មកមួយទៀតហើយ! អាចម៍ផ្កាយឈ្មោះ «Florence ទំហំ ៤.៤គីឡូម៉ែត្រ» នឹងមកកៀកផែនដី​នៅចុងសប្តាហ៍នេះ!

0

(អាមេរិក)៖ អាចម៍ផ្កាយដ៏ធំមួយ​មានឈ្មោះថា ហ្វ័ររ៉េនស៍ (Florence) នឹងហោះឆ្លង​កាត់ផែនដី​នាចុងសប្តាហ៍នេះ (ថ្ងៃទី០១ ខែកញ្ញាពេលវេលានៅឡូសអាន់ជែឡែស ត្រូវហ្នឹងថ្ងៃទី០២ ខែកញ្ញាពេលវេលានៅកម្ពុជា) នៅចម្ងាយ​ប្រហែល ០៧លានគីឡូម៉ែត្រ ពីភព​របស់យើង ពោលគឺ​ស្មើនឹង ១៨ដង នៃគម្លាតពីផែនដីនិងឋានព្រះច័ន្ទ។ នេះបើតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧។

មានឈ្មោះជា​ផ្លូវការ 3122 Florence អាចម៍ផ្កាយ​ខាងលើ គឺជាកម្ទេចកម្ទីរ​ដើមដែលនៅ​សេសសល់ ពីការកកើតឡើង​នៃប្រព័ន្ធព្រះអាទិត្យ និងជាអាចម៍ផ្កាយ​ដ៏ធំ​ជាងគេបំផុត ដែលនឹងធ្វើដំណើរ​កៀកនឹង​ភពផែនដី គិតចាប់តាំងតែ​ពីអង្គការ NASA បានចាប់ផ្តើម​តាមដាន ក៏ដូចជាស្វែងរក​អាចម៍ផ្កាយ ដែលស្ថិតនៅក្បែរភព​ផែន​ដី​របស់យើង។ បើតាមការវាស់វែង​ពីកែវយឺត​អវកាស Spitzer និង​បេសកកម្ម NEOWISE របស់ NASA បង្ហាញ​អាចម៍ផ្កាយ ដែលនឹងមក​លេងផែនដី នៅប៉ុន្មានថ្ងៃ​ខាងមុខនេះ មានមុខកាត់ប្រវែង​ប្រហែល ៤.៤គីឡូម៉ែត្រ។

គួរបញ្ជាក់ថា អាចម៍ផ្កាយ Florence ត្រូវបានរកឃើញ​ជាលើកដំបូង ដោយតារាវិទូអាមេរិក លោក ស្គែលត៍ បាស់ (Schelte Bus) នៅឯទីតាំងឃ្លាំងមើលអវកាស សាយឌីង ស្ព្រីង (Siding Spring) ក្នុង​​ប្រទេសអូស្រ្តាលី កាលពីខែមីនា ឆ្នាំ១៩៨១៕

ចែករំលែក