គួរឲ្យឆ្ងល់បំផុត! «អាចម៍ផ្កាយទំហំមុខកាត់ ៣០០គីឡូម៉ែត្រ បានបាត់ស្រមោលឈឹងតែម្តង» ក្រោយពីបានប្រទះឃើញ កាលពីឆ្នាំ១៩៩៥..

0

(អាមេរិក)៖ យោងតាម​របាយការណ៍មួយ​ ចេញផ្សាយនាពេលថ្មីៗ ស្តីពីវត្ថុអាថ៌កំបាំង​នៅក្នុ​ង​ចក្រវាឡ អាចម៍ផ្កាយដ៏​ធំ​មួយ​​ដុំឈ្មោះ 1995 SN55 ដែលត្រូវបាន​ក្រុមតារាវិទូប្រទះ​ឃើញ នៅរសាត់​អណ្តែត​​ក្នុង​លំហ​​អវ​កាស ​ជា​លើក​​ដំបូង​​កាល​ពី​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៥នោះ បានបាត់ស្រមោល​សូន្យឈឹងទៅវិញ​តែម្តង នៅក្នុងពេលតែប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​ការ​​រក​​​ឃើញ​វត្ត​មានរបស់​វា រហូតមកទល់​ពេលនេះ។ នេះបើតាមការដកស្រង់ការ​ផ្សាយ​ចេញ​ពី​សារ​ព័ត៌​មាន New Scientist នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៧។

ដោយផ្អែកលើកម្រិត​ពន្លឺរបស់វា គេដឹងថាវាមាន​ទំហំធំខ្លាំង គឺប្រហែលជា​មានមុខកាត់ ៣០០គីឡូម៉ែត្រ ដែលប្រការ​នេះ​ធ្វើឲ្យវត្ថុ 1995 SN55 ជាអាចម៍ផ្កាយ​ដ៏មហិមាមួយ ឬអាចធំជាង​គេបង្អស់ នៅក្នុងចំណោម​ប្រភេទវត្ថុ​​អវកាស ដែល​គេហៅថា «Centaur»។ Centaur គឺជាក្រុមដុំថ្ម​អវកាស ដែលមានគន្លង​ផ្លូវធ្វើដំណើរ នៅក្នុងតំបន់​អស្ថិរ​ភាព​​មួយ នៃប្រព័ន្ធ​ព្រះអាទិត្យ ជាទីដែលពួកវា​ត្រូវបានទាញទៅ​ទាញមក​ ដោយកម្លាំង​ទំនាញដ៏ខ្លាំងក្លា របស់ភព​ឧស្ម័ន​​យក្ស​ធំៗ​ (ព្រហស្បតិ៍ និងសៅរ៍)។

អ្នកវិទ្យាសាស្រ្តពិតជា​មិនដឹងព័ត៌មានអ្វីច្រើន​ថែមទៀត ពាក់ព័ន្ធនឹងដុំថ្មអវកាស​ដែលបាត់​ស្រមោល​នេះឡើយ បន្ទាប់ពីវាត្រូវ​បានប្រទះឃើញជា​លើកដំបូង ដោយតារាវិទូពីររូប​ឈ្មោះ Nichole Danzl និង Arianna Gleason តាម​រយៈកែវយឺត​នៅមន្ទីរឃ្លាំមើល​អវកាស Kitt Peak ក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក។ នេះប្រហែល​ជាដោយសារតែ​​ពួកគេ​រកវាលែងឃើញ​ទៀត នៅក្នុងរូបភាពតាមដាន​របស់ពួកគេ បន្ទាប់ពីដាច់​ខែតុលា ឆ្នាំ១៩៩៥ ហើយ​រហូត​មក​​ទល់​ពេល​​​នេះ ពុំដែលមាន​នរណាផ្សេង​ទៀត ប្រទះឃើញ 1995 SN55 ទៀតឡើយ។

