សញ្ញា​ល្អ! ក្រោយ​ដំណើរការ​មួយឆ្នាំ «តេ​ឡេ​ស្កូ​ប​យក្ស​ចិន រកឃើញ​ផ្កាយថ្មីៗពីរ» តែ​ចម្ងាយ​វិញ ឆ្ងាយកប់ៗកាឡាក់ស៊ី​តែម្តង…

0

(ប៉េកាំង)៖ គ្រាន់តែ​ដាក់​ឲ្យ​ដំណើរការ​ជា​លើកដំបូង រយៈពេល​មួយឆ្នាំ​ប៉ុណ្ណោះ តេ​ឡេ​ស្កូ​ប​យក្ស​របស់​ប្រទេស​ចិន FAST ដែលជា​ចាន​តេ​ឡេ​ស្កូ​ប​ធំជាងគេ​បំផុត នៅលើ​ពិភពលោក​នេះ បាន​រកឃើញ និង​កំណត់​លក្ខណៈ​នៃ​ផ្កាយថ្មីៗចំនួន​ពីរ​ទៅហើយ។ នេះ​បើតាម​ការអះអាង​ពី​ក្រុម​ស្រាវជ្រាវ​តារាសាស្ត្រ​ជាតិចិន (NAO) ដែល ស៊ីន​ហួរ ដកស្រង់​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី១០ ខែតុលា ឆ្នាំ២០១។

តារាថ្មីៗ (pulsar) ចំនួន​ពីរ ដែល​ត្រូវបាន​រកឃើញ​នោះ គឺ​មួយ​មាន​ចម្ងាយ ១៦,០០០ឆ្នាំ​ពន្លឺ​ពី​ភពផែនដី និង​មួយទៀត​ចម្ងាយ ៤,១០០ឆ្នាំ​ពន្លឺ ពី​ភពផែនដី ដែល​មួយឆ្នាំ​ពន្លឺ​គឺ​ស្មើនឹង ៩.៤៦១ពាន់​ពាន់​លាន​គីឡូម៉ែត្រ​ឯណោះ។

គួរ​បញ្ជាក់ថា តេ​ឡេ​ស្កូ​ប​យក្ស FAST មានតម្លៃ ១៨៥លាន​ដុល្លារ​អាមេរិក ត្រូវបាន​កសាងឡើង​អស់​ពេល​ជាច្រើន​ឆ្នាំ​នៅក្នុង​ខេត្ត គុយ​ចូ​វ ភាគ​និរតី​ប្រទេស និង​ត្រូវ​បានដាក់​ឲ្យ​ដំណើរការ​សាកល្បង​កាលពី​ឆ្នាំ២០១៦ កន្លងទៅនេះ។ គោលដៅ​សំខាន់ FAST គឺ​ស្វែងរក​ពិភព​អេ​លៀន (ភព​ផ្សេង ដែល​អាច​ទ្រទ្រង់​ជីវិត) ដែល​កំពុង​គោចរ​នៅ​ជុំវិញ​ផ្កាយ​ណាមួយ នៅក្នុង​កាឡាក់ស៊ី​នេះ។

អ្វីដែល​ពិសេស និង​អស្ចារ្យ​បន្ថែមទៀត​សម្រាប់ FAST គឺ​វា​អាចមាន​លទ្ធភាព​កំណត់​ទីតាំង​តារា រហូតដល់​ចម្ងាយ​លើស ១,០០០ឆ្នាំ​ពន្លឺ ពី​ភពផែនដី​ឯណោះ ដោយសារ​អានុភាព​នៃ​បន្ទះ​តេ​ឡេ​ស្កូ​ប​ចំនួន ៤,៥០០បន្ទះ រួមបញ្ចូល​គ្នា​បង្កើត​ចេញ​បណ្តុំ​តេ​ឡេ​ស្កូ​ប​យក្ស ដែលមាន​ប្រវែង​រង្វង់ ១.៦គីឡូម៉ែត្រ៕

ចែករំលែក