ហេតុអ្វីបានជា «យានអវកាស Cassini ត្រូវតែទម្លាក់កម្ទេចខ្លួនឯងចោល ក្នុងភពសៅរ៍» នៅពេលបញ្ចប់បេសកកម្ម? មូលហេតុនោះគឺ…

0

(អាមេរិក)៖ នាពេលថ្មីៗ​យានអវកាស Cassini របស់​អង្គការ NASA បានថតយក​រូបភាព និងបង្កើតចេញ​ជាវីដេអូ​ដ៏អស្ចារ្យមួយ ស្តែងពីចិញ្ចៀន (ខ្សែក្រវាត់) ​ដ៏​ល្បី​ឈ្មោះ​របស់​​ភព​សៅរ៍ (Saturn) ខណៈពេល​ដែល​យានអវកាសមួយនេះ នឹងបូជាជីវិតរបស់ខ្លួននៅទីនោះ នាខែកញ្ញាខាងមុខនេះ​ហើយ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​​ចេញពី វែបសាយវិទ្យាសាស្រ្ត Space.com នៅព្រឹក​ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧។

យានអវកាស Cassini បានថតយករូប​ចំនួន ២១សន្លឹក ដែលបង្កើតចេញ​ជាឃ្លីបវីដេអូមួយ​រយៈពេល ០៤នាទី កាលពី១០ថ្ងៃមុន ក្នុងអំឡុងនៃការ​ហោះមុជក្រោយ​គេ​​បំផុត របស់​យានអវកាស​នេះ នៅចន្លោះភពសៅរ៍ និងចិញ្ចៀនរបស់វា។ Cassini បាននិងកំពុងធ្វើ​ការហោះ​បែបនេះ ជារៀងរាល់ ០៦ថ្ងៃកន្លះម្តង ចាប់តាំងតែពីចុង​​ខែ​មេសាមកម្ល៉េះ ក្នុងអំឡុងដំណាក់​កាលបេសកកម្ម Grand Finale របស់វា។

 

បេសកកម្ម Cassini-Huygens តម្លៃ ៣.២ពាន់លានដុល្លារ ដែលជាកិច្ចប្រឹងប្រែង​រួមរបស់ NASA ទីភ្នាក់ងារអវកាស​អឺរ៉ុប ESA និង​ទីភ្នាក់ងារអវកាស​អ៊ីតាលី ISA បានចាប់​ផ្តើមកាលពី​ខែតុលា ឆ្នាំ១៩៩៧ និងទៅដល់គន្លង​ជុំវិញភពសៅរ៍កាលពី​ខែកក្កដា ឆ្នាំ២០០៤។ យានធំរបស់ Cassini មានផ្ទុកនូវ​យានចុះចត (Lander) មួយគ្រឿងមាន​ឈ្មោះថា Huygens ដែលបានចុះ​ទៅដល់ Titan ជាព្រះច័ន្ទធំ​ជាងគេបំផុត​របស់​ភពសៅរ៍ កាលពីខែមករា ឆ្នាំ២០០៥។

ក្នុងអំឡុងពេល ១៣ឆ្នាំកន្លងទៅនេះ យានអវកាស Cassini បានបាញ់បញ្ជូន​រូបភាពអស្ចារ្យៗ​រាប់មិនអស់ នៃភពសៅរ៍ផ្ទាល់រួម​ទាំងព្រះច័ន្ទជាច្រើន​ទៀតរបស់វា ត្រឡប់មកកាន់​ភពផែនដីវិញ និងបានបង្កើតរំបក​គំហើញថ្មីៗ ដែលបាននិង​កំពុងតែជួយផ្លាស់ប្តូរ​ការយល់ឃើញ របស់អ្នកវិទ្យាសាស្រ្ត​អំពីប្រព័ន្ធព្រះអាទិត្យ និង​សក្តានុពល​នៃការទ្រទ្រង់​ជីវិតរបស់វា។

យ៉ាងណាមិញ ព័ត៌មានល្អៗ​ដ៏ច្រើនសន្ធឹកសន្ធាប់ ​ដែលយើងទទួលបានពី Cassini នឹងត្រូវប្រើប្រាស់​អស់នាពេលឆាប់ៗ​ខាងមុខ​ជាក់ជាពុំខាន ស្របពេលដែល​យានអវកាស​នេះ កំពុងតែជិតអស់​ប្រេងថែមទៀត​នោះ ដូច្នេះយានអវកាស​របស់ NASA មួយនេះ នឹងត្រូវគេទម្លាក់​ខ្លួនរបស់វា ចូលទៅក្នុងបរិយាកាស​របស់ភពសៅរ៍ នៅថ្ងៃ​ទី​១៥ ខែកញ្ញាខាងមុខ ដើម្បីកម្ទេចចោល ជាការធានាថា Cassini នឹងមិនអាចបំពុលព្រះច័ន្ទ Titan និង Enceladus ដោយសារពពួកមីក្រុប​របស់ភពផែនដីឡើយ (ដោយសារ Titan និង Enceladus ជាគោលដៅ​ស្រាវជ្រាវទៅថ្ងៃមុខ)៕

ចែករំលែក