អាចទៅរួចទេ? ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក «កំពុងសិក្សាអំពី​ភ្លៀងគ្រាប់ពេជ្រ នៅភពណិបទូន» ដែលអាចកើតមានឡើង!

0

(អាមេរិក)៖ ក្រុមអ្នក​វិទ្យាសាស្រ្ត​អាមេរិក បានធ្វើការបង្កើត​និងឃ្លាំងមើលប្រតិកម្ម​ម៉្យាងដែលគេហៅថា «ភ្លៀងពេជ្រ» របស់ភពណិបទូន (Neptune) ដោយជោគ​ជ័យ​ជាលើក​ដំបូងបំផុត ហើយលទ្ធផលស​ម្រេច​បាននេះ បានគាំទ្រដល់ទឹ្រស្តី​ដ៏ល្បីល្បាញមួយ ស្តីពីអំពី​ដំណើរការ​សារធាតុគីមី ដែលកំពុងកើត​មានឡើង នៅ​ក្នុង​ភពដ៏ឆ្ងាយ​ពីព្រះអាទិត្យ​មួយនេះ។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧។

ក្រុមអ្នកវិទ្យាសាស្រ្ត​តាំងតែពីយូរណាស់​មកហើយ មានការសង្ស័យថា ភពមួយចំនួន​នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យរបស់យើង ជាពិសេស​ភពណិបទូន និងអ៊ុយរ៉ាណុស (Uranus) តែម្តង កំពុងតែលាក់បាំងនូវ​ស្រទាប់ដ៏ចែងចាំង​មួយ ពោពេញទៅដោយ​ពេជ្រសុទ្ធ ដែលស្ថិតនៅជិត​ស្នូលរបស់ពួកវា។ ក្រុមអ្នក​វិទ្យាសាស្រ្ត​​បានលើក​ឡើង​ថា​ សម្ពាធកម្រិត​ខ្ពស់និងសីតុណ្ហភាព​ដ៏សែនក្តៅ នៅកប់យ៉ាងជ្រៅក្នុងភពឧស្ម័ន​យក្សនេះ អាចបង្កើតចេញ​ជាត្បូងពេជ្រ ដែលនឹងធ្លាក់ចុះ​​ហើយ​មុជ​​ចូល​ទៅ ផ្នែកខាងក្នុងរបស់ភព​ទាំងនេះដូចជា​ទឹកភ្លៀងអ៊ីចឹង។

គួរបញ្ជាក់ថា ក្នុងអំឡុងពេល​ជាច្រើនឆ្នាំមកនេះ ពុំទាន់មានភស្តុតាង​គ្រប់គ្រាន់ ដើម្បីគាំទ្រដល់ទឹ្រស្តី​ខាងលើឡើយ ក៏ប៉ុន្តែក្រុមការងារស្រាវជ្រាវ​អន្តរជាតិដ៏ធំមួយ បានបង្កើត​ឡើងវិញ នូវសីតុណ្ហ​ភាព​​និង​សម្ពាធដ៏ត្រឹមត្រូវ​របស់ភព​ណិបទូន តាមរយៈការ​ប្រើប្រាស់បច្ចេកវិទ្យា​កាំរស្មី SLAC X-Ray ដ៏ទំនើប ដើម្បីផលិតរួច​ហើយ​អង្កេតមើល​ប្រតិកម្មភ្លៀង​ពេជ្រនេះ៕​

ចែករំលែក