អង្គការ NASA កំពុង​រង​សម្ពាធ​យ៉ាងខ្លាំង ក្រោយពី SpaceX «ប្រកាស​នាំ​មនុស្ស​ទៅ​ជាន់ដី​ភព​អង្គារ នៅ​ឆ្នាំ២០២២» ដែល​លឿន​ជាង​គំរោង NASA រហូតដល់ ១០ឆ្នាំ!

0

(វ៉ាស៊ីនតោន)៖ សេចក្តីប្រកាស​របស់​ស​ហ​គ្រិន-មហាសេដ្ឋី​លោក Elon Musk ដែលជា​នាយក​ប្រតិបត្តិ (CEO) របស់​ក្រុមហ៊ុន​អវកាស SpaceX កាលពី​សប្តាហ៍​មុន ស្តីពី​កា​រព​ន្លឿ​ន​គម្រោងការ សម្រាប់​បេសកកម្ម​បញ្ជូន​មនុស្ស ទៅកាន់​ដែនដី​នៃ​ភព​អង្គារ (Mars) បាន​បង្ក​ជា​សម្ពាធ​យ៉ាងខ្លាំង ទៅលើ​កិច្ចប្រឹងប្រែង​របស់​ទីភ្នាក់ងារ​អវកាស NASA ដែលមាន​គោលដៅ​ដូចគ្នា។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Washington Post នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧។

ដោយសារតែ​លោក Elon Musk បានដាក់​ចេញ​ជា​សាធារណៈ​នូវ កាលបរិច្ឆេទ​កំណត់​មួយ ដែល​ឆាប់រហ័ស​ជាង NASA បែបនេះ ហើយ​ចក្ខុវិស័យ​របស់លោក ត្រូវបាន​អះអាងថា មានតម្លៃ​ធូរ​ថ្លៃ​ជាង និង​អាច​ប្រើប្រាស់​ការឧបត្ថម្ភ​ជា​ចម្បង តាមរយៈ​កញ្ចប់​មូលនិធិ​ឯកជន​ទៀត​នោះ ការជជែក​ដេញដោល ដែល​ពុំ​ធ្លាប់មាន​ពីមុនមក កំពុងតែ​ពុះ​ក​ញ្ច្រោ​ល​ឡើង ជុំវិញ​ទិសដៅ​នៃ​គោលការណ៍ របស់​ទីភ្នាក់ងារ​អវកាស​អាមេរិក។

ក្រុម​អ្នកជំនាញ​ផ្នែក​អវកាស បានចាត់ទុក​ផែនការ​ដាក់ចេញ​ដោយ​ក្រុមហ៊ុន SpaceX របស់លោក Musk ក្នុងការ​បញ្ជូន​មនុស្ស​ឲ្យ​ទៅជា​ន់​លើ​ភព​ក្រហម Mars ក្នុងអំឡុងពេល​ពាក់កណ្តាល​ទសវត្ស​ក្រោយនេះ ពោលគឺ​នៅ​ឆ្នាំ២០២៤ ថា ជាការ​ជឿជាក់​មួយ​ឲ្យ​ប្រកបដោយ​សុ​ទិ​ដ្ឋ​និយម​ខ្ពស់។ សម្រាប់​អ្នកខ្លះ​ទៀត កាលបរិច្ឆេទ​កំណត់​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ របស់លោក Musk ហាក់ដូចជា​ពោ​ពេញ​ដោយ​មហិច្ឆតា​ធំ​បន្តិច​ហើយ សូម្បីតែ​សម្រាប់​បេសកកម្ម​ទៅកាន់​ឋាន​ព្រះ​ច័ន្ទ។

ដោយឡែក អង្គការ NASA ពុំបាន​ស​ញ្ចឹ​ង​គិតថា​នឹង​នាំយក​ក្រុម​អ្នក​អវកាស​របស់ខ្លួន ទៅដល់​ភព​អង្គារ ក្នុងអំឡុងពេល០៥ឬ០៦ឆ្នាំ​ខាងមុខ​នោះឡើយ គឺ​យ៉ាងហោចណាស់​ក៏​មួយ​ទសវត្ស​ទៀត​ដែរ ហើយ​សូម្បីតែ​ដូច្នេះ​ក៏ដោយ NASA នៅតែ​កំពុង​ជួបប្រទះ​បញ្ហា​ប្រឈម​ជាច្រើន​ផងដែរ ដូចជា​កង្វះខាត​ការឧបត្ថម្ភ​ជាដើម។ ម្យ៉ាងវិញទៀត បន្ទាប់ពី​ក្រុមហ៊ុន SpaceX បានប្រកាស​ពី​កាលបរិច្ឆេទ​ដ៏​លឿន​រហ័ស​បែបនេះ NASA កាន់តែ​មាន​ផល​លំបាក​ខ្លាំង​ថែមទៀត ក្នុងការ​និយាយ​ការពារ​ខ្លួន នៅ​ចំពោះមុខ​ការរិះគន់​ដែលថា គម្រោង​របស់ខ្លួន ត្រូវការ​ចំណាយ​យូរពេក​ហើយ។

អតីត​អ្នកស្រាវជ្រាវ​វិស័យ​អវកាស​ម្នាក់ របស់​រដ្ឋាភិបាល​អាមេរិក បាន​និយាយថា ប្រសិនបើ​ក្រុម SpaceX ទទួលជោគជ័យ​មែន​នោះ វា​នឹងធ្វើ​ឲ្យ​កម្មវិធី​អភិវឌ្ឍន៍​គ្រាប់​រ៉ុក្កែត​និង​យានអវកាស​របស់ NASA ប្រៀបដូចជា​ឧបករណ៍​ចាស់​បុរាណ ដែល​ហួស​សម័យ តាំងពី​ជំនាន់​សតវត្ស​ទី២០អ៊ីចឹង ក៏ប៉ុន្តែ​ការសម្រេច​មហិច្ឆតា​ដ៏​ធំ​សម្បើម​នេះ ក៏​ពុំមែន​ជា​រឿងងាយៗនោះដែរ៕

ចែករំលែក