ក្រុម​អ្នកវិទ្យាសាស្ត្រ «ពន្យល់​ពី​បាតុភូត តារា​ណឺត្រុង​បុក​ទង្គិច​គ្នា និង​បង្កើត​ចេញ​ជា សារធាតុ​មានតម្លៃ​នានា នៅក្នុង​ចក្រ​វា​ឡ!»

0

(វ៉ាស៊ីនតោន)៖ ក្រុម​តារាវិទូ​ដែល​ឃ្លាំមើល​ការ​ទង្គិច​គ្នា​រវាង​ផ្កាយ​ប្រភេទ Neutron Star (ស្នូល​ផ្កាយ ឬ​តារា​ណឺត្រុងតូចៗ តែមាន​ទំងន់​ធ្ងន់) កាលពី​ប៉ុន្មាន​ខែ​មុន បាន​ឈានដល់​ការ​សន្និដ្ឋានថា បណ្តា​ធាតុធ្ងន់ៗបំផុត​នៅក្នុង​ចក្រ​វា​ឡ​របស់​យើង រួមមាន​ទាំង​លោហៈធាតុ​ដ៏​មានតម្លៃ ដូចជា​មាស និង​ប្រាក់ ព្រមទាំង​សារធាតុ​ដូចជា​អ៊ុយ​រ៉ា​ញ៉ូ​ម​នោះ ត្រូវបាន​បង្កើតឡើង​ក្នុងអំឡុងពេល នៃ​ការរួមបញ្ចូល​ក៏ដូចជា​ប៉ះទង្គិច​គ្នា​រវាង Neutron Star ដូច​ទៅនឹង​បាតុភូត​ដែល​ពួកគេ​បាន​អង្កេត​មើល​នាពេល​កន្លងមក។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​រុស្ស៊ី Sputnik នៅ​រសៀល​ថ្ងៃ​ពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧។

អ្នកវិទ្យាសាស្ត្រ តែងតែមាន​ការងឿងឆ្ងល់​ជា​យូរណាស់​មកហើយ​ថា តើ​ធាតុធ្ងន់ៗបំផុត​នៅក្នុង​ចក្រ​វា​ឡ បានមកពី​ទីណា។ ទ្រឹស្តី​នាំមុខគេ​នោះ​គឺថា ពួកវា​ត្រូវបាន​បង្កើតឡើង​ក្នុង​លក្ខខណ្ឌ​ដ៏​ពិសេស នៅ​អំឡុងពេល​ការ​ទង្គិច​បញ្ចូល​គ្នា​រវាង​ផ្កាយ Neutron Star ប៉ុន្តែ​ពុំ​ធ្លាប់មាន​ភស្តុតាង​ណាមួយ អាច​បញ្ជាក់​គាំទ្រ​ដល់​ទ្រឹស្តី​នេះឡើយ។

យ៉ាងណាមិញ ក្រុម​តារាវិទូ​នៃ​មន្ទីរពិសោធន៍ Lawrence Berkeley National Laboratory បាន​និយាយថា ការ​ទង្គិច​គ្នា​នៃ Neutron Star ដែល​ត្រូវបាន​ឃ្លាំមើល​នាពេលថ្មីៗនេះ គឺជា​ភស្តុតាង​យ៉ាង​ជាក់ច្បាស់ សម្រាប់​គាំទ្រ​ទ្រឹស្តី​នេះ។ Neutron Star ចំនួន០២ ដែលនីមួយៗមាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ប្រទេស​ដី​កោះ Malta ប៉ុណ្ណោះ តែ​ធ្ងន់​ជាង​ព្រះអាទិត្យ​ទ្វេ​ដងនោះ បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង កាលពី​ខែសីហា​កន្លងទៅ នៅក្នុង​ព្រឹត្តិការណ៍​មួយ ដែល​គេ​ឲ្យ​ឈ្មោះថា «Kilonova»។ នាពេលនោះ​ហើយ ដែល​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ចម្លើយ សម្រាប់​ការងឿងឆ្ងល់​របស់​ពួកគេ។

គួរ​បញ្ជាក់ថា ភ្លាមៗក្រោយពី​បាតុភូត «Big Bang» ដែល​បង្កើត​ចេញ​ជា​ចក្រ​វា​ឡ​នោះ មាន​វត្តមាន​ធាតុ​តែ​ចំនួន ០២ប៉ុណ្ណោះ​គឺ អ៊ីដ្រូសែន និង​អេ​ល្យ៉ូ​ម។ បន្ទាប់មក​នៅពេលដែល​ផ្កាយ​ចាប់កំណើត​ឡើង ហើយ​ចាប់ផ្តើម​ដំណើរការ Nuclear Fusion ពួកវា​ក៏​ចាប់ផ្តើម​បង្កើត​ចេញ​ជា​ធាតុថ្មីៗ និង​ធ្ងន់​ជាង​មុន ប៉ុន្តែ​ដំណើរការ​នេះ​ទទួលបន្ទុក​សម្រាប់តែ​ធាតុ ២៤ទៀត​ប៉ុណ្ណោះ នៅក្នុង​តារាង Periodic Table ដូចជា​កាបូន អុកស៊ីសែន និង​ដែក​ជាដើម។ ដូច្នេះហើយ ទើប​អ្នកវិទ្យាសាស្ត្រ​មាន​ចម្ងល់​ថា តើ​ធាតុ​ដែល​កើតចេញ​ដោយ​ធម្មជាតិដទៃៗទៀត បានមកពី​ណា​នោះ។

គួរ​ជម្រាប​បន្ថែមថា Neutron Star ដែល​ធ្លាប់ជា​ស្នូល​របស់​ផ្កាយធំៗមហិមា ដែល​បាន​ឆ្លងកាត់​បាតុភូត​ប​ន្ទុះ Supernova នោះ គឺជា​វត្ថុ​ដ៏​ក្រាស់​បំផុត​ពីរ នៅក្នុង​ចក្រ​វា​ឡ បន្ទាប់ពី​ប្រហោង​ខ្មៅ (Black Hole) បើតាម​អ្នកវិទ្យាសាស្ត្រ​បានដឹង៕

ចែករំលែក