NASA ហ៊ានធ្វើដល់ថ្នាក់នេះផង? «តាមពិតយាន Voyager-1 ផ្ទុកផែនទីរបស់ភពផែនដី ត្រូវបានបញ្ជូនទៅក្រៅប្រព័ន្ធព្រះអាទិត្យ ដើម្បីស្វែងរកពួកអេលៀន!!!»

0

(អាមេរិក)៖ តើអ្នកមាន​ដឹងទេថា ផែនទីដ៏ពិសេសមួយ​នៅលើយាន​អវកាស Voyager ទាំងពីរគ្រឿង​របស់ទីភ្នាក់ងារអវកាស NASA អាចប្រាប់​ពីទីតាំង​នៃភពផែន​ដី​ នៅក្នុងកាឡាក់ស៊ី​រាងគូថខ្យង​របស់យើងបាន។ នេះបើតាមការ​ដកស្រង់ព័ត៌មាន​ចេញពី​វែបសាយ Nantional Geographic នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៧ ខែ​សីហា ឆ្នាំ២០១៧។

កាលពីប្រមាណជា ៤០ឆ្នាំមុន ក្រុមអ្នកវិទ្យាសាស្រ្ត​បានបញ្ជូនផែនទី​ស្វែងរកភពផែនដី ឲ្យរសាត់​អណ្តែត​យ៉ាងជ្រៅទៅ​ក្នុងផ្ទៃលំហអាកាស ដោយពួកវាត្រូវបាន​​ភ្ជាប់ទៅលើយាន​អវកាសភ្លោះ Voyager ដែលត្រូវបាន​បាញ់បង្ហោះកាលពីចុង​ទសវត្ស១៩៧០ ហើយបច្ចុប្បន្នបាន​ក្លាយជាយានអវកាស នៅសែនឆ្ងាយជាងគេ​​បំផុត​ ពីភពកំណើតរបស់ពួកវា ខណៈយានមួយ​ក្នុងចំណោម​នោះ គឺ Voyager-1 បានឆ្លងចូល​ទៅក្នុងដែនអវកាស​ ហួសពីប្រព័ន្ធព្រះអាទិត្យរបស់យើង​បាត់ទៅ​ហើយ។

ប្រសិនបើថ្ងៃណា​មួយនាពេលអនាគត​ផែនទីនេះត្រូវបានស្កាត់​យក និងបកស្រាយ​អត្ថន័យដោយ​ពួកអេលៀន​មែននោះ វានឹងមិនត្រឹម​តែលាតត្រដាង​ឲ្យគេបាន​ដឹងអំពីកន្លែងដែល​ត្រូវស្វែងរកភព​ដ៏តូចច្រឡឹងរបស់យើងនោះទេ តែថែមទាំងបង្ហាញពីពេលដែលយានអវកាសនេះ បានចាកចេញពីភពផែនដីទៀតផង។

គួរបញ្ជាក់ថា នៅពេលដែល​បេសកកម្មយាន​អវកាស Voyager បានចាប់ផ្តើម ក្រុមតារាវិទូមិនទាន់​មានភស្តុតាង បញ្ជាក់ពីវត្តមាន​ភពផ្សេងទៀត​ នៅក្រៅប្រព័ន្ធ​ព្រះអាទិត្យ ឬមួយក៏ភព​ដែលទំនងជា​អាចទ្រទ្រង់​ជីវិតអេលៀនបាន​នៅឡើយទេ។ តែមក​ទល់បច្ចុប្បន្ន ដោយសារ​បេសកកម្មថ្មីៗ រួមមានដំណើរ​ផ្សេងព្រេង​តាម​​ប្រមាញ់​ភព នៃកែវយឺត​អវកាស Kepler របស់អង្គការ NASA ជាដើមនោះ ពួកយើងបានដឹងថា ភពគឺសម្បូរ​​វត្តមានណាស់​នៅក្នុងកាឡាក់ស៊ី​របស់យើង ក៏​ដូច​ជា​ចក្រ​វាឡ​ទាំងមូល ហើយក្នុងចំណោម​នោះអាចមានភពជាច្រើន​ដូចទៅនឹងផែនដី​ថែមទៀតផង។

យ៉ាងណាមិញ នៅចំពោះមុខ​នៃរបកគំហើញ​ដ៏អស្ចារ្យនេះ ការជជែកដេញដោល​ក៏បានកើតមានឡើង ជុំវិញការប្រកាស​ដោយចេតនា នូវវត្តមានរបស់​យើង​នៅក្នុងចក្រវាឡ ដោយមានមតិខ្លះ​យល់ឃើញថា ដំណើរផ្សង​ព្រេងរបស់ Voyager គឺជារឿងមួយដ៏ឆោតល្ងង់ និងគ្រោះថ្នាក់​ព្រោះយើងមិនទាន់ដឹងថា ​មាន​អ្វី​ខ្លះនៅក្នុងដែនអវកាស​ដ៏ធំល្វឹងល្វើយ​នោះឡើយ។

វាដូចជាការព្រមានរបស់ លោក ស្ទេហ្វិន ហាគីង (Stephen Hawking) អ្នកវិទ្យាសាស្ត្រដ៏​ល្បីល្បាញ កាលពីប៉ុន្មានខែមុននេះ ដោយព្រមានឲ្យបេសកកម្មមនុស្សទាំងអស់ បញ្ឈប់ការស្វែង​រកពពួកអេលៀនតទៅទៀត ព្រោះវានឹងអាចបង្កទុក្ខទោសដល់ផែនដី និងជីវិតមនុស្សផ្ទាល់ ព្រោះយើងមិនដឹង​នោះទេថា តើពួកគេនឹងមកក្នុងន័យល្អ ឬអាក្រក់នោះឡើយ៕

ចែករំលែក