ពិតជាមានន័យមែន! យានអវកាស Voyager-1-2 «ទម្លាយច្រកទ្វារចេញពីប្រព័ន្ធព្រះអាទិត្យ» និងធ្វើដំណើរផ្សងព្រេង​ទៅមុន​មិនឈប់ នៅក្នុងកាឡាក់ស៊ីនេះ!

0

អាមេរិក៖ សម្រាប់អ្នកដឹកនាំរឿងម្នាក់​ឈ្មោះ Emer Reynolds បេសកកម្ម​អវកាស Voyager គឺជាដំណើរផ្សងព្រេងរុករកក្នុង​ទីអវកាស ដ៏អស្ចារ្យជាងគេបំផុត​​សម្រាប់មនុស្ស​លោកយើង។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី សារព័ត៌មាន NBC News នៅរសៀល​ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។

គម្រោងខ្សែភាព​ចុងក្រោយគេបំផុត​របស់ លោកស្រី Reynold មានចំណង​ជើងថា «The Farthest» រៀបរាប់អំពី​ដំណើររឿងនៃយាន​អវកាសភ្លោះ Voyager ១ និង ២ ដែល​ជា​​វត្ថុ​ស្នាដៃមនុស្សដំបូង​គេបំផុត ​ដែលបានឆ្លងផុត​ព្រំដែននៃប្រព័ន្ធព្រះអាទិត្យ​របស់យើង រួមទាំងមនុស្សប្រុស និងមនុស្សស្រី​ជាច្រើន​នាក់ទៀត ដែលបាន​គ្រោង​​​រៀប​ចំ រចនា និងចូលរួមចំណែក​ក្នុងភាពជោគជ័យ​នៃបេសកកម្មនេះ។

យានអវកាសទំហំ​តូច និងឯកោមួយនេះ​ត្រូវបានគេបាញ់បង្ហោះ​ទៅកាន់​ទីអវកាស កាល​​ពី៤០ឆ្នាំមុន ហើយយាន​នីមួយៗ គឺ Voyager-1 និង Voyager-2 សព្វថ្ងៃ​​កំពុងស្ថិត​នៅចម្ងាយប្រមាណ ២១ពាន់លានគីឡូម៉ែត្រពីផែនដី ជាមួយល្បឿនធ្វើ​​ដំណើរ ៦១,១៥៥គីឡូម៉ែត្រ​ក្នុងមួយម៉ោង ​ដោយ​យាន Voyager-1 បាន​ឆ្លង​ផុត​​ដែន​អវកាស​​នៃ​ប្រព័ន្ធ​ផ្កាយ​របស់យើង ចូលទៅកាន់តំបន់​ដែលគេហៅថា Interstellar Space (លំហអាកាស​ចន្លោះផ្កាយ) បាត់ទៅ​ហើយ។

លោកស្រី​ Emer Reynolds បានលើកឡើងថា ធាតុពិតជាក់ស្តែ​ងនោះគឺថា យានអវកាសភ្លោះ​ទាំងពីរ​គ្រឿងនេះ នឹងនៅតែបន្តធ្វើ​ដំណើរផ្សងព្រេងឥត​ឈប់ឈរ​​​ ក្នុងកាឡាក់ស៊ី​រាងគូទខ្យងរបស់យើង ពោលគឺពួកវា​អាចនឹង​រសាត់អណ្តែត នៅក្នុង​កាឡាក់ស៊ី Milky Way សម្រាប់​រយៈពេល​រាប់លានឆ្នាំ​តទៅមុខទៀត ឬ​មួយ​ក៏​​រាប់​ពាន់​លានឆ្នាំ​ក៏ថា​បាន… និយាយរួមបើ​សំណាងល្អ Voyager នឹងបន្តវត្តមាន​បានយូរអង្វែង​ជាងមនុស្សលោកយើង ហើយអាចក្លាយ​ជាស្លាកស្នាម​ចុងក្រោយ ដែល​នៅ​​សេស​សល់​តែមួយគត់​នៃវត្តមានរបស់​ពួកយើង។ អ្នកដឹកនាំរឿង​ដែលមានចំណាប់​អារម្មណ៍ខ្ពស់ ក្នុងវិស័យអវកាស​រូបនេះ​បានបន្តថា វាពិត​ជា​សំខាន់​​ចំពោះ​យើង ដែលនៅពេល​អនាគតដ៏វែង​ឆ្ងាយមួយ ប្រហែលជា​នៅដែលមនុស្ស​លោក លែងមានវត្តមាន​នៅក្នុងចក្រវាឡ​ទៀតនោះ ជីវិតដទៃផ្សេង​អាចនឹង​ប្រ​ទះ​​ឃើញយាន​អវកាសនេះ ហើយដឹងថា​ពួកយើងធ្លាប់មានវត្តមាន​នៅទីនេះ​។​​

គួរបញ្ជាក់ថា យាន​អវកាស Voyager-1 និង Voyager ត្រូវបាន​អង្គការ NASA បញ្ជូនឲ្យទៅ​ធ្វើការសិក្សា​ស្រាវជ្រាវ​​នៅក្រៅប្រព័ន្ធ​ព្រះអាទិត្យ ខណៈគោលដៅ​ដើម​របស់ពួកវា គឺសិក្សាតែលើ​ភពព្រហស្បតិ៍ (Jupiter) និង ភពសៅរ៍ (Saturn) ប៉ុណ្ណោះ។ យានទាំងពីរ​គ្រឿងនេះ ត្រូវបានបាញ់បង្ហោះ​កាលពីឆ្នាំ១៩៧៧ ដើម្បី​ប្រើ​ប្រាស់​ភាពអំណោយផល​នៃការត្រួតស៊ីគ្នារបស់​ភពព្រហស្បតិ៍, ភពសៅរ៍, ភពអ៊ុយរ៉ាណុស (Uranus), និងភពណិបទូន (Neptune)។ អ្វីដែលពិសេស​នោះ គឺយាន​ Voyager-1 និង Voyager-2 នេះ មានភ្ជាប់ទៅ​ជាមួយនូវផែនទី​ដ៏ពិសេស ដែលអាចប្រាប់ទីតាំង​របស់ភពផែនដីយើង និងកាលបរិច្ឆេទ​នៅពេលដែលពួកវា​បាន​ធ្វើ​ដំណើរចាកចេញពី​ផែនដី៕

ចែករំលែក