គួរឲ្យព្រឺព្រួចមែន! ស្វែងយល់ពី «អាចម៍ផ្កាយទម្ងន់ ១៣ពាន់តោន ដែលធ្លាក់ចំប្រទេសរុស្ស៊ីកាលពីឆ្នាំ២០១៣» តើវាខ្លាំងដល់កម្រិតណា?

0

(បរទេស)៖ កាលពី ០៤ឆ្នាំមុន អាចម៍ផ្កាយមួយដុំ​មានមុខកាត់ប្រវែង​ប្រហែល ២០ម៉ែត្រ បានហោះធ្លាក់​ចូលមកក្នុង​បរិយាកាស​របស់ភពផែនដី ដោយ​ពុំ​មាន​​ការ​ដឹង​ទុក​ជាមុន​នោះឡើយ ​នៅចំពីលើ​តំបន់ Ural ភាគខាងត្បូងឈាង​ខាងលិច​ប្រទេសរុស្ស៊ី ហើយឥទ្ធិពលរបស់វា បានបណ្តាល​មនុស្សប្រមាណ ១,៥០០នាក់រងរបួស និងអគាររាប់​ពាន់​ខ្នង​រងការខូចខាត។

 

អាចម៍ផ្កាយខាងលើ​មានទម្ងន់ប្រហែល ១៣,០០០តោន ដែលធ្ងន់ជាងប៉ម​ទូអេហ្វែល​ (Eiffel Tower) របស់ប្រទេសបារាំង​ទៅទៀត ហើយវាមានថាមពល​ស្មើនឹង​អាវុធ​​​នុយក្លេអ៊ែរ ដែលមានកម្លាំង​ផ្ទុះពី ៤០០ ទៅ ៥០០គីឡូតោន ពោលគឺខ្លាំងជាង​គ្រាប់បែកបរមាណូ​ ដែលទម្លាក់ទៅ​លើទីក្រុង​ហ៊ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុន​កាល​​ពីសម័យសង្រ្គាម​លោកលើកទី០២ ដល់ទៅជាង ៣០ដងឯណោះ។

ប៉ុន្តែដោយសារ​តែល្បឿន​ដ៏ល្បឿន (ជិត៧០,០០០គីឡូម៉ែត្រ/មួយម៉ោង) និងរង្វាស់​មុំដ៏រាក់ នៅ​អំឡុង​ពេលចូលមកកាន់​​ផែនដីរបស់វា ដុំថ្មអវកាសនេះ​បានក្លាយជា​ដុំបាល់ភ្លើង និងបញ្ចេញពន្លឺភ្លឺជាង​ព្រះអាទិត្យទៅទៀត រួចហើយ​ក៏​​ផ្ទុះ​​នៅ​លើ​ទីក្រុង Chelyabinsk ក្នុង​អនុតំបន់ Chelyabinsk Oblast នៃ​ប្រទេស​​រុស្ស៊ី ក្នុង​រយៈកម្ពស់ជិត ៣០គីឡូម៉ែត្រពីដី ខណៈបំណែក​ដុំអាចម៍ផ្កាយ​ចុងក្រោយ បានធ្លាក់ទៅក្នុងបឹង Chebarkul។

អ្នកដែលបានទទួលរងរបួសទាំង ១,៥០០នាក់នោះ គឺដោយសារតែឥទ្ធិពល​ដោយប្រយោលរបស់​អាចម៍ផ្កាយ ជាពិសេសនោះ​គឺពីព្រោះតែផ្ទាំងកញ្ចក់​នៃបង្អួចអគារ​ ដែលបានបែក​នៅពេលអាចម៍​ផ្កាយនោះ បានផ្ទុះឡើង​នៅលើផ្ទៃមេឃ ហើយបង្កជា​កម្លាំង Shock Wave ដ៏ខ្លាំងក្លា។ ក្រៅពីនេះអគារ​ប្រមាណ ៧,២០០ខ្នង នៅក្នុង​ទីក្រុងចំនួន ០៦ទូទាំងតំបន់កើតហេតុ ក៏បានរងការខូចខាត​ដោយសារ​កម្លាំង Shock Wave (រលកសំឡេងផ្ទុះដ៏កក្រើក) នេះផងដែរ ខណៈពុំមាន​សេចក្តីរាយការណ៍ ពីមនុស្សបាត់បង់ជីវិត​នោះ​ឡើយ។

គួរបញ្ជាក់ថា អាមច៍ផ្កាយ​ខាងលើ​មានប្រភពមកពី​ខ្សែក្រវាត់អាចម៍ផ្កាយ (Astroid Belt) ដែលស្ថិតនៅ​ចន្លោះ​ភពអង្គារ (Mars) និង​ភពព្រហស្បតិ៍ (Jupiter)។ ម៉្យាង​វិញ​ទៀតនោះ នៅ១៦ម៉ោង​ក្រោយហេតុការណ៍​ខាងលើ អាចម៍ផ្កាយមួយ​ដុំផ្សេងទៀតមាន​ឈ្មោះថា 2012 DA14 ជាមួយមុខកាត់ ៥០ម៉ែត្រ ដែល​ត្រូវ​បាន​​ព្យា​ករណ៍​​ដឹង​​ជា​មុន (មិន​ដូច​​អាចម៍​ផ្កាយ Chelyabinsk ដែលតូចពេក) ក៏បានហោះ​មកកៀកផែនដី​ថែមទៀតផង នៅរយៈ​ចម្ងាយប្រហែល ២៧,៧០០គីឡូម៉ែត្រ ពីភពរបស់យើង ក៏ប៉ុន្តែ​អ្នក​វិទ្យា​សាស្រ្ត​​បាន​អះអាងថា អាចម៍ផ្កាយ​ទាំងពីរនេះ ពុំមានទំនាក់ទំនង​នឹងគ្នាឡើយ៕

ចែករំលែក