រំភើបចំពោះការប្តេជ្ញារបស់ NASA! «រលកវិទ្យុសកម្មនៅទីអវកាស មិនអាចរារាំងយើង​បញ្ជូនមនុស្ស​ទៅភពអង្គារនោះទេ»

0

(អាមេរិក)៖ ខណៈដែលគ្រប់គ្នា ហាក់មានក្តីសង្ឃឹមឡើងវិញ​បន្ទាប់ពីក្រុមហ៊ុន SpaceX ព្រមទាំង​អង្គការ NASA បានអះអាង​បន្តបន្ទាប់គ្នាថា នឹងបញ្ជូនមនុស្ស​ទៅភពអង្គារឲ្យបាន​រៀងៗ​ខ្លួន​នោះ អង្គការអវកាស​អាមេរិកមួយនេះ បានបង្ហាញ​ការប្តេជ្ញាបន្ថែម​ទៀតថា ទោះបីជា​សារធាតុវិទ្យុ​សកម្មនៅភពអង្គារ គឺជាបញ្ហាធំ​ក៏ដោយ ក៏វានឹងមិនមែនជាឧបសគ្គ​ដែលអាចរារាំង​បេសកកម្មនៅ​ក្នុងឆ្នាំ២០៣០ នោះឡើយ។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន Astrobio នាល្ងាច​ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។

លោក Pat Troutman អ្នកដឹកនាំការ​វិភាគយុទ្ធសាស្ត្រ នៃបេសកកម្ម​នាំមនុស្សរបស់ NASA ទៅភពអង្គារ បានលើកឡើង​កាលពីពេលថ្មីៗនេះថា «មនុស្សមួយចំនួន​គិតថា បញ្ហា​រលកវិទ្យុសកម្មនេះ​ហើយ ដែលនឹងរារាំង NASA មិនឲ្យនាំមនុស្ស​ទៅភពអង្គារ ប៉ុន្តែវាមិន​មែនជាបញ្ហា​សម្រាប់ពេលនេះទេ។ នៅពេលដែលយើង បំពាក់បន្ថែមបច្ចេកវិទ្យាថ្មីទៀត យើងមានសុទិដ្ឋិនិយមថា យើងនឹងនាំអវកាសយានិកនានា ទៅកាន់ភពអង្គារដោយជោគជ័យ ហើយនឹងនាំពួកគេត្រឡប់មកផែនដីវិញ ប្រកបដោយសុវត្ថិភាព»។

គួរបញ្ជាក់ថា ដោយសារទំនាញ​ភពអង្គារខ្សោយ និងបរិយាកាសដ៏ស្តើង​បំផុតនោះ ទើប​ធ្វើឲ្យសារធាតុវិទ្យុសកម្ម​ដ៏មហាប្រល័យពីព្រះអាទិត្យ ត្របាញ់ចូលភពនេះយ៉ាងងាយ ដូច្នេះបើ​មនុស្សគ្មានខែលការពារខ្លួន​ប្រកបដោយប្រសិទ្ធភាពទេនោះ យើងនឹងស្លាប់​​ដោយសារ​រលក​វិទ្យុសកម្មទាំងនោះជាមិនខាន នៅលើដីក្រហមភពអង្គារ។ សម្រាប់ផែនដីវិញ គឺមាន​បរិយាកាសក្រាស់ និងមានដែនម៉ាញេទិចដ៏ខ្លាំងក្លា ដែលអាចរុញច្រាន​រលកវិទ្យុសកម្មនោះ ទៅកាន់ទីអវកាសវិញ​យ៉ាងងាយ ទើបគ្រប់គ្នាមិនបារម្ភពីរលកវិទ្យុសកម្ម​អ្វីឡើយ៕

ចែករំលែក