បែកធ្លាយអាថ៌កំបាំងធំមួយលើភពអង្គារ! «ក្រុមអ្នកវិទ្យាសាស្ត្រតក់ស្លុត នឹងមូលហេតុធ្វើឲ្យភពអង្គារ បាត់បង់បរិយាកាស»

0

 

(អាមេរិក)៖ ភពសុក្រ (Venus) និងភពផែនដី (Earth) ត្រូវបានគេ​ស្គាល់ថា គឺជា​ភព​ដែលមាន​បាតុភូតម៉្យាង​​ហៅថា Magnetotail ឬកន្ទុយ​ម៉ាញេទិច ក៏ប៉ុន្តែកន្ទុយ​មើលពុំឃើញ​នេះ ដែលទើបត្រូវ​បានគេ​រកឃើញ នៅលើ​ភពអង្គារ (Mars) នោះ គឺមាន​លក្ខណៈខុសស្រឡះ​ពីគេ ហើយក្រុមអ្នក​វិទ្យាសាស្រ្ត​ជឿជាក់ថា វាអាចមាន​ឥទ្ធិពលដ៏ចម្លែក​​លើភពក្រហម​នេះ។ នេះបើតាមការ​ដកស្រង់ការ​ផ្សាយ​ចេញពី សារព័ត៌មាន Daily Star នៅរសៀល​ថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧។

ទីភ្នាក់ងារអវកាស​អាមេរិក​បានឲ្យដឹងថា ពួកគេបាន​រកឃើញថា កន្ទុយម៉ាញេទិច​របស់​ភពព្រះអង្គារ គឺមានលក្ខណៈ​​ខុសប្លែកពីគេ នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ។ វាមិនដូចទៅ​នឹងកន្ទុយ​ម៉ាញេទិច​មាននៅ​ភពសុក្រ ជាភពដែលពុំ​មាន​ដែន​ម៉ាញេទិចផ្ទាល់ខ្លួន ឬក៏ដូចនឹង​ភពផែនដី ដែលហ៊ុមព័ទ្ធជុំវិញដោយ​ដែនម៉ាញេទិច បង្កើតឡើងដោយ​ខ្លួនឯង​នោះទេ​​​។ ផ្ទុយទៅវិញ វា​មានលក្ខណៈ​កូនកាត់ (Hybrid) រវាងកន្ទុយម៉ាញេ​ទិច​នៃភពទាំង ០២នេះ។

បើតាមក្រុមអ្នកជំនាញ បាតុភូតនេះ ប្រហែលជាបាន​ធ្វើឲ្យបរិយាកាស​មួយចំនួនរបស់ Mars ខ្ទាតចេញទៅកាន់​លំហ​អវកាស។ គួរបញ្ជាក់ថា យានអវកាស MAVEN របស់ NASA កំពុងតែធ្វើការ​សិក្សាស្រាវជ្រាវ​នៅជុំវិញភពអង្គារ ដើម្បីជួយអ្នក​​វិទ្យាសាស្រ្ត ស្វែងយល់បាន​កាន់តែច្បាស់ថា តើហេតុអ្វី​បានជាភព ដែល​គេ​ជឿ​ជាក់​ថា ​ធ្លាប់​មាន​លក្ខណៈ​ស្រដៀង​នឹង​​ផែនដី​​មួយ​នេះ បាត់បង់​បរិយាកាស និងធនធានទឹក​របស់វា៕

ចែករំលែក