តើក្នុងកាឡាក់ស៊ីយើង មានប្រហោងខ្មៅ «Black Holes» ចំនួនប៉ុន្មាន? តើពួកវាអាចគំរាមផែនដីយើងទេ…?

0

(បរទេស)៖ បងប្អូនជាច្រើនបានសួរ Cambo Space អំពីប្រហោងខ្មៅ «Black Holes» ដែលមានច្រើនចំណុច និងភាគច្រើនហាក់បង្ហាញការព្រួយបារម្ភផងដែរ ចំពោះឥទ្ធពិល​របស់វា។ ប៉ុន្តែសូមបងប្អូនទាំងអស់ជ្រាបជាដំបូងថា ប្រហោងខ្មៅពិតជាមានច្រើន ប៉ុន្តែស្ថិតនៅឆ្ងាយណាស់ រហូតដល់ទៅរាប់ពាន់ឆ្នាំពន្លឺពីផែនដីឡើងទៅ (១ឆ្នាំពន្លឺ = ៩.៤៦១ ពាន់ពាន់លានគីឡូម៉ែត្រ» ហេតុដូច្នេះ ទោះផែនដីត្រូវរលាយរាប់សិបដងទៀត ក៏ប្រហោងខ្មៅ​មិនទាន់ធ្វើដំណើរមកដល់ផង។

ងាកមកកាន់ចំណុច​សំខាន់បន្ថែមទៀត កាឡាក់ស៊ី​របស់យើង ត្រូវតែមាន​ផ្ទុកប្រហោងខ្មៅ​ប្រភេទ Stellar-Mass ប្រមាណជា ១០០លាន ដែល Black Holes ទាំងនោះ​កើតចេញពី​ការរលំរលាយ នៃ​របស់ផ្កាយដ៏ធំៗ​មហិមា ដែលជាទូទៅមាន​ម៉ាស់ធំជាងព្រះអាទិត្យ ចន្លោះពី ០៥ដង រហូតដល់រាប់សិបដង និងលានដងផងដែរ។

ម៉្យាងវិញទៀត​ប្រហោង​ខ្មៅទាំងនេះ ភាគច្រើន​គឺយើងពុំអាច​មើលឃើញ​នោះឡើយ ដោយមានតែ​ប៉ុន្មានកន្លែង​ប៉ុណ្ណោះ ដែលអ្នក​វិទ្យាសាស្រ្ត បានប្រទះ​​ឃើញ​មក​ទល់នឹងពេល​នេះ។ ប្រហោងខ្មៅដែល​នៅកៀកជាង​គេបំផុត គឺស្ថិតនៅចម្ងាយ​ប្រហែល ១,៦០០ឆ្នាំពន្លឺ ពីភពផែនដី។

នៅក្នុងដែន​ចក្រវាឡដែលឥតមានដែនកំណត់ ​ពួកយើងអាចមើលឃើញ មានវត្តមានកាឡាក់​ស៊ី​ប្រមាណ​ជិត ១០០ពាន់លាន​កាឡាក់ស៊ី។ សរុបមក កាឡាក់ស៊ី​របស់យើង គឺជាជម្រករបស់​ផ្កាយ​ប្រមាណ ១០០ពាន់លានដួង និងប្រហោងខ្មៅ ១០០លានកន្លែង។ សម្រាប់ប្រហោងខ្មៅ​ធំជាងគេ​ស្ថិតនៅ «ចំកណ្តាល​នៃកាឡាក់ស៊ី មៀលគីវេយ៍ នេះតែម្តង» ដែលមានទំហំធំជាង​ព្រះអាទិត្យយើង ៤.១លានដង និងមានចម្ងាយ ២៦,០០០ឆ្នាំពន្លឺពីផែនដី៕

ចែករំលែក