អង្គការ NASA «ទម្លាយរូបភាពថ្មី នៃខ្សែក្រវាត់ភពសៅរ៍ និងព្រះច័ន្ទ Pandora» ដែលត្រូវបានថតដោយយាន…

0

(អាមេរិក)៖ ទោះបីយាន​អវកាស Cassini បានរលាយ​សាបសូន្យ កាលពី​ខែកញ្ញាក៏ដោយ ក៏រូបភាព​ជាច្រើន​ដែលវាបានថត​ នៅមិនទាន់បញ្ចេញអស់នៅ​ឡើយទេ ដោយថ្ងៃនេះអង្គការ NASA ទើបតែបានទម្លាយ​រូបភាពថ្មីៗបន្ថែមទៀត ជាពណ៌ស-ខ្មៅ ឲ្យឃើញពីខ្សែក្រវាត់ (កងដុំថ្ម-ធូលីព័ទ្ធជុំវិញភព) និងព្រះច័ន្ទមិន​ពេញលក្ខណៈ​មួយឈ្មោះ Pandora ប៉ុន្តែកុំច្រឡំ​ណា ព្រោះវាមិនមែន Pandora ក្នុងខ្សែ​ភាពយន្ត Avatar នោះទេ។ នេះបើតាម​ការដកស្រង់​ពីវែបសាយ News Week នារសៀល​ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧។

រូបភាពស-ខ្មៅនេះ​ជារឿងធម្មតា​ទៅហើយ សម្រាប់វិស័យ​អវកាស ព្រោះមិនដែល​មានយាន​ណា​អាចថត​ពណ៌ធម្មជាតិ ហើយផ្ញើមកកាន់​ផែនដីបាននោះឡើយ ក៏ព្រោះ​តែទំហំរូបភាព និង​សមត្ថភាព​​របស់​កាមេរ៉ា ហេតុដូច្នេះរាល់រូបភាពដែលត្រូវ​បានថតយកមក តម្រូវឲ្យក្រុម​ជំនាញ​ធ្វើការ​បំលែង​តាមកម្មវិធីកុំព្យូទ័រ ទៅជា​ពណ៌ធម្មជាតិ ប៉ុន្តែមានភាព​ប្រាកដនិយម​ខ្លាំង។ រូបភាពថ្មីនេះ គឺយើងឃើញ​មានខ្សែក្រវាត់​ភពសៅរ៍ដូចសព្វដង និងព្រះច័ន្ទ Pandora របស់​វា ដែលមាន​ទំហំ​ប្រហែល ៨០ម៉ែត្រ គុណនឹង ៦០ម៉ែត្រ កំពុងគោចរជុំវិញ​ដោយប្រើថេរ​វេលា ១៩ម៉ោង/ជុំ។

គួរបញ្ជាក់ថា រូបភាពនេះត្រូវ​បានថតដោយ​យាន Cassini កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ មុនមួយខែ​នៃការបំបែកខ្លួន​របស់យាន ទៅក្នុង​ផ្ទៃភពសៅរ៍។ ភពសៅរ៍ គឺត្រូវបាន​ចាត់ទុកជា​ភពដ៏ស្រសល់​ស្អាត និងវិសេសជាងគេ ដោយក្នុងនោះ​​ព្រះច័ន្ទធំៗចំនួន​ពីររបស់វា នឹងក្លាយ​ជា​សក្កដានុពលធំ សម្រាប់ការស្រាវជ្រាវ​​របស់ក្រុមអ្នក​វិទ្យាសាស្ត្រ នៅថ្ងៃអនាគត​ដូចជា ព្រះច័ន្ទ ទីតាន (Titan) ដែលមានទំហំ​ស្ទើរប៉ុនភពអង្គារ និងព្រះច័ន្ទ អាន់សែឡាដឺស (Enceladus) ដែលមានទឹក​សមុទ្រនៅក្នុងផ្ទៃ​ក្រោមទឹកកក​ជាដើម៕

ចែករំលែក