បាតុភូតចម្លែក! ផ្កាយមួយដួង ស្រដៀងនឹងព្រះអាទិត្យយើង «បានលេបត្របាក់ភពចំនួន ១២ ម្តងមួយៗ»

0

(អាមេរិក)៖ តារាមួយដួង​ដ៏សែនឆ្ងាយ ដែលស្រដៀងទៅ​នឹងព្រះអាទិត្យ ប្រហែលជាបាន​លេបត្របាក់យកភព​របស់​​​វា​ផ្ទាល់ ដែលមានទំហំប៉ុនៗ​ផែនដី ដល់ទៅចំនួន ១២ភព ឬក៏ច្រើន​ជាងនេះ។ នេះបើតាមការ​ដកស្រង់ដោយ​វែបសាយ Space.com នៅរសៀលថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧។

ក្រុមអ្នកស្រាវជ្រាវ​បានដាក់ឈ្មោះ​ឲ្យផ្កាយខាងលើ​នេះថា «Kronos» ជាឈ្មោះរបស់​អាទិទេព​មួយអង្គ​ នៅក្នុងទេវកថា​​​ប្រទេសក្រិក ដែលលេបកូនៗ​របស់ខ្លួនឯង ដោយសារតែ​ភ័យខ្លាចថា ពួកគេនឹង​ដណ្តើមរាជ្យ។ តារា Kronos ជាកម្ម​សិទ្ធិ​របស់​ប្រព័ន្ធផ្កាយ Binary Star ឬក៏ Double-Star (មានផ្កាយ០២ដួង) មួយ ដែលស្ថិតនៅ​ចម្ងាយ ៣៥០ឆ្នាំពន្លឺពី​​ផែនដី។

គួរបញ្ជាក់ថា តាមរយៈការអង្កេត​មើលយ៉ាងហ្មត់ចត់ ក្រុមតារាវិទូ​បានរកឃើញថា Kronos មានបរិមានសារធាតុរ៉ែ​​ក្នុង​​កម្រិតដ៏ខ្ពស់​ខុសពី​ធម្មតា ដែលទំនងជា​មានន័យថា វាធ្លាប់បានលេប​ត្របាក់យក​ភពមានម៉ាស់​ប្រហាក់ប្រហែល​នឹងផែនដីយើង​ប្រហែលចំនួន ១៥ភព នៅក្នុងជីវិត​របស់វា។

ដោយឡែក​ផ្កាយទាំង០២ដួង ដែលមានឈ្មោះ​ផ្លូវការ HD 240430 និង HD 240429 អាចមានអាយុកាល​ប្រមាណ​ ០៤ពាន់លានឆ្នាំ ហើយពួកវាទំនង​ជាប្រភេទផ្កាយ​លឿង G-type ដែលស្រដៀង​ទៅនឹងព្រះអាទិត្យ តែមានវ័យក្មេង​ជាង។ ការសិក្សាបាន​បង្ហាញទៀតថា តារាទាំង ០២ វិលជុំវិញគ្នា​ជារៀងរាល់ ១០,០០០ឆ្នាំម្តង៕

ចែករំលែក