តើត្រូវធ្វើដូចម្តេច? យានអវកាស Dawn មិនទម្លាក់ខ្លួនលើភពតូច Ceres ឡើយ ពេលបញ្ចប់បេសកកម្ម នាពេលខាងមុខ…

0

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារ​អវកាស NASA បានឲ្យដឹងថា ខ្លួនបានសម្រេច​បន្ថែមរយៈពេល​ប្រតិបត្តិការ​ជាលើកទី ០២ ឲ្យយាន​បេសកកម្ម Dawn ដែល​កំពុងសិក្សា​លើ Ceres ជាវត្ថុដ៏ធំជាងគេ​បង្អស់ ក្នុងខ្សែក្រវាត់អាចម៍ផ្កាយ នៅចន្លោះ​ភពអង្គារ (Mars) និង​ភព​​ព្រហស្បតិ៍ (Jupiter)។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។

បច្ចុប្បន្នក្រុម​ការងារនៃ​បេសកកម្ម Dawn កំពុងធ្វើការរៀបចំ​កែសម្រួលគម្រោង​របស់ខ្លួន សម្រាប់ដំណាក់កាល​បន្ទាប់ និងចុងក្រោយនេះ​។ ដោយសារតែ អ្នកវិទ្យាសាស្រ្ត​បានប្តេជ្ញា​ការពារ Ceres ដែលជាភព​មិនពេញ​លក្ខណៈ (Dawrf Planet) ពីការបំពុល​ដោយពពួកមីក្រុប​​មក​ពី​​ផែនដី យានអវកាស Dawn នឹងមិនចុះចត ឬមួយក៏ទម្លាក់​ខ្លួន​ទៅបុកនឹង Ceres ឡើយ​ដោយផ្ទុយ​ទៅវិញ វានឹងបន្តស្ថិត​នៅក្នុង​គន្លង​ថេរ​មួយ​​​ជា​​រៀង​រហូត បន្ទាប់ពីប្រេង​របស់វា ត្រូវបានប្រើប្រាស់​អស់។

យានអវកាស Dawn ត្រូវគេរំពឹងថា នឹងបន្តប្រតិបត្តិការ​រហូតដល់​ឆមាសទី០២ នៃឆ្នាំ២០១៨ ខណៈចាប់តាំង​តែពីត្រូវបានគេ​បាញ់បង្ហោះ​ ​កាលពី១០ឆ្នាំមុនមក យានអវកាស​របស់ NASA មួយនេះ បានធ្វើដំណើរក្រឡឹង​ជុំវិញវត្ថុអវកាសធំៗ​មហិមាចំនួនពីរ នៅក្នុងខ្សែក្រវាត់​អាចម៍ផ្កាយចន្លោះ Mars និង Jupiter គឺអាចម៍​ផ្កាយយក្ស Vesta និងភពមិនពេញ​លក្ខណៈ Ceres នេះឯង។

គួរបញ្ជាក់ថា Ceres ដែលមានមុខកាត់​ជាមធ្យមប្រវែង ៩៥០គីឡូម៉ែត្រ គឺជាវត្ថុដ៏ធំបំផុត នៅក្នុងខ្សែក្រវាត់​អាចម៍​ផ្កាយចន្លោះ Mars និង Jupiter ហើយ Vesta គឺជាវត្ថុដ៏ធំទី០២ នៅទីនោះ ជាមួយនិង​មុខកាត់ប្រវែង ៥២៥គីឡូម៉ែត្រ។ Ceres បានក្លាយជា​ចំណីអារម្មណ៍​ដ៏ចម្បង​មួយ របស់ក្រុមតារាវិទូ និងអ្នក​វិទ្យាសាស្រ្ត ដោយសារតែ​ពួកគេជឿ​ជាក់ថា ភពមិនពេញ​លក្ខណៈមួយនេះ ប្រហែលជា​ឃ្លាំងស្តុក​ទឹកដ៏ធំ​មួយ នៅតំបន់​ផ្នែកខាងក្នុង​នៃប្រព័ន្ធព្រះអាទិត្យ​ក្រៅពីផែនដី។ ប៉ុន្តែក្រុម​អ្នក​វិទ្យាសាស្រ្ត មិនទាន់ដឹងច្បាស់​នៅឡើយ​ទេថា តើទឹក​ក្នុង​កម្រិត​ប៉ុន្មាន​នៅលើ Ceres ដែលអាច​ជាទឹករាវ៕

ចែករំលែក