ចាំខ្សែភាពយន្តហូលីវូដ «២០១២» បានទេ? មានចំណុចរសើបមួយ​ដែលអាច​ធ្វើឲ្យ «ភយន្តរាយរឿង ២០១២ កើតមានឡើងពិតប្រាកដ» គឺក្នុងករណីភពទាំងអស់…

1

(បរទេស)៖ វាពិតជាធ្វើឲ្យមនុស្សជាច្រើននៅលើផែនដី ភ័យព្រួយមិនស្ទើរនោះឡើយ ចំពោះខ្សែភាពយន្ត «២០១២» ដែលត្រូវបានដាក់បញ្ចាំងដ៏ជោគជ័យខ្លាំងនៅឆ្នាំ២០០៩ ដែលកាលណោះ​សារព័ត៌មានជាច្រើន​បានចុះផ្សាយ ពីមតិសាធារណៈដែលបង្ហាញពី​ការភិតភ័យយ៉ាងពិតប្រាកដ ចំពោះពាក្យទំនាយរបស់​ជនជាតិម៉ាយ៉ាន​នៅទ្វីបអាមេរិក ស្តីពីការបញ្ចប់ជីវិត​នៅលើផែនដី​ទាំងស្រុង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២។

ជុំវិញបញ្ហានេះដែរ នៅប៉ុន្មានសប្តាហ៍មុនដល់កាលកំណត់ខាងលើនេះ គឺរយៈពេលបីឆ្នាំក្រោយរឿង ២០១២ ត្រូវបានដាក់បញ្ចាំងនោះ ជនជាតិម៉ាយ៉ាន​ដែលជាអ្នកពាក់ព័ន្ធនឹងរឿងនេះ បានចេញមុខបកស្រាយថា សម្រាប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ គឺគ្រាន់តែជាថ្ងៃចុងបញ្ចប់នៃប្រតិទិនជនជាតិដើមរបស់ខ្លួនចាស់ និងជាការ​ចាប់ផ្តើមនូវប្រតិទិនឆ្នាំថ្មីប៉ុណ្ណោះ ដោយវាមិនមានចំណុចណា បញ្ជាក់អំពីថ្ងៃនោះជាថ្ងៃអន្តរាយនៃពិភព​លោក​ឬពិភពលោក នឹងជួបគ្រោះធម្មជាតិដ៏កាចសាហាវគ្មានពីរនោះឡើយ។

ចំណុចសំខាន់ស្ថិតនៅទីនេះ គឺករណីដូចក្នុងខ្សែភាពយន្ត ២០១២ នឹងអាចកើតមានឡើងតាមកម្រិត ​ដែលវា​ត្រូវបានបញ្ជាក់នៅក្នុងខ្សែភាពយន្តនោះស្រាប់ ដោយផែនដីនឹងជួបភយន្តអន្តរាយដូចជា រញ្ជួយផែនដី​កម្រិតធ្ងន់ៗរហូតដល់លើស ១០រ៉ិចទ័រ, រលកយក្សស៊ូណាមិ ដែលមានកម្ពស់រាប់រយម៉ែត្រ, និងភ្នំភ្លើងតូចធំ ទាំងរស់ទាំងស្លាប់ទៅហើយ នឹងផ្ទុះឡើងវិញទាំងអស់ ហើយ​គ្មានជីវិតណាមួយអាចគេចផុតពីក្តីស្លាប់នេះបាន​ឡើយ មានតែអ្នកស្ថិតនៅក្នុងនាវាយក្សទាំងបីគ្រឿង ដែលមហាអំណាចពិភពលោករួមគ្នាកសាងប៉ុណ្ណោះ។

គ្រោះមហន្តរាយទាំងអស់ខាងលើនេះ អាចកើតឡើងនៅពេលភពទាំង ០៨ នៅក្នុងប្រព័ន្ធព្រះអាទិត្យ​តម្រៀប​គ្នាត្រង់ជាបន្ទាត់​ដោយមានព្រះអាទិត្យ និងភពណិបទូនជាអង្កត់សងខាង។ បាតុភូតដែលកម្រនឹង​អាច​កើតមានឡើងនេះ គឺនឹងធ្វើឲ្យដែនម៉ាញេទិចភពនីមួយត្របាញ់បញ្ចូលគ្នា កើតចេញជាកោលាហល ដោយភព​មួយចំនួនមិនថាតែផែនដីនោះ នឹងមានគ្រោះមហន្តរាយដូចគ្នា ដូចជាភពសុក្រ អង្គារ និងពុធជាដើម ខណៈ​ដែលភពធំៗមួយចំនួនទៀត ដូចជា សៅរ៍ ព្រហស្បតិ៍ អ៊ុយរ៉ាណូស និងណិបទូន អាចត្រឹមមានចលនា​កញ្ច្រោលតិចតួចនៃបណ្តុំឧស្ម័នលើភពប៉ុណ្ណោះ ដោយសារតែទំហំពួកវាធំៗ និងដែនម៉ាញេទិចខ្លាំង។

