ក្រុុមអ្នកវិទ្យាសាស្ត្រ «រកឃើញលំហដ៏អាថ៌កំបាំងបំផុត នៅក្នុងប្រាសាទពីរ៉ាមីដ-អេហ្ស៊ីប» ដែលជាទីតាំងសម្រាប់…

0

 

(អេហ្ស៊ីប)៖ យោងតាម​ការប្រើប្រាស់​ឧបករណ៍​រាស់ស្ទង់​ដ៏ទំនើប នៃក្រុមអ្នកវិទ្យាសាស្ត្រ​​សម័យនេះ អាចនាំឲ្យគេ​ដឹងថា ទីលំហដ៏អាថ៌កំបាំង និងអស្ចារ្យមួយ ត្រូវបានរកឃើញនៅតាមជញ្ជាំង ក្នុងប្រាសាទពីរ៉ាមីដ Giza ដ៏ធំបំផុតនៅក្នុងប្រទេសអេហ្ស៊ីប និងជាអច្ឆរិយវត្ថុមួយក្នុងចំណោម ៧ របស់ពិភពលោក។ នេះបើតាមការចេញ​ផ្សាយដោយ វែបសាយ NPR ដែលត្រូវបាន​ដកស្រង់​នាថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

ព័ត៌មានខាងលើនេះ ក៏ត្រូវបានចេញផ្សាយ​ដោយ​ទស្សនាវត្តី Nature ផងដែរ ដោយវា​មានទីតាំង​ស្ថិតនៅក្នុង​វិហារ ដែលមានរាង​ជាបន្ទប់ ឬយើងអាច​ហៅថា «សាលដ៏ប្រណិត» ហើយទីលំហនេះ គឺមានជម្រៅប្រមាណ​ជាជិត ៥០ម៉ែត្រ។ លំហនោះគឺជាសំណង់​ដ៏មហិមា​មួយ ដែលស្ថិតនៅក្នុងផ្នូរ​របស់រាជវង្ស ដែលត្រូវបានកសាង​តាំងពីឆ្នាំ២៥០០ មុនគ.ស។ រហូតមកទល់​នឹងពេលនេះ ទោះបីជាមានការសិក្សា​រាប់សតវត្សរ៍មកហើយក៏ដោយ ក៏គ្មាននរណាមួយធ្លាប់ដឹងថា មានទីលំហស្ថិតនៅទីនោះ​ដែរ។

បើតាមការសន្និដ្ឋាន​មិនទាន់​ផ្លូវការ ពីអ្នកសិក្សា​ប្រវត្តិសាស្ត្រ​អេហ្ស៊ីប គឺលោក Peter Der Manuelian មកពីសាកល​វិទ្យាល័យ Harvard បានឲ្យដឹងថា «ទីលំហ ឬបន្ទប់​សម្ងាត់នេះ អាចជាកន្លែងសម្រាប់​តម្កល់សព​​របស់ស្តេច​ ឬក៏អាចផ្ទុករាជទ្រព្យ​​ ដែលយើងមិន​បានដឹង ដូច្នេះយើងត្រូវបន្តធ្វើការសិក្សា​ប្រវត្តិសាស្ត្រ​នេះ​បន្ថែម​ទៀត»។ បន្ថែមពីនេះ លំហនោះ​គឺជា​កន្លែង​បិទជិត ដែលពិតជា​រឿងអាថ៌កំបាំងដ៏ធំបំផុត ដែលជម្រុញ​ឲ្យអ្នក​វិទ្យាសាស្ត្រ​ និងប្រវត្តិវិទូ ត្រូវតែព្យាយាម​ស្វែងយល់​បន្ថែមទៀត។

គួរបញ្ជាក់ថា ប្រាសាទពីរ៉ាមីដ​ដំបូង​នៅក្នុងប្រទេស​អេហ្ស៊ីប ត្រូវបានកសាងឡើង​តាំងពីប្រមាណ ៦ពាន់ឆ្នាំមុន ហើយសម្រាប់​ប្រាសាទពីរ៉ាមីដ ដ៏ធំអស្ចារ្យ​នៅទីក្រុង Giza ដែលយើង​ហៅថា Great Pyramid នោះមាន​អាយុកាល​ជាង ៤,៥០០ឆ្នាំមកហើយ និងកំពុងលាក់​អាថ៌កំបាំងដ៏​ច្រើន​ឥតគណនា ដែលមនុស្សសម័យនេះ​កំពុងស្វែងយល់ ហើយចំណុចខ្លះ​វាពិតជាបង្កប់​អាថ៌កំបាំងតាមបែប​វិទ្យាសាស្ត្រ ដែលមិនងាយនឹង​ឲ្យនរណា បកស្រាយបានស្រួលៗ​នោះឡើយ៕

ចែករំលែក