ទាយ​ទៅ​មើលថា ចំណុចខ្មៅៗនេះ​ជា​អ្វី? «អង្គការ NASA ថត​បាន​នៅពេល​សូរ្យគ្រាស​នៅ​សហរដ្ឋអាមេរិក»

0

អាមេរិក៖ កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ បាតុភូត​សូរ្យគ្រាស​ទាំងស្រុង បាន​ជះ​ស្រមោល​សន្ធឹង​ពី​ភាគ​ខាងលិច ដល់​ភាគ​ខាងកើត​សហរដ្ឋអាមេរិក ជា​លើកដំបូង​នៅក្នុង​អំឡុងពេល​ជិត​មួយ​សតវត្សរ៍​កន្លងទៅ​នេះ ហើយ​អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ គឺ​ស្ថានីយ៍​អវកាស​អន្តរជាតិ ISS បាន​ហោះ​ឆ្លងកាត់​រស្មី​ព្រះអាទិត្យ​ថែម​ទៀតផង នៅ​អំឡុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ។ នេះ​បើតាម​ការដកស្រង់​ព័ត៌មាន​ចេញពី​វែបសាយ​ផ្លូវការ​របស់​អង្គារ NASA នៅ​រសៀល​ថ្ងៃ​សុក្រ ទី២៥ ខែសីហា ឆ្នាំ២០១។

ម្យ៉ាងវិញទៀត​នា​សប្តាហ៍​នេះ ទីភ្នាក់ងារ​អវកាស​អាមេរិក NASA ក៏បាន​បញ្ចេញ​កម្រង​រូបភាព​ដ៏​អស្ចារ្យ ស្តែង​ពី​ទិដ្ឋភាព​នៃ​បាតុភូត​សូរ្យគ្រាស​ទាំងស្រុង នៅលើ​សហរដ្ឋអាមេរិក ដែល​ថត​បាន​ពី​ស្ថានីយ៍​អវកាស​អន្តរជាតិ ISS ផងដែរ។ បន្ថែម​ពីនេះ NASA ថែមទាំង​បាន​បញ្ចេញ​វីដេអូ​លក្ខណៈ Timelapse មួយ​ផ្សេង​ទៀតផង​បង្ហាញ​ពី​ស្រមោល​ព្រះ​ច័ន្ទ ជះ​ឆ្លងកាត់​មកលើ​សហរដ្ឋអាមេរិក​ទាំងមូល ដែល​ថត​យកបាន​ដោយ​កាមេរ៉ា​ដ៏​មាន​អានុភាព​របស់ NASA ឈ្មោះថា EPIC នៅ​ចម្ងាយ​ប្រមាណ ១.៦លាន​គីឡូម៉ែត្រ ពី​ភពផែនដី។

គួរ​បញ្ជាក់ថា ឆ្នាំនេះ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជិត​មួយ​សតវត្សរ៍ ដែល​បាតុភូត​សូរ្យគ្រាស​ទាំងស្រុង​បាន​កើតមានឡើង ចាប់ពី​ចុង​ម្ខាង​ទៅដល់​ចុង​ម្ខាង​ទៀត​នៃ​ទឹកដី​សហរដ្ឋអាមេរិក​បែ​ប​នេះ។ ចាប់ផ្តើម​ពីរ​ដ្ឋ អូ​រ៉េ​ហ្គ​ន (Oregon) ភាគ​ខាងលិច​ប្រទេស ឆ្ពោះទៅកាន់​រដ្ឋ សោត ខា​រ៉ូ​លី​ណា (South Carolina) ភាគ​ខាងកើត រួមទាំង​រដ្ឋ​ចំនួន១២ផ្សេងទៀត​នៅ​ចន្លោះ​នោះ ព្រះ​ច័ន្ទ​បានធ្វើ​ដំណើរ​គោចរ​ទៅ​បាំង​ពន្លឺ​ទាំងស្រុង​របស់​ព្រះអាទិត្យ​រយៈពេល​ជាង​ពីរ​នាទី នៅតាម​ទីតាំងនីមួយៗ ដែល​ស្ថិតក្នុង​គន្លង​ស្រមោល​របស់​វា៕

ចែករំលែក