បេសកកម្ម​ទៅ​ភព និង​ព្រះ​ច័ន្ទ​នានា នឹង​កាន់តែ​ពិបាក​ព្រោះ NASA ជិត​អស់​សារធាតុ​នុយក្លេអ៊ែរ ដើម្បី​បញ្ចូល​ក្នុង​យានអវកាស​ហើយ…

0

(វ៉ាស៊ីនតោន)៖ កន្លែង​ភាគច្រើន​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ពុំ​អាច​ទៅដល់​ដោយ​មិន​ប្រើប្រាស់ ថាមពល​នុយក្លេអ៊ែ​របា​ន​ឡើយ។ ទីភ្នាក់ងារ​អវកាស​អាមេរិក NASA បាននិងកំពុង​ប្រើប្រាស់​សារធាតុ​អ៊ី​សូ​តូ (Isotobe) ម្យ៉ាង​មាន​ឈ្មោះថា «Plutonium-238» ដែល​បង្កើតឡើង​កាលពី​សម័យ​សង្គ្រាមត្រជាក់ ដើម្បី​ផ្គត់ផ្គង់​ថាមពល​ដល់​បេសកកម្ម ប្រកបដោយ​មហិច្ឆតា​ជាច្រើន​របស់ខ្លួន។ ក៏ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺថា NASA នឹង​ប្រើប្រាស់​សារធាតុ​ដ៏​ចាំបាច់​នេះ អស់​នៅក្នុង​អំឡុង ០៨ឆ្នាំ ខាងមុខ​ទៀត ហើយ​ទោះបីជា​ក្រសួង​ថាមពល​អាមេរិក កំពុង​ផលិត​វា​បន្ថែម​ក៏ដោយ ប្រការនេះ​អាច​នឹង​ជះ​ផលប៉ះពាល់​ដល់​បេសកកម្មធំៗ នាពេល​អនាគត​របស់ NASA ដែល​ពឹង​ផ្អែកលើ​ថាមពលនុយក្លេអ៊ែរ។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី សារព័ត៌មាន Business Insider នៅ​រសៀល​ថ្ងៃ​ពុធ ទី១១ ខែតុលា ឆ្នាំ២០១។

ជាក់ស្តែង​ភព និង​ព្រះ​ច័ន្ទ​នានា ស្ថិតក្នុង​គម្លាត​ដ៏​សែនឆ្ងាយ​ពី​ភពផែនដី ដែលជារឿយៗនោះ​គឺ​នៅ​ដាច់ស្រយាល, ពុំ​សូវ​មាន​ពន្លឺ, និង​ត្រជាក់​ខ្លាំង សម្រាប់​ឲ្យ​យានអវកាស​ណាមួយ ធ្វើដំណើរ​ទៅ​ស្រាវជ្រាវ​រុករក នៅក្នុង​ប្រព័ន្ធ​ផ្កាយ​របស់​យើង​បាន។ តែ​សំណាងល្អ យើង​មាន Plutonium-238 ជា​ទម្រង់​សារធាតុ​វិទ្យុសកម្ម ដែល​កម្តៅ​របស់​វា អាច​បំ​ឡែ​ង​ទៅជា​ចរន្តអគ្គិសនី​បាន។ នៅពេលដែល​ដាក់​ទៅក្នុង​ឧបករណ៍​ផ្គត់ផ្គង់​ថាមពល​ម្យ៉ាង​ហៅថា RPS សារធាតុ Plutonium-238 ឬ Pu-238 នេះ អាច​រក្សា​ឲ្យ​យាន​បេសកកម្ម​ដ៏​អស្ចារ្យ​ភាគច្រើន​របស់​អង្គការ NASA បន្ត​ប្រតិបត្តិការ​បាន​រាប់​ទសវត្សរ៍​ឯណោះ ក្នុង​ទី​អវកាស។ តួយ៉ាង Pu-238 នេះហើយ គឺជា​ហេតុផល នៅ​ពីក្រោយ​ដំណើរ​ផ្សងព្រេង​ដ៏​វែងឆ្ងាយ ពោលគឺ​ប្រមាណ៤០ឆ្នាំ របស់​យានអវកាស​ភ្លោះ Voyager-1 និង Voyager-2។

ដោយឡែក អី្វ​ដែលជា​បញ្ហា​នោះ​គឺថា សារធាតុ Pu-238 ស្ទើរតែ​ទាំងអស់ ត្រូវបាន​ផលិត​ឡើងជា​ចុងក្រោយ កាលពី​អំឡុង​សម័យ​សង្គ្រាមត្រជាក់​ម្ល៉េះ ហើយ​វា​អាច​នឹង​អស់​នៅក្នុង​អំឡុងពេល ០៨ឆ្នាំ​ទៀត។ ទន្ទឹមនឹងនេះ ទោះបីជា​ក្រសួង​ថាមពល​អាមេរិក កំពុង​ដុតដៃដុតជើង ដើម្បី​បង្កើត​សារធាតុ​ភ្លុ​យ​តូ​ញ៉ូ​ម យ៉ាងណាក៏ដោយ មាន​សេចក្តីរាយការណ៍​ថា បញ្ហា​ជាមួយ​កម្មវិធី​នេះ ប្រហែលជា​អាច​បង្ក​ការរាំងស្ទះ​ដល់​សមត្ថភាព​របស់​អង្គការ NASA ក្នុងការ​ប្រើប្រាស់​ឧបករណ៍ RPS ធ្វើជា​ប្រភព​ថាមពល សម្រាប់​បេសកកម្ម​នាពេល​អនាគត។

គួរ​បញ្ជាក់ថា ប្រសិនបើ NASA ជួបប្រទះ​បញ្ហា​រឿង​ផលិត​សារធាតុ​ភ្លុ​យ​តូ​ញ៉ូ​ម (Plutonium) នេះ​មែន​នោះ អនាគត​នៃ​ការស្រាវជ្រាវ​រុករក​ក្នុង​ទី​អវកាសឆ្ងាយៗ មិនដឹងថា​នឹង អាច​ត្រូវ​ស្ថិតក្នុង​ស្ថាន​ភាពមិនច្បាស់លាស់ សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ឡើយ៕

ចែករំលែក