អង្គការ NASA មិនដែលបានប្រកាសថា «ផែនដីនឹងងងឹត ១៥ថ្ងៃ នៅក្នុងខែវិច្ឆិកា» នោះឡើយ! ចុចអាន…

0

(អាមេរិក)៖ នេះពុំមែនជា​ឆ្នាំដំបូងឡើយ ដែលមានពាក្យ​ចចាមអារ៉ាម​លេចឡើងថា ទីភ្នាក់ងារអវកាស​អាមេរិក NASA ទទួលស្គាល់ថា ភពផែនដី​នឹងមានថ្ងៃដែលងងឹត​សូន្យឈឹងចំនួន ១៥ថ្ងៃ នៅពេល​ណាមួយ ដោយពាក្យចចាមអារ៉ាម​ចុងក្រោយបំផុត បានអះអាងថា ផែនដី នឹងទទួល​រងការងងឹត​​សូន្យសុងតែម្តង ក្នុងរយៈពេល ១៥ថ្ងៃនៅអំឡុងខែវិច្ឆិកា​ខាងមុខ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីវែបសាយ www.al.com នៅរសៀល​ថ្ងៃចន្ទ ទី៣០ ខែតុលា​ ឆ្នាំ២០១៧។

ពាក្យចចាមអារ៉ាម​នាឆ្នាំនេះ បានអះអាង​ដូច្នេះថា «អង្គការ NASA ទទួលស្គាល់ថា ផែនដីរបស់យើង នឹងទទួលការ​ងងឹតសូន្យឈឹងរយៈពេល ១៥ថ្ងៃ​​នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយរាប់ចាប់ពី​ថ្ងៃទី១៥ ដល់ថ្ងៃទី៣០។ បើតាមការឃ្លាំ​មើល​យ៉ាងដិតដល់ ក្រុមតារាវិទូ​មកពី NASA បានបញ្ជាក់ថា​បាតុភូតនេះ​នឹងចាប់ផ្តើម​នៅម៉ោង ៣៖០០នាទី ទាបភ្លឺថ្ងៃទី១៥ ខែវិច្ឆិកាហើយ​នឹងបន្តរហូតដល់​ម៉ោង ៤​៖៤៥នាទីល្ងាចថ្ងៃទី៣០ ខែដដែល។ បាតុភូត​ងងឹងសូន្យ​ឈឹងនេះ គឺបង្កឡើងដោយ​ព្រឹត្តិការណ៍​តារាសាស្រ្ត នៅចន្លោះ​ភពព្រហស្បតិ៍ (Jupiter) និង​ភពសុក្រ (Venus)»។

យ៉ាងណាមិញ រឿងនេះគ្រាន់ជា​រឿងកុហកបំផុសបំផុល​ប៉ុណ្ណោះ ហើយវាពុំមែន​ជាអ្វីដែលថ្មី​ថ្មោងឡើយ។ ពាក្យចចាមអារ៉ាម​នេះ ត្រូវបានគេ​ប្រទះ​​ឃើញ​ជាលើកដំបូង នៅលើវែបសាយ​ព័ត៌មានបោកប្រាស់​មួយចំនួន កាលពី​ឆ្នាំ២០១៥ ហើយក៏ត្រូវ​បានមនុស្សម្នា​នាំគ្នា ធ្វើការចែកចាយ​តៗ​​​គ្នា​ភ្លាម​ៗនៅ​លើប្រព័ន្ធ​បណ្តាញសង្គម។ ហើយវាក៏បាន​លេចឡើងម្តងទៀត​កាលពីឆ្នាំ២០១៦ មុននឹងផុសឡើង​ជាថ្មីកាលពីខែសីហា​កន្លងទៅ ក្រោយពី​​មាន​បាតុ​ភូត​សូរ្យគ្រាសដ៏កម្រនៅ​សហរដ្ឋអាមេរិក «The Great American Eclipse» ដែលបានជះស្រមោល​ព្រះច័ន្ទឆ្លងកាត់​ពីចុងម្ខាង​ ទៅចុង​ម្ខាង​ទៀត​​​នៃ​ទឹកដី​​អាមេរិក។

គួរបញ្ជាក់ថា រឿងបោកប្រាស់​ខាងលើនេះ ត្រូវបានវែបសាយ​ជំនាញ Snopes.com និងក្រុមអ្នក​វិទ្យាសាស្រ្ត ចេញមុខបកអាក្រាត​ជាច្រើនលើករួច​​ទៅ​ហើយ​ ក៏ប៉ុន្តែនៅតែមាន​អ្នកយកមកធ្វើការ​ផ្សព្វផ្សាយ ក៏ដូចជាចែក​ចាយបន្ត ក្នុងន័យចង់​បង្កភាពភ័ន្តច្រឡំ ហើយមនុស្សមួយ​ចំនួនក៏បានជឿ​​ថែមទៀត។ ម៉្យាងវិញទៀត អង្គការ NASA ក៏ពុំបានបញ្ជាក់​ទទួលស្គាល់ថា មានបាតុភូតងងឹង​សូន្យឈឹងរយៈពេល ០២សប្តាហ៍ នៅខែវិច្ឆិកា​ខាង​មុខនេះ ឬក៏នៅថ្ងៃអនាគត​ណាមួយ​ដែរ៕

ចែករំលែក