NASA និង​រុស្ស៊ី «បញ្ជាក់បន្ថែម​ពី​ការសាងសង់​ស្ថានីយ៍​អវកាស គោចរ​ជុំវិញ​ព្រះ​ច័ន្ទ» ដែល​ដើរតួ​ជា​កំពង់ផែ​អវកាស!

0

(ម៉ូស្គូ)៖ កម្មវិធី Deep Space Gateway ជាមួយ​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA មាន​គោលដៅ​ដើម្បី​បង្កើត មូលដ្ឋាន​ក្បែរ​ឋាន​ព្រះ​ច័ន្ទ​មួយ នៅក្នុង​ចន្លោះ​ឆ្នាំ២០២៤ និង​ឆ្នាំ២០២។ នេះ​បើតាម​ការចេញផ្សាយ ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos ដកស្រង់​ដោយសារ​ព័ត៌មាន TASS នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧។


ប្រធាន​ទីភ្នាក់ងារ Roscosmos លោក អ៊ី​ហ្គ័​រ កា​ម៉ា​រ៉ូ​វ (Igor Kamarov) បាន​ថ្លែងថា កម្មវិធី​ខាងលើ​ត្រូវបាន​រចនា​ឡើង ដើម្បី​បង្កើត​មូលដ្ឋាន​ក្បែរ​ឋាន​ព្រះ​ច័ន្ទ​នៅ​ចន្លោះ​ឆ្នាំ២០២៤ និង​ឆ្នាំ២០២៦ ហើយ​យើង​បាន​ព្រមព្រៀង​ថា នឹងធ្វើ​ការរួម​គ្នា ដោយ​វា​គឺជា​ក្តី​ប្រាថ្នា​របស់ NASA និង Roscosmos។ ពួកយើង​ក៏​បើកចំហ​ស្វាគមន៍​ប្រទេសដទៃៗទៀត នៅក្នុង​គម្រោង​នេះ​ផងដែរ ហើយ​ពុំមែន​សម្រាប់តែ​អ្នក​ដែល​កំពុង​ចួ​ល​រួម នៅក្នុង​ស្ថានីយ៍​អវកាស​អន្តរជាតិ ISS នោះឡើយ។

លោក Kamarov បាន​បន្តថា ទីភ្នាក់ងារ​អវកាស Roscosmos បាន​មើលឃើញថា បណ្តា​ប្រជាជាតិ​នៅ​អាស៊ី និង​អាមេរិក​ឡាទីន កំពុង​តែមាន​ចំណាប់អារម្មណ៍​ខ្លាំង​ក្នុង​វិស័យ​អវកាស​នេះ តាមរយៈ​ការចូលរួម​ក្នុង​កម្មវិធី​សាកល្បង ក៏ដូចជា​ធ្វើតេស្តផ្សេងៗ ហើយ​លោក​សង្ឃឹមថា ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក នឹងចូលរួម​នៅក្នុង​គម្រោង Deep Space Gateway ថែមទៀត។

គួរ​បញ្ជាក់ថា កាលពី​ចុងខែ​កញ្ញា​កន្លងទៅ ទីភ្នាក់ងារ​អវកាស​អាមេរិក NASA និង​សម​ភាគី​រុស្ស៊ី Roscosmos បានចេញ​សេចក្តីប្រកាស ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការសាងសង់​ស្ថានីយ៍​អវកាស ដែល​ដើរតួនាទី​ប្រៀបដូចជា​កំពង់ផែ​មួយ នៅក្នុង​គន្លង​នៃ​ឋាន​ព្រះ​ច័ន្ទ៕

ចែករំលែក