កែវ​យឺត​អវកាស James Webb ដែល​គ្រប់គ្នា​រង់ចាំ​ថ្ងៃ​បង្ហោះ ត្រូវបាន​ពន្យា​ពេល​មួយឆ្នាំ​ទៀតហើយ ក៏​ព្រោះតែ…

0

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារ​អវកាស​អាមេរិក NASA បានធ្វើការ​ផ្លាស់ប្តូរ កាលបរិច្ឆេទ​សម្រាប់​ការ​បង្ហោះ​កែវ​យឺត​អវកាស James Webb ពី​ពេល​កំណត់​នៅ​ខែតុលា ឆ្នាំ២០១៨ ទៅកាន់​ពេលវេលា​ថ្មី​មួយទៀត គឺ​ចន្លោះ​ខែមីនា និង​មិថុនា ឆ្នាំ២០១៩ វិញ។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី វែបសាយ​វិទ្យាសាស្ត្រ Space Daily នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី០២ ខែតុលា ឆ្នាំ២០១។

អង្គការ NASA បាន​សេចក្តីប្រកាស​ខាងលើ នៅ​ទីស្នាក់ការ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា «ការប្រែប្រួល​នៃ​កាលបរិច្ឆេទ​កំណត់ នៃ​ការបាញ់​បង្ហោះ​កែវ​យឺត​អវកាស ដែលមាន​អនុភាព​ជាងគេ​បំផុត​នោះ គឺ​មិនមែន​ដោយសារ​តែមាន​បញ្ហា Hardware ឬក៏​បច្ចេកទេស​ឡើយ។ ផ្ទុយទៅវិញ ការដាក់​ឲ្យ​ដំណើរការ​រួមបញ្ចូល​គ្នា នៃ​សមាសធាតុ​ផ្សំខុសៗគ្នា របស់​កែវ​យឺត​អវកាស​នេះ កំពុងតែ​ត្រូវការ​ពេលវេលា យូរ​ជាង​អ្វីដែល​បាន​រំពឹងទុក»។

កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ ជាមួយ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ESA បានទាមទារ​ឲ្យ​អង្គការ NASA វិភាគ​ទៅលើ​ការត្រៀមខ្លួន​បាញ់​បង្ហោះ របស់​កែវ​យឺត​នេះ នៅ​មួយ​ឆ្នាំមុន​កាលបរិច្ឆេទ​កំណត់ សម្រាប់​ការចាប់ផ្តើម​បេសកកម្ម ហើយ​ការវាយតម្លៃ បាន​បង្ខំ​ឲ្យ​ក្រុមមន្ត្រី​ពាក់ព័ន្ធ ធ្វើការ​ពិចារណា​ផែនការ​ពួកគេ​ឡើងវិញ និង​ទីបំផុត​ក៏បាន​ជំរុញ​ឲ្យ NASA សម្រេច​ពន្យា​ពេល​សម្រាប់​ការបាញ់​បង្ហោះ កែវ​យឺត​អវកាស James Webb (JWST) ជាថ្មី​ម្តងទៀត។

គួរ​បញ្ជាក់ថា JWST គឺជា​អ្នក​ស្នង​តំណែង​បេសកកម្ម នៃ​កែវ​យឺត​អវកាស Hubble ដ៏​ចំណាស់ ដែល​ត្រូវបាន​បង្កើតឡើង កាលពី​ឆ្នាំ១៩៩៦ម្ល៉េះ។ ដោយឡែក​កាលពីពេល​កន្លងទៅ គម្រោង JWST ត្រូវបាន​រៀបចំ​សា​ឡើងវិញ​ជាច្រើន​ដង​មកហើយ ដោយ​រាល់​លើក​កាលបរិច្ឆេទ​កំណត់​នៃ​ការបាញ់​បង្ហោះ ត្រូវបាន​ពន្យា​ពេល​រហូត រួមមាន​ពី​ឆ្នាំ២០១១ ទៅ​ឆ្នាំ២០១៣, ពី​ឆ្នាំ២០១៥ ទៅ​ឆ្នាំ២០១៨, និង​ឥឡូវនេះ​លើក​ទៅដល់​ឆ្នាំ២០១៩៕

 

ចែករំលែក