សូរ្យគ្រាសនៅទូទាំងសហរដ្ឋអាមេរិក «ចាប់ផ្តើមហើយនៅថ្ងៃចន្ទនេះ ដោយមានការផ្សាយផ្ទាល់ថែមទៀត!» (សូមអានអត្ថបទ​អំពី កាលវិភាគ និង Link ផ្សាយផ្ទាល់ខាងក្នុង)

0

(អាមេរិក)៖ នាថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧នេះ (ពេលវេលានៅអាមេរិក) បាតុភូតតារាសាស្រ្ត​ដ៏អស្ចារ្យមួយ គឺសូរ្យគ្រាសងងឹត​សូន្យឈឹង (Total Solar Eclipse) នឹងកើតមានឡើង​​នៅ​ទូទាំង​សហរដ្ឋអាមេរិក ជាពិសេសគឺភាគកណ្តាល ដែលសន្ធឹងពីកើតទៅលិចតែម្តង។ នេះបើតាម​ការ​ដកស្រង់​ការផ្សាយ​ចេញពីវែបសាយ​វិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧។

សូរ្យគ្រាស (Solar) កើតឡើងនៅ​ពេលដែល ព្រះច័ន្ទគោចរ​ឆ្លងកាត់ចន្លោះភព​ផែន និងព្រះអាទិត្យ ជាហេតុធ្វើឲ្យវាបិទបាំង​ទាំងស្រុង (Total) ឬក៏ផ្នែកមួយ​ចំនួន (Partial) របស់​ព្រះ​អាទិត្យ​​សម្រាប់អ្នកទស្សនា​នៅលើផែនដី។​ ដោយឡែក​សម្រាប់ Total Solar Eclipse វាកើតឡើង​នៅពេលដែល មុខកាត់របស់ព្រះច័ន្ទ​មាន​ទំហំ​ធំជាងមុខកាត់​របស់ព្រះអាទិត្យ ដែលរាំងខ្ទប់រាល់ពន្លឺ​ទាំងអស់ពីផ្កាយ​របស់យើង ហើយប្រែក្លាយពេល​ថ្ងៃដ៏ភ្លឺចែងចាំង ទៅ​ជា​ងងឹង​សូន្យ​ឈឹង​​ដូច​ពេល​យប់។ សូរ្យគ្រាសងងឹត​សូន្យឈឹងនេះ កើតមាននៅលើគន្លង​ដ៏តូចមួយ នៅលើផ្ទៃរបស់ភព​ផែនដី ខណៈ Partial Solar Eclipse ក៏អាចត្រូវ​មើលឃើញ នៅតាម​តំបន់​​ដទៃៗ​ទៀត ដែលស្ថិតនៅ​រាប់ពាន់គីឡូម៉ែត្រ​ជុំវិញនោះដែរ។

Total Solar Eclipse ចុងក្រោយបំផុត​ដែលអាចត្រូវមើលឃើញ​នៅទូទាំង​សហរដ្ឋអាមេរិក គឺកាលពី​ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ១៩១៨។ គន្លងនៃសូរ្យគ្រាស​ងងឹតសូន្យ​ឈឹងនឹង​ជះចំរដ្ឋចំនួន ១៤ របស់អាមេរិក ខណៈ Partial Solar Eclipse នឹងអាចត្រូវមើលឃើញ​នៅតាមរដ្ឋ​ទាំង៥០។ ព្រឹត្តិការណ៍ដ៏​វិសេសនេះ នឹងចាប់ផ្តើម​ឡើង​​នៅរដ្ឋ Oregon ភាគខាងលិច​សហរដ្ឋអាមេរិក នាម៉ោង ០៩៖០៦នាព្រឹក​ថ្ងៃចន្ទសប្តាហ៍នេះ (ស្មើនឹងម៉ោង ១១៖០៦នាទីយប់នេះម៉ោងនៅកម្ពុជា) ហើយនឹង​បញ្ចប់នៅថ្ងៃដដែល​​នៅឆ្នេរសមុទ្រ​នៃរដ្ឋ South Carolina ភាគអាគ្នេយ៍​ប្រទេស​នៅម៉ោង ២៖៤៤នាទីរសៀល (ស្មើនឹងម៉ោង ០១៖៤៤នាទីទៀបភ្លឺឈានចូល​ថ្ងៃអង្គារស្អែក)។

គួរបញ្ជាក់ថា Total Solar Eclipse នាថ្ងៃអនាគត នឹងកើតមាន​នៅសហរដ្ឋអាមេរិកម្តងទៀត នៅខែមេសា ឆ្នាំ២០២៤ (ឆ្លងកាត់១២រដ្ឋ) និងនៅខែសីហា ឆ្នាំ២០៤៥ (១០រដ្ឋ) ហើយបាតុភូតសូរ្យគ្រាស​ប្រចាំឆ្នាំ ដែលមានន័យថា ព្រះច័ន្ទតូចជាងព្រះអាទិត្យនោះ នឹងកើតមាន​នៅខែតុលា ឆ្នាំ២០២៣ (០៩រដ្ឋ) និងខែមិថុនា ឆ្នាំ២០៤៨ (០៩រដ្ឋ)។

សូមទស្សនា តំណរភ្ជាប់ខាងក្រោម ៖

https://www.space.com/17933-nasa-television-webcasts-live-space-tv.html

ចែករំលែក