បើតាមភាពហ្មត់ចត់​នៃតារាវិទ្យាសម័យ​ទំនើប រឿងនេះមើល​ទៅហាក់បីដូចជារឿង​គួរឲ្យភ្ញាក់ផ្អើល​មួយ ពីព្រោះថា​​​វត្ថុអវកាស ដែលអាចជាវត្ថុ​ដ៏ធំជាងគេ​បំផុតក្នុងចំណោម​ប្រភេទវា តែបែរជាយើង​មិនអាចរកវា​ឃើញ​ សា​ជា​ថ្មី​ម្តង​ទៀត​ទៅវិញ។ ធាតុពិតជាក់​ស្តែងនោះគឺថា វត្ថុនៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ​របស់យើង តែងតែបាត់ខ្លួន​​ជា​ញឹក​ញាប់​។

តួយ៉ាងកាលពីឆ្នាំ១៦១២ និងឆ្នាំ១៩៦១ តារាវិទូដ៏ល្បី​លោក Galileo បានប្រទះឃើញវ​ត្ថុម៉្យាង ដែលលោក​គិត​​ថា ​ជា​​តារា​មួយដួង តែវាមិនដូចការគិត​របស់លោកនោះ​ឡើយ ដោយវាគឺជា​ភពណិបទូន (Neptune) ដែល​ត្រូវ​បាន​រក​ឃើញ​​ជា​ផ្លូវ​ការ​​កាល​ពី​​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៨៤៦។ ក្រៅពីនេះ ផ្កាយដុះកន្ទុយ​ឈ្មោះ Comet 41P/Tuttle-Giacobini-Kresak ត្រូវ​បានរកឃើញ​កាលពីឆ្នាំ១៨៥៨ ហើយបាត់​ទៅវិញ ហើយរកឃើញម្តង​ទៀតនៅ​ឆ្នាំ១៩០៧ ហើយក៏បាត់​ទៅវិញ​ទៀត​ និងទើបត្រូវបាន​រកឃើញ ជាលើកចុងក្រោយ​នៅឆ្នាំ១៩៥១។

ដោយឡែក សម្រាប់ករណី 1995 SN55 វិញ យោងតាមអ្នក​ស្រាវជ្រាវ Alex Parker រឿងពីរយ៉ាង​អាចបានកើត​ឡើង​ចំពោះវា៖

ទី១៖ នៅក្នុងរូបភាពរបស់កែវយឺត​នៅមន្ទីរឃ្លាំមើល​អវកាស Kitt Peak ប្រហែលជា​មានការរំខានខ្លះៗ ដែល​វាបានបង្កឲ្យមានការយល់ច្រឡំពីការធ្វើដំណើររបស់វា ទើបធ្វើឲ្យក្រុម​អ្នកវិទ្យាសាស្រ្ត​ក្រោយៗទៀត តាម​រក​​​មើល​វានៅខុស​កន្លែង។

ទី២៖ ដុំថ្មអវកាស​ដ៏ធំនេះ តាមពិតប្រហែលជាគ្មាន​វត្តមានតែម្តង ដោយវត្ថុតូច​ជាងនេះ ទំនង​ជា​បានបញ្ចេញពន្លឺ​ឡើងខ្លាំងក្នុង​រយៈពេលខ្លី ដោយសារតែវា​កំពុងឆាបឆេះ ឬជិតរលាយ​សាបសូន្យ ឬ​មួយ​ក៏​វត្ថុ​តូច​ពីរ​​បានបុកទង្គិចគ្នា ដែលជះជា​ពន្លឺឡើង ហើយរឿងហេតុ​ទាំងអស់នេះ ក៏បានបញ្ឆោតឲ្យក្រុមអ្នក​វិទ្យាសាស្រ្ត តាម​ប្រមាញ់ខ្យល់ រហូតដល់​ទល់ពេល​នេះ៕​​

ចែករំលែក