ធ្លាប់​ទស្សនា​ទេ? ខ្សែភាពយន្ត​អវកាស​មួយ​នេះ «ធ្វើ​ឲ្យ​បងប្អូន​ច្រឡំ​ថា​ជា​ការពិត» តែ​វា​ជា​គ្រាន់តែ​ការ​ប្រឌិត បែប​វិទ្យាសាស្ត្រ​ប៉ុណ្ណោះ!

0

ភ្នំពេញ៖ ភាពយន្ត​បែប​វិទ្យាសាស្ត្រ និង​អវកាស​ពិតជា​មាន​ច្រើនណាស់ ប៉ុន្តែ​ភាគច្រើន​គឺ​បានបង្ហាញ​ពី​ភាព​ប្រឌិត​ជ្រុល និង​គ្រាន់តែ​ជាការ​ធ្វើ​ឲ្យ​អ្នកទស្សនា​ភិតភ័យ ឬ​រំភើប​រីករាយ​ចំពោះ​ទិដ្ឋភាព​ប្រឌិត​ទាំងនោះ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ខ្សែភាពយន្ត ដែល​ជាការ​ស្រមៃ​បែប​វិទ្យាសាស្ត្រ ដោយយោង​ទៅលើ​ភាពប្រាកដនិយម និង​ទស្សនវិស័យ​ទៅ​ថ្ងៃ​អនាគត ដែល​នឹង​អាចធ្វើ​វា​កើតមានឡើង​នោះ គឺ​កម្រ​មាន​ឲ្យ​ទស្សនា​ឲ្យ​បាន​ជក់ចិត្ត​ណាស់។

ថ្ងៃនេះ Cambo Space សូម​នាំ​បងប្អូន ទៅ​ទស្សនា​ខ្សែភាពយន្ត​ឯកសារ ដែល​ត្រូវបាន​ផលិត​ដោយ​ទូរទស្សន៍ BBC កាលពី ១៣ឆ្នាំមុន នោះ​គឺ «Space Odyssey Man Voyage to the Planets» ដែល​រៀបរាប់​អំពី​អវកាសយានិក​ប្រុស​ស្រី​ចំនួន ០៥រូប ដែល​សុខចិត្ត​ប្រថុយ​ជីវិត​ដើម្បី​ស្រាវជ្រាវ​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ទាំងមូល ដោយ​ស្ទើរតែ​មិន​ជឿថា ពួកគេ​អាច​សម្រេចបាន​ជោគជ័យ ប៉ុន្តែ​ម្នាក់​ក្នុងចំណោម​នោះ បាន​បាត់​បង់ជីវិត​នៅ​ភព​សៅរ៍ ក្រោយពី​បានទទួល​រង​ការវាយប្រហារ ពី​រលក​វិទ្យុសកម្ម​ព្រះ​អា​ទី​ត្យ​នៅលើ​ភព​អង្គារ។

ខាងក្រោម​នេះ​ជា​ចំណុចសំខាន់ៗទាំង ០៥ ដែល​គួរ​ឲ្យ​ស្វែងយល់​ពី​សាច់រឿង​ទាំងមូល៖

១៖ តួអង្គ​ទាំង ០៥រូប (ជា​អវកាសយានិក អ្នកវិទ្យាសាស្ត្រ វេជ្ជបណ្ឌិត និង ជីវសាស្ត្រ) ត្រូវ​ជិះ​នៅលើ​យាន​មួយ​ដែលមាន​ឈ្មោះថា Pegasus មាន​ប្រវែង​ជាង ១គីឡូម៉ែត្រ ដែល​ផ្ទុកអ្វីៗគ្រប់យ៉ាង​នៅលើ​នោះ ប្រៀបបាន​នឹង​កូន​ភព​មួយ ដែល​ពួកគេ​ត្រូវ​រៀន​រស់ ដាំ​ដុះ ធ្វើ​បន្សុទ្ធកម្ម និង​ស្រាវជ្រាវ នៅ​រយៈពេល ០៦ ឆ្នាំ​នៅ​ទី​អវកាស។

២៖ ដំណើរ​ចាប់ផ្តើម​គឺ ពី​ផែនដី​ទៅ ភព​សុក្រ, ភព​អង្គារ, ព្រះអាទិត្យ, ភព​ព្រហស្បតិ៍, ព្រះ​ច័ន្ទ​អាយ​អូ, ព្រះ​ច័ន្ទ​យូរ៉ូ​ប៉ា, ភព​សៅរ៍, ព្រះ​ច័ន្ទ​ទី​តាន, ខ្សែក្រវាត់​ភព​សោ​រ៍, ភព​ភ្លុ​យ​តូ, និង​ផ្កាយដុះកន្ទុយ​មួយ​ផងដែរ។

៣៖ សម្រាប់​ការ​ចុះចត​របស់​អ្នក​ទាំង ០៥នាក់ មានដូចជា ចុះចត​លើ ភព​សុក្រ, ភព​អង្គារ, ព្រះ​ច័ន្ទ​អាយ​អូរ​បស់​ភព​ព្រហស្បតិ៍, ដុំថ្ម​នៃ​ខ្សែក្រវាត់​ភព​សៅរ៍, ភព​ភ្លុ​យ​តូ, និង​ផ្កាយដុះកន្ទុយ។ សម្រាប់​ការបញ្ជូន​យាន​វិញ គឺ​ចុះ​ទៅលើ យូ​រ៉​ប៉ា និង​ទី​តាន បូក​ថែម​នឹង​ការបំពាក់​កែវ​យឺត និង​ផ្កាយរណប​លើ​ភព​ភ្លុ​យ​តូ ដើម្បី​សិក្សា​ពី​កាឡាក់ស៊ី​ឲ្យ​កាន់តែច្បាស់​ជាង​មុន។

៤៖ ភព​ដែល​ពិបាក​ចុះចត​ជាងគេ គឺ​ភព​អង្គារ និង​សុក្រ។ សម្រាប់​បេសកកម្ម​ដែល​បរាជ័យ​គឺ​នៅ​ព្រះ​ច័ន្ទ​អាយ​អូ ព្រោះ​រលក​វិទ្យុសកម្ម​វា​ខ្លាំង ពិបាក​ក្នុងការ​ស៊ូទ្រាំ​សម្រាប់​អ្នក​ចុះទៅ។

៥៖ ដំណើរ​រយៈពេល ០៦ ឆ្នាំនេះ គឺជា​គោលដៅ​ធំ​សម្រាប់​ក្រុម​អ្នកវិទ្យាសាស្ត្រ ដើម្បី​ស្វែងយល់ពីអ្វីៗគ្រប់យ៉ាង ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ជាពិសេស​ទីឋាន​ដែល​មនុស្ស​នឹង​អាច​តាំងទី​លំនៅ​នៅ​រយៈពេល រាប់រយ រាប់ពាន់ រាប់ម៉ឺន ឬ​រាប់លាន​ឆ្នាំ​ទៅមុខ ដោយសារតែ​ផែនដី​នឹងមិន​ស្ថិតស្ថេរ យូរអង្វែង​ត​ទៀតឡើយ។

ដូច្នេះ​សូម​បងប្អូន​ទស្សនា​វីដ​អូ​ក្នុង​យូ​ធូប ទាំងពីរ Links ភាគ​ខាងក្រោម​នេះ៖

ចែករំលែក