ចង់ដឹងអត់! តើរូបភាពផែនដីពីទីអវកាសដំបូងបំផុត ត្រូវបានថតនៅថ្ងៃ-ខែ-ឆ្នាំណា និងដោយនរណាគេ?

0

(អាល្លឺម៉ង់)៖ វិស័យអវកាសបានទទួលការចាប់អារម្មណ៍ខ្លាំង ទើបតែរយៈពេល​ប៉ុន្មានទសវត្សរ៍​ចុងក្រោយនេះប៉ុណ្ណោះ ប៉ុន្តែតាមការពិតទៅ ក្រុមតារាវិទូបានបង្កើត​របកគំហើញថ្មីៗ រាប់រយ​ឆ្នាំមកហើយ ជាពិសេសលោក ហ្គាលីឡេអូ ហ្គាលីឡេយ ជនជាតិអ៊ីតាលី ដែលបានរកឃើញ​ភពព្រហស្បតិ៍ និងព្រះច័ន្ទទាំង ០៤ របស់វា កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៦០០ ដូច្នោះឯង។

ងាកមកកាន់ផែនដីវិញ សម្រាប់ការបញ្ជូនឧបករណ៍ទៅថតរូបនៅទីអវកាស ក្នុងរយៈកម្ពស់​ទាប ទើបតែកើតមានឡើងក្នុងរយៈពេល ជាងកន្លះសតវត្សរ៍មកនេះ​ប៉ុណ្ណោះ ដោយក្នុងនោះ​រូបថត​ផែនដីពីទីអវកាស​ដំបូង ត្រូវបានថត​នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៦ បើគិតមកទល់នឹង​ពេលនេះ គឺមាន​រយៈពេល ៧១ឆ្នាំហើយ។

រូបភាពស-ខ្មៅព្រាលៗ ដែលនាំឲ្យយើង​អាចដឹងថា ជាពពក បរិយាកាសផែនដី និងផ្ទៃ​អវកាស​ពណ៌ខ្មៅនេះ ត្រូវបានថតក្នុង​រយៈកម្ពស់ ១០៥គីឡូម៉ែត្រ ពីផ្ទៃផែនដី​ដោយប្រើប្រាស់​កាមេរ៉ា​ភ្ជាប់នឹងគ្រាប់រ៉ុក្កែត German V2 ពីលើរដ្ឋ New Mexico សហរដ្ឋអាមេរិក ដែលមាន​រយៈពេលមួយឆ្នាំ ក្រោយបញ្ចប់សង្គ្រាមលោកលើក​ទីពីរ។

គួរបញ្ជាក់ថា នៅក្នុងគ្រាប់រ៉ុក្កែត​ខាងលើនេះ ជាប្រភេទដែលបំពាក់​គ្រឿងផ្ទុះ ប៉ុន្តែត្រូវ​បានក្រុម​ជំនាញដោះចេញ ហើយភ្ជាប់មកវិញ​នូវកាមេរ៉ាប្រភេទ 35mm motion-picture និងឧបករណ៍​វិទ្យាសាស្ត្រមួយ​ចំនួនទៀត ដោយមានការភ្ជាប់ទៅនឹងបាឡុងមួយ អាចទ្រកាមេរ៉ា និងវត្ថុ​ផ្សេងៗទៀត​ចុះមកវិញប្រកប​ដោយសុវត្ថិភាព និងមិនធ្លាប់​មានពីមុនមកឡើយ​នាសម័យនោះ៕

ចែករំលែក