រង់ចាំទៀតហើយ! មហាយក្សពីរ «ចិន-រុស្ស៊ីស្ម័គ្រចាប់ដៃគ្នា ឡើងស្រាវជ្រាវឋានព្រះច័ន្ទ» ខណៈអាមេរិក​បានបញ្ជូនមនុស្សទៅដំបូងតាំងពីឆ្នាំ១៩៦៩!

1

(ប៉េកាំង)៖ ចិននិងរុស្ស៊ី គ្រោងធ្វើការចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ដ៏សំខាន់មួយ ស្តីពីប្រតិបត្តិការរុករក​ក្នុងទីអវកាស គិតចាប់ពី​ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ដោយ​ក្នុង​នោះ​ក៏រួមមានបេសកកម្ម​បញ្ជូនមនុស្ស ទៅកាន់ឋានព្រះច័ន្ទសាជាថ្មីម្តងទៀត​ផងដែរ។ នេះបើតាម​ការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅរសៀល​ថ្ងៃ​ចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧។

កិច្ចព្រមព្រៀង​ខាងលើ​ត្រូវគេរំពឹងថា នឹងទទួលបានការចុះហត្ថលេខា​ពីប្រទេសទាំងពីរ នាខែតុលាខាងមុខ ហើយនឹងផ្តល់​សារៈប្រយោជន៍​ជាខ្លាំង​ដល់ប្រជាជាតិ​​ទាំងពីរនេះ ជាពិសេស​នៅក្នុងបេសកកម្មបញ្ជូន​មនុស្ស​ ទៅកាន់ឋានព្រះច័ន្ទ​នាពេលខាងមុខតែម្តង។ គំនិតក៏ដូចជា​លទ្ធភាព នៃការបញ្ជូនមនុស្ស​សាជាថ្មីម្តងទៀត ទៅកាន់ឋានព្រះច័ន្ទនោះ ត្រូវបានគេលើក​ឡើងមកពិភាក្សាតាំង​ពីយូរមកហើយ ក៏ប៉ុន្តែក្រោយ​ពីការចុះហត្ថលេខា​នៃកិច្ចព្រមព្រៀងចិន-រុស្ស៊ី ក្តីបំណងនេះទំនង​ជា​អាចនឹង​ប្រែក្លាយជាទៅ​ជាការពិតបាន។

គួរបញ្ជាក់ថា កិច្ចព្រៀងទ្វេភាគីនេះ ពុំមែនជាកិច្ចព្រមព្រៀង​ផ្នែកអវកាសលើកទីមួយ​រវាងចិន និងរុស្ស៊ីឡើយ ក៏ប៉ុន្តែវាគឺជា​កិច្ចព្រមព្រៀង​ដំបូងបំផុត ដែលស្តីពីកិច្ច​​សហប្រតិបត្តិជាដៃគូ មានរយៈពេល​ដល់ទៅ ០៥ឆ្នាំបែបនេះ ខណៈវាគឺជារយៈពេល​មួយ ដែលអនុញ្ញាតឲ្យគម្រោង​និងគោលដៅ ប្រកបដោយមហិច្ឆតា​​ជាច្រើន​ទៀត អាច​សម្រេចបាន៕

 

ចែករំលែក