រុស្ស៊ីប្រកាស៖ យានបំពេញបេសកកម្មថ្មី «ដើម្បីរុករកលើ ភពព្រះអង្គារ» នឹងត្រូវបាញ់​បង្ហោះនៅ​ឆ្នាំ២០២០ ដើម្បីទៅស្វែងរក…

0

(ម៉ូស្គូ)៖ គម្រោងចាប់​ផ្តើមបាញ់បង្ហោះយាន​ «បេសកកម្ម ExoMars-2020» ចេញពីមូលដ្ឋាន Baikonur Cosmondrome ក្នុងប្រទេស​​កាហ្សាក់ស្ថាន ទៅកាន់​ភពអង្គារ (Mars) ត្រូវបានគេកំណត់​ពេលវេលាថា នឹងប្រព្រឹត្ត​ទៅនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។ នេះ​បើ​តាម​​ការ​ចេញ​ផ្សាយដោយ​សារ​ព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី០៣ តុលា ឆ្នាំ២០១៧។

លោក Daniil Rodionov ប្រធានវិទ្យាស្ថាន​ស្រាវជ្រាវអវកាស នៃបណ្ឌិតសភា​វិទ្យាសាស្រ្តរុស្ស៊ី បានថ្លែងឲ្យដឹងថា «កាលបរិច្ឆេទ​​សម្រាប់​ការបាញ់​បង្ហោះ ExoMars-2020 គឺនៅឆ្នាំ២០២០ ពោលគឺប្រហែល​នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០»។ លោក Rodionov បានបន្ថែម​ទៀតថា ឧបករណ៍​សម្រាប់ចុះចត ដែលផលិតឡើង​ដោយរុស្ស៊ី រួមទាំងយានរ៉ូវើ (Rover) ដែលផលិតឡើង​ដោយអឺរ៉ុប នឹងត្រូវបញ្ជូន​​ទៅកាន់ទីតាំង​បាញ់បង្ហោះ Baikonur Cosmondrome នៅខែមីនា ឆ្នាំ២០២១ ស្របពេលដែល​ដំណើរការនៃការចុះចត​នៅភព​ព្រះអង្គារ​ ត្រូវគេរំពឹងថា នឹងធ្វើឡើង​នៅខែមីនា ឆ្នាំ២០២១។

ExoMars គឺជាបេសកកម្ម​រួមរវាង ទីភ្នាក់ងារអវកាសអឺរ៉ុប ESA និងទីភ្នាក់ងារ​អវកាសរុស្ស៊ី Roscosmos ដែលមាន​គោលដៅ ដើម្បី​ស្វែង​រក​ភស្តុតាង បញ្ជាក់ពីវត្តមាន​នៃសារធាតុមេតាន (Methane) នៅក្នុងបរិយាកាស​របស់ភពក្រហម​នេះ ដែលអាចឈាន​រកការទទួល​​ស្គាល់ថា អំពីវត្តមាននៃ​ជីវិតក្នុង​ទម្រង់ ឬសម័យកាលណាមួយ នៅលើភពអង្គារ​ប្រាកដមែន។ ដោយឡែក លោក Rodionov បានឲ្យដឹង​ទៀតថា កាលបរិច្ឆេទ​សម្រាប់ការចាប់ផ្តើម​បេសកកម្ម ExoMars-2020 ត្រូវបានលើក​ពីឆ្នាំ២០១៨ ទៅកាន់ឆ្នាំ២០២០ គឺដើម្បីតែធានា​​ការពារ​យាន​នៃគម្រោងនេះ ពីឥទ្ធិពលនៃព្យុះធូលី​នៅលើភពព្រះអង្គារ។

គួរបញ្ជាក់ថា កាលពី​ខែមីនា ឆ្នាំ២០១៦ គ្រាប់​រ៉ុក្កែតធុន Proton-M របស់រុស្ស៊ី ត្រូវបានបាញ់​បង្ហោះទៅកាន់​ទីអវកាស ដោយ​នាំ​យក​​ទៅ​ជាមួយ​នូវ​​ផ្កាយរណប TGO រួមទាំងយាន​ចុះចត Schiaparelli របស់​បេសកកម្ម ExoMars ​ចេញពី​មូលដ្ឋាន Baikonur Cosmodrome។ យាន Schiaparelli ដែលត្រូវគេបម្រុងថា នឹងប្រើប្រាស់​ដើម្បីធ្វើការតេស្ត​បច្ចេកវិទ្យា សម្រាប់ដំណើរ​បេសកកម្ម ExoMars បន្ទាប់​លើក​​ទីពីរ​នាឆ្នាំ២០២០ ខាងមុខនេះនោះ ត្រូវបានទម្លាក់​ខ្លួនចេញពី TGO កាលពីខែតុលា ឆ្នាំដដែល ក៏ប៉ុន្តែមិនបាន​ទៅដល់ផ្ទៃ​នៃភពអង្គារ​ដោយជោគជ័យ​តាមការគ្រោង​ទុកឡើយ។ ទីភ្នាក់ងារ ESA បាន​បញ្ជាក់ថា យានចុះចត នេះបានធ្លាក់​ខ្ទេច​នៅលើ Mars៕

ចែករំលែក