តើបងប្អូនដឹងទេ? បច្ចុប្បន្នមនុស្សចំនួន «៧.៦ពាន់លាននាក់» ធ្វើឲ្យផែនដីពិបាកទ្រទ្រង់​ណាស់ ហើយបើចង់រស់នៅបានសុខ គឺយើងត្រូវការ​ផែនដីចំនួន…

0

(បរទេស)៖ មានការលើក​ឡើងថា ប្រសិនបើមនុស្សគ្រប់គ្នា​នៅលើលោកនេះ ប្រើប្រាស់ធនធាន​នៃភពរបស់យើង ដូចទៅនឹង​ប្រ​ជា​ជន​អា​មេ​រិក​​​ទាំង​​អស់​​​គ្នា​​នោះ គេត្រូវការភព​ផែនដី​ចំនួន ០៤ ទើបអាចទ្រទ្រង់​មនុស្សរាប់ពាន់លាន​នាក់នេះ ឲ្យរស់នៅប្រកប​ដោយភាព​​សុខ​​ដុម​បាន។ នេះបើតាម​ការដក​ស្រង់​​ការ​​ផ្សាយចេញពី​សារព័ត៌មាន BBC នៅល្ងាចថ្ងៃពុធ ទី១១​ ខែតុលា ឆ្នាំ២០១៧។

ប្រជាជនប្រមាណ​ជាង ៧.៦ពាន់លាននាក់ នៅលើផែនដី​ប្រើប្រាស់ធនធាន​ នៃភពរបស់យើង ក្នុងបរិមាណ​ខុសៗគ្នា។ តួយ៉ាង​សាកល្បង​ប្រៀប​ធៀបជីវភាពរស់នៅ​ដ៏សាមញ្ញ​របស់ប្រជា​កសិករ ទៅនឹង​អ្នកមាន​ស្តុកស្តម្ភ ដែលរស់នៅ​ក្នុងទីក្រុង​ទំនើប​ នៃបណ្តាប្រទេសអភិវឌ្ឍន៍។ ស្រមៃ​មើល​ពីបរិមាណ​នៃធនធាន ដែលចាំបាច់​សម្រាប់បម្រើ​ ក៏ដូចជាបំពេញតម្រូវការជន​ទាំងអស់នេះ ដោយជាក់ស្តែង​ពលរដ្ឋ​​​អាមេរិក ជា​មធ្យម​​ប្រើ​ប្រាស់​ធន​ធាន​របស់ផែនដី ច្រើនជាង​ប្រជាជននៅ​តាមប្រទេសដទៃៗ​ទៀត ដែលមិនសូវ ឬក៏កំពុង​អភិវឌ្ឍន៍ ដូច្នេះ​ហើយ​ទើបគេអាចគណនាបានថា មនុស្សសរុប ៧.៦ពាន់លាននាក់ ត្រូវការផែនដីពី ០៤ ទៅ០៥។

គួរបញ្ជាក់ថា សព្វថ្ងៃចំនួន​ប្រជាជនសរុប​នៅលើផែនដី គិតមកដល់​ខែតុលា ឆ្នាំ២០១៧នេះ គឺប្រមាណ ៧.៦ពាន់លាននាក់ ហើយ​អង្គការសហប្រជាជាតិ​បានព្យាករណ៍ទុកទៀតថា តួលេខនេះនឹងបន្ត​កើនដល់ ១១.២ពាន់លាននាក់ នៅឆ្នាំ២១០០។ ដូច្នេះ​លោកអ្នក​អាច​ប្រមើមើលបានថា តើនឹងមានរឿងអ្វីកើតឡើង នៅពេលដែលចំនួនមនុស្សកាន់តែកើន ផ្ទៃដីនៅដដែល ប៉ុន្តែធនធានសម្រាប់ទ្រទ្រង់ពួកគេកាន់តែខ្សត់ខ្សោយខ្លាំងនោះ?

ចែករំលែក