មើលសូរ្យគ្រាសពីទីអវកាស ពិតជាគួរឲ្យខ្លាចណាស់! អង្គការ NASA បង្ហាញរូបភាពសូរ្យគ្រាស លើសហរដ្ឋអាមេរិក ដែលថតបានពីស្ថានីយ៍អវកាសអន្តរជាតិ!

1

អាមេរិក៖ ទីភ្នាក់ងារអវកាស NASA បានបញ្ចេញ​កម្រងរូបភាព​ដ៏អស្ចារ្យ ស្តែងពីទិដ្ឋភាព​នៃបាតុភូតសូរ្យគ្រាស​ទាំងស្រុង នៅលើ​សហរដ្ឋអាមេរិក ដែល​ថត​បាន​ពី​​ស្ថានីយ៍អវកាស​អន្តរជាតិ ISS។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី វែបសាយ Evening Standard នៅរសៀល​ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧។

រូបភាពទាំងនេះ ដែលត្រូវបាន​បង្ហោះនៅលើបណ្តាញ​សង្គម Twitter ដោយអវកាស​យានិក លោក​ ផាវឡូ ណេសផូលី (Paolo Nespoli) បានលាតត្រដាងឲ្យ​ឃើញពី​​ទិដ្ឋ​ភាព​ដ៏​​ប្លែកថ្មី​​មួយ​ នៃសូរ្យគ្រាស ដែលបានកើត​មានឡើងនៅទូទាំង​សហរដ្ឋអាមេរិក ស្របពេលដែលមនុស្ស​រាប់លាននាក់នៅទីនោះ បានទន្ទឹងរង់ចាំ​មើលវា ដោយភាព​អស្ចារ្យ​ក្នុងអារម្មណ៍។

គួរបញ្ជាក់ថា ឆ្នាំនេះជាលើកដំបូង​​ក្នុងរយៈពេលជិត​មួយសតវត្សរ៍ ដែលបាតុភូតសូរ្យគ្រាស​​ទាំងស្រុង​បានកើតមាន​ឡើង ចាប់ពីចុងម្ខាង​ទៅដល់ចុងម្ខាងទៀត​នៃ​ទឹកដីសហរដ្ឋអាមេរិក​បែបនេះ។ ចាប់ផ្តើមពីរដ្ឋ អូរ៉េហ្គន (Oregon) ភាគខាងលិច​ប្រទេស ឆ្ពោះទៅកាន់រដ្ឋ សោត ខារ៉ូលីណា (South Carolina) ភាគខាងកើត រួមទាំងរដ្ឋចំនួន១២ផ្សេងទៀត​នៅ​ចន្លោះនោះ ព្រះច័ន្ទបាន​ធ្វើដំណើរ​គោចរ​​ទៅបាំង​​​ពន្លឺ​ទាំង​ស្រុងរបស់​ព្រះអាទិត្យ​រយៈពេលជាងពីរនាទី នៅតាមទីតាំងនីមួយៗ​ ដែលស្ថិតក្នុងគន្លង​ស្រមោលរបស់វា៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ 070 666 553

ចែករំលែក