មិនដឹងធ្លាក់ចំទីណាទេ…! យានអវកាសចិន «ដែលខូចខាត» នឹងធ្លាក់ចុះមកផែនដី នៅអំឡុង ៤ខែខាងមុខនេះ មានទម្ងន់…

0

 

(ឡុងដ៍)៖ ពេលវេលាជាក់លាក់បន្ថែម ត្រូវបានកំណត់មកហើយ ដោយស្ថានីយ៍​​អវកាសចិន Tiagong-1 កំពុងតែចល័ត​​សំដៅចុះមកកាន់​​ភពផែនដី ក្នុងលក្ខណៈមួយ ​ដែលមិនអាច​គ្រប់គ្រង​​​បាន​ឡើយ ហើយទោះបីជា​ផ្នែក​ភាគច្រើន​របស់វានឹង​ត្រូវឆេះ​រលាយអស់ នៅពេលឈានចូល​ដល់​បរិយាកាសផែនដី​ក៏ដោយ បំណែកធំៗ​ជាមួយ​ទម្ងន់​​រហូតដល់ ១០០គីឡូក្រាម អាចនឹងនៅតែត្រូវ​ធ្លាក់​មកលើផ្ទៃ​ផែនដី នៅចន្លោះខែមករា និងខែមីនា ឆ្នាំ២០១៨ ខាងមុខ។ នេះបើតាម​​ការចេញ​ផ្សាយ​ដោយសារព័ត៌មាន Daily Mail នៅ​ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។

បន្ទាប់ពីត្រូវបាន​បាញ់​បង្ហោះទៅកាន់​​ទីអវកាស កាលពី​ឆ្នាំ២០១១ ក្រុមមន្រ្តី​រដ្ឋាភិបាលចិន​បានសម្រេច​​បោះចង់ចោល​​​កម្មវិធី Tiagong-1 នេះ​ចោលវិញ នៅឆ្នាំ២០១៦ ដោយសារតែ​​ការបរាជ័យ​​ផ្នែកមេកានិច​ របស់ស្ថានីយ៍​អវកាស​នេះ។ ដោយឡែក ក្រុមទីភ្នាក់​អវកាសអឺរ៉ុប ESA បានបញ្ជាក់ថា ស្ថានីយ៍ Tiagong-1 នឹងវិលធ្លាក់​​ត្រឡប់​មករកផែនដី​​វិញ ប៉ុន្តែ​វាអាចនឹងបង្កជាហានិភ័យ​ដល់ទីក្រុង និងបណ្ដាប្រទេស​មួយចំនួនដូចជា អារ៉ាប៊ីសាអូឌីត អេស្ប៉ាញ អ៊ីតាលី តួកគី ឥណ្ឌា និងតំបន់ខ្លះរបស់​សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ហេតុការណ៍នេះ​​ត្រូវគេរំពឹងថា នឹងមិនបង្កឲ្យមានមនុស្ស​រងគ្រោះធ្ងន់ធ្ងរ​ឡើយ ហើយគេក៏មិនទាន់​អាចដឹងពីទីតាំង ដែល​បំណែក​នៃស្ថានីយ៍​អវកាសនេះ នឹងធ្លាក់មកលើ​ផែនដីដែរ ដោយសារតែ​ផ្ទៃ​នៃភពរបស់​យើង ត្រូវបាន​គ្រប​​ដណ្តប់​​ប្រមាណ ៧១ភាគ​រយ​ ដោយ​មហាសមុទ្រនោះ បំណែករបស់ Tiagong-1 នឹងធ្លាក់ចំផ្ទៃទឹក​​ជាជាងផ្ទៃដី។ ចំណែកឯ ESA ក៏បានអះអាងដែរថា ខ្លួននឹងរៀបចំយុទ្ធនាការ​អន្តរជាតិ ឃ្លាំមើលការត្រឡប់មកផែនដីវិញនៃ Tiagong-1 នៅដើមឆ្នាំ២០១៨។

ទោះបីធ្លាប់មាន​បទ​ពិសោធន៍ក្នុងរឿង​ដដែលនេះ ពីសំណាក់ភ្នាក់ងារ​​អវកាសអាមេរិក និងរុស្ស៊ី កាលពីអំឡុង​​ទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ ក៏ដោយ ប៉ុន្តែលើកនេះ​បំណែកយាន​ដែលធ្លាក់មក គឺមានទម្ងន់​រហូតដល់ទៅ ១០០គីឡូក្រាម ប្រសិនបើវា​ធ្លាក់មក​ដល់ផ្ទៃផែនដី ហើយអ្នកជំនាញខ្លះក៏បានព្រមាន​ផងដែរថា យើងមិនត្រូវគិតថា វានឹងធ្លាក់ក្នុងមហាសមុទ្រ​ដូចពេលមុនៗ​នោះឡើយ ព្រោះលទ្ធភាព​ដែលវាអាចបង្កគ្រោះថ្នាក់ ក៏នៅតែ​មានដែរ៕

ចែករំលែក