៊ើបអង្កេត​ទៅលើថា តើភពទាំងឡាយ​កកើតឡើងដោយ​របៀបណា និងអ្វី​ដែលបានបង្កើត​បរិយាកាស​របស់ពួកវា។

៣. SPHEREx (Spectro-Photometer for the History of the Universe, Epoch of Reionization, and Ices Explore): នឹងស្ទាបស្ទង់​នៅលើអង្គធាតុ​របស់ផ្ទៃមេឃ​​ តាមរយៈការប្រើប្រាស់​វិធីសាស្រ្តដ៏ទំនើប ដើម្បីពិនិត្យមើល​ទៅលើប្រភពដើម​នៃចក្រវាឡ និងការវិវឌ្ឍន៍របស់​កាឡាក់ស៊ី ក៏ដូចជាការរុករកថា​តើភពនានា នៅ​ជុំវិញផ្កាយ​ដទៃទៀត អាចទ្រទ្រង់ជាជីវិតបានដែរ ឬយ៉ាងណា។

៤. COSI-X (Compton Spectrometer and Imager Explorer): ជាកែវយឺតអវកាស​របៀបបាឡុង ដែលនឹងធ្វើការស្ទាបស្ទង់​ទៅលើកាំរស្មី Gamma-Ray នៃផ្ទៃ​មេឃ ដើម្បីកំណត់ចំណាំ​នូវសារធាតុ Antimatter ជុំវិញចំណុច​កណ្តាលនៃកាឡាក់ស៊ី​រាងគូទខ្យង​របស់យើង។

៥. ISS-TAO (Transient Astrophysics Observer on the International Space Station): ISS-TAO គឺជាឧបករណ៍ចាប់​កាំរស្មី X-Ray មួយ ដែលនឹងត្រូវបំពាក់​​នៅលើស្ថានីយ៍​អវកាសអន្តរជាតិ ដើម្បីឃ្លាំមើល​ទំនាក់ទំនង​រវាងកាំរស្មើ X-Ray និងរលកទំនាញ កើតចេញពី​ការរួមបញ្ចូលគ្នារវាង​ប្រហោងខ្មៅ និងផ្កាយ Neutron Star។

៦. CASE (Contribution to ARIEL Spectroscopy of Exoplanets): នឹងជួយជ្រោមជ្រែង​បន្ថែមដល់បេសកកម្ម ARIEL (Atmospheric Remote-Sensing Infrared Exoplanet) ដែលកំពុង​ធ្វើការសិក្សា​ទៅលើភពឧស្ម័នយក្សធំៗ ដូចជាណិបទូន និងបណ្តាភព Super-Earth នៅប្រព័ន្ធព្រះអាទិត្យ​ដទៃផ្សេងទៀត ក្នុងកាឡាក់ស៊ី​​យើងនេះ។

គួរបញ្ជាក់ថា នៅក្នុងបេសកកម្ម​ទាំង០៦នេះ ត្រូវបានបែងចែកជាពីរប្រភេទ គឺ Medium-Class Explorter (Arcus, FINESSE, SPHEREx, ) ទទួល​បាន​ថវិកា​​ពីរ​លានដុល្លារសម្រាប់​បេសកកម្មនីមួយៗ ដើម្បីឆ្លងកាត់ការ​សិក្សាបន្តរយៈពេល ០៩ខែ និង Missions of Opportunity (COSI-X, ISS-TAO, និង CASE) ទទួល​បាន​ថវិកា ០៥សែនដុល្លារ សម្រាប់​បេសកកម្ម​នីមួយៗ ដើម្បីឆ្លងកាត់ការ​សិក្សាបន្តរយៈពេល ០៩ខែ ហើយបេសកកម្ម​ចំនួនពីរនឹងត្រូវ​ជ្រើសរើស​ជាចុងក្រោយ សម្រាប់ប្រភេទ​បេសកកម្មនីមួយៗ នៅមុនឆ្នាំ២០១៩។ ដោយឡែក កាលបរិច្ឆេទ​នៃការចេញបេសកកម្ម​ឆាប់បំផុតនោះ គឺឆ្នាំ២០២២ ជាមួយកញ្ចប់ថវិកាចុង​ក្រោយ​ចំនួន ២៥០លានដុល្លារ សម្រាប់ប្រភេទ​បេសកកម្ម Medium-Class Explorer និង ៧០លានដុល្លារ សម្រាប់ប្រភេទ Mission of Opportunity៕

ចែករំលែក