បេសកកម្មភពអង្គារ! អង្គការ NASA «នឹងបញ្ជូនយានទៅខួងភពព្រះអង្គារ» ដើម្បីស្វែងយល់ពីស្រទាប់ក្នុង​បំផុត ដែលនឹង…

0

(អាមេរិក)៖ បេសកកម្មបន្ទាប់​របស់ទីភ្នាក់ងារ​អវកាសអាមេរិក NASA មានឈ្មោះ​ថា InSight ដែលនឹងត្រូវចាប់ផ្តើម​នៅឆ្នាំ២០១៨​ខាងមុខនោះ នឹងផ្តោតសំខាន់ទៅ​លើការស្រាវជ្រាវ​ផ្ទៃស្រទាប់ខាងក្នុង​ដ៏សែនជ្រៅ​របស់ភពព្រះអង្គារ (Mars)។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មានរបស់ NASA ដកស្រង់ដោយទីភ្នាក់ងារ​ព័ត៌មាន​​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។

 

យោងតាម​អង្គការ NASA បេសកកម្ម InSight ត្រូវគេរំពឹងថា នឹងត្រូវបាញ់បង្ហោះ​ក្នុងពេលណាមួយ នៅអំឡុងពេល ០៥សប្តាហ៍ ក្រោយថ្ងៃទី០៨ ខែឧសភា ឆ្នាំ​២០១៨ ចេញពីមូលដ្ឋាន​ទ័ពអាកាស Vandenberg ភាគកណ្តាល​កាលីហ្វរញ៉ា ខណៈការចុះចត​នៅលើភពអង្គារ ត្រូវបានគ្រោង​នឹងប្រព្រឹត្តទៅ​ក្រោយបុណ្យ Thanksgiving ឆ្នាំ២០១៨ ដែលនឹងធ្វើឡើង​នៅចុងខែវិច្ឆិកា ឆ្នាំក្រោយ។

គួរបញ្ជាក់ថា InSight គឺជាបេសកកម្ម​ដំបូងបំផុត របស់ទីភ្នាក់ងារ​អវកាស NASA ដែលធ្វើការស៊ើបអង្កេត​ស្រាវជ្រាវ ទៅលើស្រទាប់ជ្រៅ​ផ្នែកខាងក្នុង​នៃភព​​អង្គារ​ និងស្ថិតក្រោម​ក្របខណ្ឌ​នៃបេសកកម្ម​រុករកទីអវកាស ដែលកំពុងជួយ​ក្នុងត្រួសត្រាយ​ផ្លូវ​ សម្រាប់ការបញ្ជូនមនុស្សទៅកាន់​ភពក្រហមនេះ នៅខ្ទង់​ទសវត្សរ៍​​២០៣០​​។​ ម៉្យាងវិញទៀត ព័ត៌មានថ្មីៗ​ដែលប្រមូលបាន​ពីយានអវកាស​បន្ទាប់នេះ​របស់ NASA នឹងនឹងជួយបង្កើន​ការយល់ដឹង​របស់យើង​ថែមទៀត ស្តីពីរបៀប​នៃការកកើតឡើង​របស់ភពមាន​សណ្ឋានជាថ្ម​ទាំងអស់ រួមទាំងភពផែនដី​ផងដែរ។

 

ភពអង្គារនៅតែជាកន្លែងដែលនាំមុខ សម្រាប់មនុស្សលោកទៅធ្វើអាណានិគម បន្ទាប់ពីព្រះច័ន្ទ។ សម្រាប់​គំរោងរបស់ NASA នឹងនាំមនុស្សទៅកាន់ភពនេះនៅឆ្នាំ២០៣០ ប៉ុន្តែមុននឹងមនុស្សទៅដល់ទីនោះ យើងត្រូវធ្វើការសិក្សា​ពីស្ថានភាពទូទៅ​របស់ភពក្រហមនេះនៅតែម្តង ដូចជាការរកទឹក​នៅក្នុងផ្ទៃស្រទាប់ក្នុង និងការ​បង្ហោះយាន​គំរូសាកល្បងនៅអំឡុងឆ្នាំ២០១៨ និងឆ្នាំ២០២០៕

ចែករំលែក