ប្រុងប្រយ័ត្ន! «យានអវកាស​ចិន Tiagong-1 ដែល​គ្រប់គ្រង​លែង​បាន កំពុង​ធ្លាក់​ចុះមក​ផែនដី» និង​មាន​ទម្ងន់…

0

(វ៉ាស៊ីនតោន)៖ ស្ថានីយ៍​អវកាស​ចិន Tiagong-1 កំពុងតែ​ចល័ត​សំដៅ​ចុះមក​កាន់​ភពផែនដី ក្នុង​លក្ខណៈ​មួយ​ដែល​មិនអាច​គ្រប់គ្រង​បានឡើយ ហើយ​ទោះបីជា​ផ្នែក​ភាគច្រើន​របស់​វា នឹងត្រូវ​ឆេះ​រលាយ​អស់ នៅពេល​ឈាន​ចូលដល់​បរិយាកាស​ផែនដី​ក៏ដោយ បំណែកធំៗជាមួយ​ទម្ងន់​រហូតដល់ ១០០គីឡូក្រាម នឹង​នៅតែ​ត្រូវ​ធ្លាក់​មកលើ​ផ្ទៃផែនដី​ដដែល នៅក្នុង​អំឡុងពេល​ប៉ុន្មាន​ខែ​ខាងមុខ។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​រុស្ស៊ី Sputnik នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។

បន្ទាប់ពី​ត្រូវបាន​បាញ់​បង្ហោះ​ទៅកាន់​ទី​អវកាស កាលពី​ឆ្នាំ២០១១ ក្រុមមន្ត្រី​រដ្ឋាភិបាល​ចិន បានសម្រេច​បោះ​ចង់​ចោល​កម្មវិធី Tiagong-1 នេះ​ចោល​វិញ នៅ​ឆ្នាំ២០១៦ ដោយសារតែ​ការបរាជ័យ​ផ្នែក​មេកានិច របស់​ស្ថានីយ៍​អវកាស​នេះ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន បាន​ប៉ាន់​ស្មានថា ស្ថានីយ៍ Tiagong-1 នឹង​វិល​ធ្លាក់​ត្រឡប់​មករក​ផែនដី​វិញ នៅ​ចន្លោះពេល​ឥឡូវនេះ និង​ខែមេសា ឆ្នាំ២០១។ ទីក្រុង​ប៉េកាំង​បាន​ប្រាប់​អង្គការសហប្រជាជាតិ កាលពី​ខែឧសភា​កន្លងទៅ នៅពេលដែល Tiagong-1 ឈាន​ចូលមកក្នុង​បរិយាកាស​របស់​យើង​នោះ UN នឹងត្រូវ​ផ្តល់ដំណឹង​ជូនភ្លាមៗ អំពី​ស្ថានការណ៍​នោះ។

គួរ​បញ្ជាក់ថា ហេតុការណ៍​នេះ​ត្រូវគេ​រំពឹងថា នឹងមិន​បង្ក​ឲ្យ​មាន​មនុស្ស​រងគ្រោះ​ធ្ងន់ធ្ងរ​ឡើយ ហើយ​គេ​ក៏​មិនទាន់​អាច​ដឹង​ពី​ទីតាំង ដែល​បំណែក​នៃ​ស្ថានីយ៍​អវកាស​នេះ នឹង​ធ្លាក់​មកលើ​ផែនដី​ដែរ ដោយសារតែ​ផ្ទៃ​នៃ​ភព​របស់​យើង ត្រូវបាន​គ្របដណ្តប់​ប្រមាណ ៧១ភាគរយ ដោយ​មហាសមុទ្រ​នោះ បំណែក​របស់ Tiagong-1 នឹង​ធ្លាក់ចំ​ផ្ទៃ​ទឹកជា​ជាង​ផ្ទៃដី។

ទោះបី​ធ្លាប់មាន​បទពិសោធន៍​ក្នុង​រឿង​ដដែល​នេះ ពី​សំណាក់​ភ្នាក់ងារ​អវកាស​អាមេរិក និង​រុស្ស៊ី កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ និង ១៩៩០ ក៏ដោយ ប៉ុន្តែ​លើក​នេះ​បំណែក​យាន​ដែល​ធ្លា​ក់មក គឺមាន​ទម្ងន់​រហូតដល់​ទៅ ១០០គីឡូក្រាម ប្រសិនបើ​វា​ធ្លាក់​មកដល់​ផ្ទៃផែនដី ហើយ​អ្នកជំនាញ​ខ្លះ​ក៏បាន​ព្រមាន​ផងដែរ​ថា យើង​មិនត្រូវ​គិតថា វា​នឹង​ធ្លាក់​ក្នុង​មហាសមុទ្រដូចពេលមុនៗនោះឡើយ ព្រោះ​លទ្ធភាព​ដែល​វា​អាច​បង្ក​គ្រោះថ្នាក់ ក៏​នៅតែមាន​ដែរ៕

ចែករំលែក