ធ្លាប់មាន​ទេ! ក្រុម​តារាវិទូ​រកឃើញ «អាចម៍ផ្កាយ​មួយ​ដុំ មាន​ប្រភពពី​ប្រព័ន្ធ​ព្រះអាទិត្យ​ផ្សេង» ដែលមាន​ទំហំ…

0

(វ៉ាស៊ីនតោន)៖ ក្រុម​តារាវិទូ​ទើបតែ​បាន​ប្រទះឃើញ «អាចម៍ផ្កាយ​មួយ​ដុំ» មាន​ប្រភពដើម​មកពី​ទី​អវកាស​ខាងក្រៅ​ដ៏​សែនឆ្ងាយ ដែល​វា​គឺជា​ដុំថ្ម​អវកាស​ដំបូង​បំផុត ដែល​បានធ្វើ​ដំណើរ​មកពី​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង។ នេះ​បើតាម​ការចេញផ្សាយ​ដោយ វែបសាយ Scientific American នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៧។

របកគំហើញ​ដ៏​អស្ចារ្យ​នេះ បាន​ជំរុញ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រញាប់ប្រញាល់ បង្វែរ​តេ​ឡេ​ស្កូ​ប​របស់​ពួកគេ សំដៅ​ទៅរក​វត្ថុ​ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន​ដ៏​លឿន​មួយ​នេះភ្លាមៗ ដើម្បី​ព្យាយាម​សិក្សា​ស្វែងយល់​ពី​វា​ឲ្យ​បាន​ច្រើន តាម​ដែល​អាចធ្វើ​ទៅបាន មុន​ពេលដែល​អាចម៍ផ្កាយ​នេះ ហោះ​រសាត់​ចេញទៅ​បាត់​ពី​កន្ទុយភ្នែក​វិញ។

គួរ​បញ្ជាក់ថា វត្ថុ​អា​ថ៍កំ​បាំង​ខាងលើ​មាន​ទំហំ​តូច ពោលគឺ​មានមុខ​កាត់​មិន​ដល់​កន្លះ​គីឡូម៉ែត្រ​ឡើយ ហើយ​ទំនង​ជាមាន​ប្រភព​មកពី​បណ្តុំ​ផ្កាយ Lyra និង​ធ្វើដំណើរ​ក្នុង​ល្បឿន ៤០គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី។ វា​ត្រូវបាន​ប្រទះឃើញ​កាលពី​ថ្ងៃទី១៩ ខែតុលា​នេះ ដោយ​កែវ​យឺត Pan-STARRS 1 នៅ​រដ្ឋ​ហា​វ៉ៃ ស្របពេល​កំពុង​តាម​ស្វែងរក​ដុំថ្ម​អវកាស ដែលនៅក្បែរៗផែនដី។

ដោយឡែក អាចម៍ផ្កាយ​នេះ កំពុង​បន្តដំណើរ​ចាកចេញ​ទៅវិញ​ក្នុង​ល្បឿន​យ៉ាង​ល្បឿន សំដៅ​ទៅកាន់​បណ្តុំ​ផ្កាយ Pegasus ហើយ​វា​ប្រាកដជា​ទស្សនកិច្ច​ដ៏​កម្រ​បំផុត និង​មិនដឹងថា ថ្ងៃ​ណា​អាច​កើតមាន​រឿងរ៉ាវ​ដ៏​អស្ចារ្យ​នេះ ម្តងទៀត​នោះឡើយ៕

ចែករំលែក