តើនរណាខ្លះ​ជឿជាក់ថា «អេលៀន ឬមនុស្សភពផ្សេង» មានពិតមែន? ចុចអានអត្ថបទនេះ រួចពិចារណា…

0

(បរទេស)៖ លោក Erich von Daniken គឺជាអ្នកស្រាវជ្រាវ​ជនជាតិស្វីសម្នាក់ និងជាអ្នកនិពន្ធ​ខ្សែភាពយន្តដ៏គួរចាប់អារម្មណ៍​មួយ មានចំណងជើងថា «Memories of the Future» រួមទាំងសៀវភៅល្បីៗ​ជាច្រើនក្បាល​ផ្សេងទៀត ដែលផ្សព្វផ្សាយ​ក៏ដូចជាលើកស្ទួយ​ទ្រឹស្តី Paleo-Contact និង Ancient Astronauts ជាទ្រឹស្តីដែលអះអាង​ថា កាលពីយូរលង់ណាស់​មកហើយ ពួកអេលៀន ឬជីវិតក្រៅ​ភពដ៏ឆ្លាតវ័យ ធ្លាប់បានធ្វើដំណើរមក​ដល់ភពផែនដី ហើយបាន​ជះ​ឥទ្ធិ​ពល​ដល់​​វប្បធម៌ បច្ចេកវិទ្យា និងសាសនា កាលពីសម័យ​បុរាណ​របស់មនុស្ស​លោកយើងទៀតផង។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃ​អង្គារ ទី៣១ ខែ​តុលា ឆ្នាំ២០១៧។

ថ្លែងក្នុងឱកាសផ្តល់​បទសម្ភាសន៍មួយជា​មួយសារព័ត៌មាន Sputnik លោក Daniken បានឲ្យ​ដឹងថា គោលគំនិតចម្បង​នៃទ្រឹស្តីរបស់លោកនោះ គឺមិន​ខុសពី​ប៉ុន្មានទសវត្សរ៍​មុនឡើយ ដោយកាលពី​រាប់ពាន់ឆ្នាំមុន ពួកអេលៀន ធ្លាប់បានមកធ្វើ​ទស្សនកិច្ចនៅ​ភពផែនដី។ នាពេលនោះ បុព្វ​បុរស​​របស់​យើង ដែល​កំពុងរស់​​នៅក្នុងយុគសម័យថ្ម ឬ Stone Age មិនអាចយល់​បានពីអ្វី​ដែលកើតឡើង ហើយក៏យល់​ច្រឡំថា «ពួកអេលៀន​ទាំងនោះ គឺ​ជា​ព្រះ​ជា​​​ម្ចាស់​។ ប៉ុន្តែព្រះ​ជាម្ចាស់ គឺមិនមាន​ពិតឡើយ ហើយបុព្វបុរស​យើង​មិនបានដឹងថា វាដូច្នោះទេ»។

លោក Daniken បានបន្តថា «នៅសម័យកាលបុរាណនោះ ពួកអេលៀន ដែលត្រូវបាន​មនុស្សយើងចាត់ទុក​ជាព្រះជា​ម្ចាស់នេះ បានដើរតួនាទី​ដូច​ទៅ​នឹង​អ្នកវិទ្យាសាស្រ្ត​សព្វថ្ងៃនេះ ដែលសិក្សា និងវិភាគទៅលើបុគ្គលិកលក្ខណៈ​របស់មនុស្សអ៊ីចឹង។ ពួកអេលៀន បានស្វែងយល់​អំពីកុលសម្ព័ន្ធ និង​​រៀនភាសា​​មួយ​ចំនួន ហើយធ្វើការផ្តល់​យោលបល់ ព្រមទាំង​ការណែនាំខ្លះៗ។ បន្ទាប់មក​ពួកគេក៏បាន​និយាយលា បុព្វបុរសរបស់យើង ដោយ​​សន្យា​ថា នឹងវិល​ត្រឡប់​មកវិញ​នាថ្ងៃណាមូយ។

ដោយឡែក ពាក្យសន្យា​របស់ពួកអេលៀន​ថា នឹងវិលត្រឡប់មកវិញនេះ បាន​រួម​បញ្ចូល​​ទៅ​ក្នុង​វប្បធម៌ និង​ជំនឿសាសនា​នីមួយៗ ដែលត្រូវបាន​បន្សល់ទុកមក​ ឲ្យពួកយើងទាំងអស់គ្នា ដល់បច្ចុប្បន្ន​នេះ។ យ៉ាងណាមិញ យើងមិន​ដឹងថា តើ​នៅ​ពេល​ណា​ ដែលពួកគេ​នឹងត្រឡប់​មកផែនដី​ម្តងទៀត​ឡើយ។ គ្មាននរណាម្នាក់​ដឹងរឿងនេះ​ច្បាស់នោះទេ ហើយប្រហែល​ជាពួកគេ កំពុង​ស្ថិត​ក្នុង​​ចំណោម​មនុស្ស​លោក​​យើងរួចស្រេច​ទៅហើយផង ក៏ថាបាន»។

ជាចុងក្រោយ នៅពេលចោទជា​សំណួរថា តើ​ពួកអេលៀន​គឺជាសត្រូវរបស់មនុស្សលោក​យើង ដែរ ឬយ៉ាងណានោះ? អ្នកស្រាវជ្រាវជនជាតិស្វីសរូប​នេះ បានឆ្លើយតបថា «អត់ទេ! ប្រសិនបើ​អេលៀន វិលត្រឡប់មកផែនដី​វិញមែនពួកគេច្បាស់​ជានឹងជួយយើង បោះជំហានទៅមុខ​បានកាន់តែឆ្ងាយ​​ខ្លាំង​ថែមទៀត។ ពួកយើងទាំងអស់​គ្នានា​ខណៈនេះ គឺជាសមិទ្ធផល​ដែលសម្រេច​បានពីដំណើរការ ប្រែប្រួលគួរ​ឲ្យកត់សម្គាល់​មួយ ក៏ប៉ុន្តែភព​របស់​យើង ពុំមែនជាប្រព័ន្ធ​ដែលនៅឯកោ​ដាច់តែឯងឡើយ ដោយការទស្សនកិច្ច​ពីមនុស្សក្រៅភព ពិតជាធ្លាប់បាន​កើតមានឡើង កាលពីអតីតកាល​ដ៏​សែនឆ្ងាយ»៕

ចែករំលែក