ទោះបីជាបែបនេះក្តី មានប្រភពមួយចំនួនបានបញ្ជាក់ថា «វាគ្មានថ្ងៃកើតឡើងបានទេ ព្រោះបើតាមការ​គណនា​ទៅរកអតីតកាល ករណីនេះធ្លាប់កើតឡើងកាលពីឆ្នាំ ៥៦១ មុនគ.ស និងឆ្នាំ១៩៦២ ប៉ុន្តែពុំមានភស្តុតាង​ថា មានរឿងអ្វីបានកើតឡើងនោះឡើយ។ តាមការគណនារបស់តារាវិទូ ហេតុការណ៍នេះនឹងកើតឡើងនៅ​ឆ្នាំ២៨៥៤។ សម្រាប់មតិមួយចំនួនទៀតបានអះអាងថា វាអាស្រ័យទៅលើតើភពទាំង ០៨ និងភ្លុយតូ អាចតម្រៀបគ្នាជាជួរត្រង់ដល់កម្រិតណា នោះមហន្តរាយក៏នឹងអាចមើលឃើញដែរ ប៉ុន្តែសម្រាប់ករណី​ដែល​ភពទាំងអស់ នឹងត្រង់ភ្លឹងដូចបន្ទាត់នោះ វាទំនងជាគ្មានថ្ងៃកើតឡើងទេ។

គួរបញ្ជាក់ថា ការរៀបចំថត​ដែលពីដំបូងឡើយ​គ្រោងធ្វើឡើង​ក្នុងទីក្រុង Los Angeles នៃរដ្ឋកាលីហ្វរញ៉ា ឯណោះវិញទេនោះ បានចាប់ផ្តើមប្រព្រឹត្ត​ទៅនៅទីក្រុង Vancouver នៃរដ្ឋវ៉ាស៊ីនតោន កាលពីខែសីហា ឆ្នាំ២០០៨។ ដំណើររឿងនៃ​ខ្សែភាពយន្តនេះ ស្តីពីអ្នកនិពន្ធសៀវភៅ​ប្រលោមលោក​មួយរូបឈ្មោះ Jackson Curtis ស្រប​ពេល​​​រូបលោក ព្យាយាមនាំយកក្រុម​គ្រួសាររបស់ខ្លួន ទៅកាន់ទីសុវត្ថិភាព នៅចំពោះមុខមហាគ្រោះ​មហន្តរាយ​ពិភពលោក។

រឿងនេះចង់សំដៅលើ​ជំនឿ Mayanism និងបាតុភូត​ឆ្នាំ២០១២ ដែលមនុស្សមួយ​ចំនួនយល់ថា គឺជាចុងបញ្ចប់​នៃភពផែនដី។ មនុស្សរាប់ពាន់​លាននាក់នៅលើភពផែនដី មិនដឹងនោះ​ឡើយថា ភពរបស់​ពួកគេ​មានថ្ងៃបរិច្ឆេទ​ផុតកំណត់។ ដោយឡែក បន្ទាប់ពីទទួល​បានការព្រមានឲ្យ​ដឹងពីសំណាក់​អ្នកវិទ្យាសាស្រ្ត​អាមេរិកម្នាក់ បណ្តាមេដឹកនាំ​ពិភពលោក ចាប់​ផ្តើម​រៀបចំ​ដោយសម្ងាត់ នូវគម្រោងរក្សាជីវិត​របស់បុគ្គលសំខាន់ៗ ដែលត្រូវបានជ្រើសរើស។ នៅពេលដែលព្រឹត្តិការណ៍​មហាវិនាសកម្មនេះ​កើតឡើង លោក Curtis ក៏​ព្យាយាមដឹកនាំ​ក្រុមគ្រួសារ​របស់លោក ទៅកាន់ទីសុត្ថិភាព ខណៈពិភពលោក​ចាប់ផ្តើមឈានទៅ​រកភាពរលាយ​សាបសូន្យ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២៕

ចែករំលែក