ផ្នែក​តារាសាស្ត្រ​ព្រមាន៖ «អាចម៍ផ្កាយ 2012 TC4 ទំហំ​មុខកាត់៣០ម៉ែត្រ អាច​នឹង​បុក​ផែនដី​នៅ​ឆ្នាំ២០៧៩»

0

(អាមេរិក)៖ អាចម៍ផ្កាយ​ទំហំ​មុខកាត់​ប៉ុន​រថយន្តក្រុង​មួយ​ដុំ ទើបបាន​ហោះ​ឆាប​ភព​របស់​យើង នា​សប្តាហ៍​នេះ ក៏ប៉ុន្តែ​កុំ​ទាន់​អាល​អរ​ពីព្រោះ​ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​ព្រួយបារម្ភ​ថា ដុំថ្ម​អវកាស​ដដែល​នេះ នឹង​វិលត្រឡប់​ថយក្រោយ​វិញ ហើយ​មក​បុក​ចំ​ផែនដី​តែម្តង នៅក្នុង​ឆ្នាំ២០៧។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​រុស្ស៊ី Sputnik នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។

អាចម៍ផ្កាយ 2012 TC4 ដែល​ត្រូវបាន​គេ​ប្រមាណ​ថា ប្រហែល​ជាមាន​មុខកាត់​ចន្លោះ​ពី ១៥ម៉ែត្រ ទៅ ៣០ម៉ែត្រ​នោះ បានធ្វើ​ដំណើរ​មក​នៅត្រឹម​ចម្ងាយ ៤៤,០០០គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ភព​របស់​យើង កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ដែលជា​ចម្ងាយ​កៀក​ខ្លាំង​មែនទែន។ បើតាម​ការប្រៀបធៀប​វិញ ព្រះ​ច័ន្ទ​គឺ​ពុំដែល​នៅ​ជិត​ផែនដី​ជាង ៥៨៤,២០០គីឡូម៉ែត្រ​ឡើយ ហើយ​ផ្កាយរណប​ដែល​កំពុងដំណើរការ ឆ្ងាយ​ជាងគេ​បំផុត​របស់​យើង គឺ Interstellar Boundary Explorer នោះ​កំពុង​ស្ថិតនៅ​ចម្ងាយ ៦២,០០០គីឡូម៉ែត្រ​ពី​ផែនដី។

ទាក់ទិន​នឹង​គន្លង​ធ្វើដំណើរ​របស់​អាចម៍ផ្កាយ​នេះ ក្រុម​តារាវិទូ​បាន​អះអាងថា ការហោះ​កៀក​បន្ទាប់​របស់​វា​នៅ​ឆ្នាំ២០៥០ នឹងមិន​អាចមក​ប៉ះ​ផែនដី​ទេ តែ​នៅ​ឆ្នាំ២០៧៩វិញ ប្រហែលជា​អាចទៅរួច។ យ៉ាងណាមិញ វា​នៅតែ​មិនមែនជា​រឿង ដែល​នឹង​កើតឡើង ១០០ភាគរយ​ឡើយ ដោយ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ESA បានដាក់​ប្រូ​បាប​នៃ​ការប៉ះទង្គិច​គ្នា​ក្នុង​ចំនួន ០១ ភាគ ៧៥។

គួរ​បញ្ជាក់ថា នៅក្នុង​ករណី​ដែល 2012 TC4 ធ្លាក់​មក​ចំ​ផែនដី​មែន​នោះ វា​អាច​នឹងមាន​ឥទ្ធិពល​ស្រដៀង​ទៅនឹង​អាចម៍ផ្កាយ Chelyabinsk ដែល​បាន​ផ្ទុះ​នៅលើ​ប្រទេស​រុស្ស៊ី ហើយ​បង្ក​ការ​ខូ​ត​ខាត​គិត​ជា​ទឹកប្រាក់ ៣៣លាន​ដុល្លារ និង​បណ្តាល​ឲ្យ​មនុស្ស ១,៥០០នាក់​របួស ប៉ុន្តែ​មិនបាន​ផ្តាច់ជីវិត​នរណាម្នាក់​ឡើយ ដោយ​សម្អាងថា អាចម៍ផ្កាយ​ទាំងពីរ​នេះ មាន​មុខកាត់​ប្រហាក់ប្រហែលគ្នា។

ដូច្នេះ​មានន័យថា វា​នឹង​មិនមែនជា​ចុងបញ្ចប់​សម្រាប់​ផែនដី ក៏ដូចជា​មនុស្សលោក​យើង​ឡើយ។ យ៉ាងណាមិញ ប្រសិនបើ​វា​វាយប្រហារ​ចំ​លើ​តំបន់​មនុស្សម្នា​ច្រើន​វិញ​នោះ វា​អាច​បង្ក​ការរំខាន​ក៏ដូចជា​បំផ្លិចបំផ្លាញ​គួរសម៕

ចែករំលែក