មើលរឿង «The Martian» ទើបដឹងថា ការទៅរស់នៅភពអង្គារ គឺវេទនារកលេខដាក់គ្មាន ប៉ុន្តែមូលហេតុនៅត្រង់នេះ…

0

(បរទេស)៖ ខ្សែភាពយន្ត​ដ៏ល្បីគួរសមគឺ The Martian ឆ្នាំ២០១៥ ពិតជាបានបំពេញ​ចិត្ត​អ្នកគាំទ្រវិស័យ​វិទ្យាសាស្ត្រ និងអវកាស​​មិនតិចនោះទេ ព្រោះមិនយូរឆ្នាំទៀតទេ រឿងនេះ​នឹងអាចក្លាយជាការពិតមួយ តាមរយៈការប្រឹងអភិវឌ្ឍបច្ចេកវិទ្យា ទៅតាមសម័យកាល និងការបំពេញ​តាមលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីឲ្យមនុស្សអាចទៅរស់នៅ​លើភពអង្គារបាន ទោះបីជាវាត្រូវផ្សងព្រេងគ្រោះថ្នាក់ និងហាក់ក្លាយជាទុក្ខវេទនាក្នុងតំណាក់កាលដំបូងក្តី។

ជាការពិតអ្នក​វិទ្យាសាស្ត្រមួយចំនួន ធ្លាប់បានលើក​ឡើងថា «មនុស្សមានគំនិតបញ្ញា និងសមត្ថភាពអាច​គិតឃើញពីគំនិត ឬវិធីល្អៗ សម្រាប់ការស្រាវជ្រាវ​ទីអវកាស និងស្វែងរក​របកគំហើញថ្មីៗ​សម្រាប់អនាគត​នៃការស្រាវជ្រាវ ទៅតំបន់កាន់តែឆ្ងាយៗ និងមានប្រយោជន៍ ប៉ុន្តែទោះបីជា​គំនិតនោះ ត្រូវបានគូសវាស និងរៀបចំជាផែនទីការមកហើយក្តី បើសិនជាគ្មាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ ឬការអនុញ្ញាត​ពីមេធំទេនោះ អ្វីៗគឺត្រឹម​តែជាការស្រមៃ​លើក្រដាសប៉ុណ្ណោះ»។

ជាក់ស្តែងរឿង «The Martian» ដែលបកប្រែថា «ប្រជាជននៃភពអង្គារ» បានបង្ហាញអំពី​វិធី ​ធ្វើដំណើរ, ទំនាក់ទំនងរវាងផែនដី និងភពអង្គារ, ការធ្វើការងារជាក្រុម និងការព្យាយាម​រស់នៅតែឯង ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់បំផុត, ការដាំដុះ និងការរក្សាធនធាន​ដែលខ្សត់ខ្សោយ, ជាពិសេសគឺតម្លៃនៃរបបគំហើញ ដែលមនុស្សនៅលើភពអង្គារសម្រេចបាន នឹងធ្វើឲ្យប្រជាជន​នៅផែនដីស្វាគមន៍​ ព្រមទាំងផ្តល់តម្លៃយ៉ាងខ្លាំង។

សរុបសេចក្តីមក គឺភាពយន្ត The Martian មានគុណតម្លៃ ចំពោះការព្យាយាម​​ពង្រីក​ឥទ្ធិពល​របស់មនុស្ស ទៅលើតំបន់​ផ្សេងៗទៀត នៅក្នុងប្រព័ន្ធព្រះអាទិត្យ​របស់យើង ទៅតាមភាព​ប្រាកដ​និយម និងការជឿជាក់ក្នុងចិត្តថា មនុស្សពិតជា​មានលទ្ធភាព ធ្វើអ្វីៗបានធំធេង​ ដោយសារ​តែការចេះ​ធ្វើការងាររួមគ្នា និងការជួយជ្រោមជ្រែង​យ៉ាងអស់ពីចិត្ត ពីសំណាក់រដ្ឋាភិបាល​​របស់​ពួកគេ ព្រមទាំងប្រទេស​ជាដៃគូផងដែរ។

សូមទស្សនាសាច់រឿងទាំងមូល ដែលងាយៗយល់​ប៉ុណ្ណោះ បើទោះបីជាលោកអ្នក មិនមានជំនាញខ្ពស់ខាងភាសាអង់គ្លេសក៏ដោយ ក៏អាច​នឹងយល់ដឹងបានច្រើន តាមរយៈសកម្មភាពនានា ក្នុងខ្សែភាពយន្តនោះដែរ៕

ចែករំលែក