មេរៀនល្អ! អវកាសយានិក NASA «បង្ហាញពីការពិសោធន៍ ហេតុអ្វីបានជាវត្ថុអវកាសមានរាងមូល» តាមរយៈការផ្លុំខ្យល់ចូលដបទឹកផ្លែឈើ! (Video inside)

0
ISS៖ អវកាសយានិករបស់អង្គការ NASA លោក Jack Fischer បានធ្វើបទបង្ហាញ​ឲ្យយើងទាំងអស់​បានឃើញថា តើនឹងមាន​អ្វីកើតឡើងនៅពេលដែល​យើង​ផ្លុំ​ខ្យល់ចូលទៅ​ក្នុងដបកែច្នៃមួយ ដែលផ្ទុកទឹកផ្លែ​ឈើយ៉ាងពេញ ក្នុងលក្ខខណ្ឌ​នៃ Zero Gravity (គ្មានទំនាញ) នៅលើស្ថានីយ៍អវកាស​អន្តរជាតិ ISS។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​វែបសាយ​បច្ចេកវិទ្យា-វិទ្យាសាស្រ្ត CNET នៅរសៀល​ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។

លោក Jack Fischer បានលើក​ឡើងថា ដោយសារតែពុំមាន​កម្លាំងទំនាញ (Zero Gravity) អ្នកនឹងបង្កភាព​រញ៉េរញ៉ៃ​ខ្លាំងជាពុំខាន ប្រសិនបើអ្នកធ្វើ​ឲ្យកំពប់​ភេសជ្ជៈ​​នៅលើ ISS នោះ ក៏ប៉ុន្តែស្រប​ពេលជាមួយគ្នា​ស្ថានីយ៍អន្តរជាតិ​នេះ ក៏ជាទីកន្លែងដ៏អស្ចារ្យ​បំផុតសម្រាប់​ការសិក្សា​ស្រាវជ្រាវ ក៏ដូចជាពិសោធន៍​ផងដែរ។ ជាទូទៅ​ នៅពេលដែល​វាស្ថិតនៅក្នុង Zero Gravity ឬកន្លែងមាន​កម្លាំងទំនាញ​តិចតួច សារធាតុរាវ​មានប្រតិកម្មខុស​ប្លែកឆ្ងាយ ជាងពេលដែលវា​ស្ថិតនៅលើ​ភពផែនដី។

នៅក្នុងឃ្លីបវីដេអូមួយ​បង្ហោះនៅលើ​ប្រព័ន្ធ Twitter អវកាស​យានិក NASA លោក Fischer បានធ្វើបទបង្ហាញអំពី​ការពិសោធន៍ខាងលើ តាមរយៈការប្រើប្រាស់​​ដប​កែច្នៃមួយ ដែលត្រូវបាន​បំពេញនូវទឹក​ផ្លែឈើ។ លោក Fischer បានដាក់បំពង់បឺត​ចូលទៅក្នុងមាត់ដប រួចហើយផ្លុំខ្យល់​ចូលទៅក្នុងនោះ ដើម្បីរុនច្រាញ​សារធាតុ​ដែលជា​ទឹកផ្លែឈើ។

គួរបញ្ជាក់ថា ជាធម្មតាទឹកផ្លែ​ឈើក្នុងដបនោះ នឹងហៀរកំពប់ចេញ​មកក្រៅ ហើយធ្លាក់ចុះ​ទៅក្រោមតាមឥទ្ធិពល​របស់កម្លាំង​ទំនាញ តែនៅក្នុង​លំហអាកាស វា​បានប្រែក្លាយ​រូបរាងទៅដូចជា​ប៉េងប៉ោង ឬស្ករកៅស៊ូគេផ្លុំបំប៉ោងដ៏​ធំមួយទៅវិញ ដែលនៅជាប់នឹងមុខ​របស់លោក Fischer ហើយគ្របដណ្តប់​ជុំវិញមាត់ ច្រមុះ និង​ភ្នែករបស់​លោក មុនពេលដែលអវកាស​យានិករូបនេះ យកកន្សែងមកបំបែក​ពពុះនេះចេញវិញ។ ឃ្លីបវីដេអូរបស់ លោក Jack Fischer បានផ្តល់​មេរៀនដ៏គួរ​ឲ្យចាប់អារម្មណ៍​មួយ​ស្តីពីការអនុវត្តន៍ថា តើសារធាតុរាវទាំងអស់​នឹងប្រតិកម្ម​បែបណា ដោយពុំមាន​កម្លាំងទំនាញនៅមើលការខុសត្រូវ​ទៅលើ​ពួកវា៕

ចែករំលែក